ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
កម្ពុជាពឹងផ្អែកខ្លាំងការវិនិយោគ និងទេសចរចិន ខណៈសេដ្ឋកិច្ចចិននឹងបន្តថយចុះ
× ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ ត្រូវបានព្យាករណ៍ថានៅតែមានភាពរឹងមាំដដែលពោលគឺ៧ភាគរយ ទោះបីថយចុះខ្លះបើធៀបនឹងឆ្នាំមុនដែលឡើងដល់ ៧,៥ភាគរយ។ តែទន្ទឹមនឹងនេះ សេដ្ឋកិច្ចរបស់ប្រទេសដែលមានកំណើនខ្លាំងមួយនេះ ក៏អាចប្រឈមនឹងបញ្ហាមួយចំនួន ដែលអាចទាញទៅរកភាពទ្រោមចុះផងដែរ។ នេះបើតាមរបាយការណ៍ថ្មីមួយក្រោមចំណងជើងថា«ពុះពារក្រោមគំនរហានិភ័យ» ដែលចេញផ្សាយនៅថ្ងៃទី១០ខែតុលានេះ។
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងថយល្បឿនបន្តិចក្នុងរយៈពេលខ្លី និងមធ្យម ព្រោះការនាំចេញស្រុតចុះបន្តិច ទន្ទឹមគ្នានឹងការធ្លាក់ចុះនៃតម្រូវការលើសកលលោក ហើយការវិនិយោគក៏ថយល្បឿនដែរស្របពេលដែលមិនសូវមានមូលធនហូរចូលដោយសារកំណើនសេដ្ឋកិច្ចរបស់ចិននឹងថយចុះផងនោះ។ នេះបើតាមរបាយការណ៍ខាងលើ។
ជាក់ស្ដែងការនាំចេញផលិតផលកាត់ដេរដែលមានកំណើន១៧,៧ភាគរយនៅឆ្នាំ២០១៨ បានចុះមកត្រឹម១៥,៣នៅត្រឹមខែមិថុនាឆ្នាំនេះ។ តែជាមួយគ្នានេះ ផ្នែកសំណង់នៅតែមានសកម្មភាពមមាញឹកដដែល ខណៈការនាំចូលដែកថែបកើនដល់ ៦៣,៥ភាគរយ ពី២៧,៧ភាគរយក្នុងឆ្នាំ២០១៨។ តម្លៃគម្រោងវិនិយោគថ្មីដែលត្រូវបានអនុម័តរួច មានសន្ទុះកើន ក្នុងអំឡុង៦ដើមឆ្នាំ២០១៩។
លទ្ធផលព្យាករណ៍ខាងលើនេះ មិនរ៉ាប់បញ្ចូលបញ្ហាអំពីលទ្ធភាពដកការអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធរបស់សហភាពអឺរ៉ុប(EBA) នោះទេ ព្រោះការដកនេះស្ថិតក្នុងភាពមិនច្បាស់នៅឡើយ។
ទោះយ៉ាងណា របាយការណ៍ធនាគារពិភពលោក បានលើកឡើងដូច្នេះថា៖«ប្រសិនមានការដកEBA មែន បូករួមនឹងការធ្លាក់ចុះគំហុកនៃសេដ្ឋកិច្ចចិន (ដែលបណ្ដាលពីអូសបន្លាយភាពតានតឹងពាណិជ្ជកម្មរវាងចិននិងអាមេរិក) អាចធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ទ្រោមចុះខ្លាំង នៅពេលដែលសេដ្ឋកិច្ចមួយនេះកំពុងពឹងផ្អែកកាន់តែខ្លាំងទៅលើការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងទៅលើការហូរចូលទុនវិនិយោគផ្ទាល់ និងភ្ញៀវទេសចរណ៍ពីប្រទេសចិន»។ នេះជាអ្វីដែល World Bank ប្រាប់ឲ្យកម្ពុជាយកចិត្តទុកដាក់ខ្លាំង ព្រោះបើតាមតួលេខថ្មីៗនេះ ដែលធនាគារនេះលើកឡើងផងដែរនោះ គឺវិនិយោគចិន និងទេសចរចិនមកកម្ពុជា កាន់ចំណែកជិត៤០ភាគរយរៀងគ្នា។
អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោក លោក លី សូដេត មានប្រសាសន៍ដូច្នេះថា៖«យើងមិនទាន់ឃើញការធ្លាក់ចុះនៅឡើយចំពោះលំហូរទេសចរចិនមកកម្ពុជា ហើយតួលេខទេសចរចិនឆមាសទី១ក៏បន្តកើនឡើងដែរ ប៉ុន្តែយើងបានកត់សម្គាល់ការថមថយការវិនិយោគផ្ទាល់(ពីចិន)។ តែជាមួយគ្នានេះយើងមើលឃើញថាសំណង់នៅតែផុសផុល ប៉ុន្តែវិស័យមួយចំនួនទៀតមានលំហូរវិនិយោគតិចជាងមុន»។
ជាមួយគ្នានេះដែរ ទំហំសំពៀតឥណទានរបស់វិស័យធនាគារសព្វថ្ងៃ ពិសេសឥណទានដែលចាក់បញ្ចូលក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក៏អាចបង្កហានិភ័យមួយផងដែរ។ លោក លី សូដេត អះអាងដូច្នេះថា«ទំហំឥណទានធៀបនឹងGDP គឺរីកធំលឿនណាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សំពៀតឥណទានសព្វថ្ងៃនេះមានជាង១០០ភាគរយនៃGDP ដែលជាទំហំធំណាស់ ទាមទារត្រូវតាមដាន និងគ្រប់គ្រងហានិភ័យនៃការបញ្ចេញឥណទានទាំងនេះ»។ លោកលើកឡើងអំពីវិស័យអចលនទ្រព្យដូចនេះទៀតថា៖«ហានិភ័យមួយដែលយើងលើកឡើងនៅទីនេះ គឺការហក់ឡើងខ្លាំងនៃវិស័យសំណង់ ដោយវិស័យនេះតែងតែមានវដ្ដរបស់វា ដែលយើងមិនរំពឹងថាវានឹងហក់ឡើងជារៀងរហូតនោះទេ»។
ធនាគារពិភពលោកនៅតែបន្តជំរុញឲ្យកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យដែលអាចកើតឡើង និងត្រូវមានវិធានការទប់ទល់។ របាយការណ៍ខាងលើនេះក៏បន្តឲ្យកម្ពុជាពង្រឹងសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការសម្រួលនីតិវិធីធ្វើអាជីវកម្ម បន្ថយថ្លៃដើមផលិត និងលើកកម្ពស់ជំនាញធនធានមនុស្សជាដើម៕
Tag:
កំណើនសេដ្ឋកិច្ច
ចិន
វិនិយោគចិន
ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com