FIFA
កីឡាជាតិ
ជាតិ
ចាញ់អ៊ីរ៉ង់ ១៤-០ ដែលជាកំណត់ត្រាបរាជ័យដ៏ធំបំផុតរបស់ជម្រើសជាតិកម្ពុជា ស្ត្រីអ៊ីរ៉ង់ចូលគាំទ្រជម្រើសជាតិរបស់ខ្លួន។ រូបថត FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យដ៏ធ្ងន់ធ្ងរក្នុងលទ្ធផល ១៤-០ ក្នុងការប្រកួតជម្រុះ World Cup ជុំទីពីរ ពូល C ដោយសារម្ចាស់ផ្ទះអ៊ីរ៉ង់ នៅកីឡដ្ឋាន Azadi ក្រុងតេហេរ៉ង់ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា នេះ។ អ៊ីរ៉ង់ដែលជាក្រុមលេខ១អាស៊ី រកបាន៧គ្រាប់នៅតង់ទីមួយ ហើយបន្ថែមបាន៧គ្រាប់ទៀតនៅតង់ទីពីរ។
Karim Ansarifard រកបាន៤គ្រាប់, Sardar Azmoun សម្រេចបាន៣គ្រាប់, Mehdi Taremi និង Mohammad Mohebi ជួយបានម្នាក់២គ្រាប់ រីឯ Ahmad Nourollahi, Hossein Kanaanizadegan និង Mehrdad Mohammadi រួមចំណែកបានម្នាក់១គ្រាប់។
កម្ពុជាបាត់បង់ឱកាសមាសទម្លាយសំណាញ់អ៊ីរ៉ង់នៅដើមតង់ទីពីរ បន្ទាប់ពីអ្នកចាំទី Alireza Beiranvand ធ្វើឲ្យ កែវ សុខផេង ដួលនៅតំបន់គ្រោះថ្នាក់។ សុខផេង ផ្ទាល់ជាអ្នកទាត់ប៉េណាល់ទី ប៉ុន្តែ Alireza Beiranvand ដែលជាអ្នកចាំទីឆ្នើម៤ឆ្នាំជាប់គ្នានៅលីគកំពូលអ៊ីរ៉ង់ និងជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៩ នៅអ៊ីរ៉ង់ សង្គ្រោះបាល់បានយ៉ាងល្អ។
អ្នកចាំទីវ័យ២៧ឆ្នាំរូបនេះ ក៏ធ្លាប់រារាំងបាល់ប៉េណាល់ទីរបស់ Cristiano Ronaldo នាជំនួបស្មើ ១-១ រវាងអ៊ីរ៉ង់ និងព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ផងដែរ។
នេះជាលទ្ធផលបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់កម្ពុជា ខណៈលទ្ធផលកន្លងមក គឺកើតឡើងនៅឆ្នាំ១៩៩៥ ដែលនៅពេលនោះ កម្ពុជា បានចាញ់ឥណ្ឌូណេស៊ី ១០-០ នាព្រឹត្តិការណ៍ស៊ីហ្គេម ខេត្តឈៀងម៉ៃ ប្រទេសថៃ។
កែវ សុខសីលា (អ្នកចាំទី), សេត រ៉ស៊ីប (ប៊ិន ធារី ៦៩), សារ៉េត គ្រីយ៉ា, សឿយ វិសាល (ប្រធានក្រុម), ប្រាក់ មុនីឧត្តម (សៀង ចន្ធា ៥៧), អ៊ន ចាន់ប៉ូលីន, គួច សុគម្ភៈ, សុះ ស៊ូហាណា, អ៊ុក សុវណ្ណ, កែវ សុខផេង, ឆេង ម៉េង (កែន ច័ន្ទសុភ័ក្រ ៦៩)៕
© រក្សាសិទ្ធិដោយ thmeythmey.com