ប្រយ័ត្ន​! ចូលចិត្ត​ញាំស្ករ ឬ​អាហារ​ផ្អែម បញ្ហា​សុខភាព​ទាំងនេះ​នឹងរ​ត់រក​មិន​ខាន​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ចូលចិត្ត​ញាំស្ករ ឬ​អាហារ​ផ្អែម បញ្ហា​សុខភាព​ទាំងនេះ​នឹងរ​ត់រក​មិន​ខាន​
11, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ការទទួល​ទាន​ផ្អែម ឬ​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​អាច​បង្កបញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។​
ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​អាហារ ក៏ដូចជា​ភេសជ្ជៈ​ផ្អែម​។ ប៉ុន្តែ​ថា​តើ​ស្ករ​អាច​បង្កបញ្ហា​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​បញ្ហា​សុខភាព​ដែល​អាច​នឹង​កើតឡើង​ដោយសារ​ការទទួល​ទាន​ជាតិ​ស្ករ​ច្រើន ៖



១. ជំងឺ​បេះដូង​

​ការទទួល​ទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ច្រើន​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​បេះដូង​គួរអោយ​ព្រួយបារម្ភ​ដែរ​។ វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា​ការ​រលាក គឺជា​អ្វីមួយ​ដែល​អាច​បង្ក​ជំងឺ​បេះដូង ហើយ​ជាតិ​ស្ករ​ជា​មូលហេតុ​បង្កើន​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​។​

២. ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​

​ក្រៅពី​សុខភាព​បេះដូង​និង​ខួរក្បាល ការ​រលាក​ក៏​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរអោយ​ព្រួយបារម្ភ​ផងដែរ​។ ហើយ​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​នោះ​រាងកាយ​នឹង​ឆាប់​ឆ្លង​ជំងឺ​ផ្សេងៗ​ដែល​បង្ក​មកពី​បាក់តេរី និង​វីរុស​ជាក់​ជាមិនខាន​។​

៣. ឆាប់​អស់កម្លាំង​

​ពិតណាស់​ស្ករ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាឡូរី​ដែល​អាច​ផ្ដល់អោយ​រាងកាយ​នូវ​ថាមពល​ភ្លាមៗ ប៉ុន្តែ​ក៏​ឆាប់​អស់​ទៅវិញ​ផងដែរ​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​។

៤. ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២

​ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៅក្នុង​ឈាម គឺជា​កត្តា​ចម្បង​ដែល​បង្ក​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ហើយ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ច្រើន គឺជា​មូលហេតុ​ទូទៅ​បំផុត​មួយ​ដែល​បង្កបញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​

៥. មហារីក​

​បញ្ហា​ដ៏​គួរអោយ​ព្រួយបារម្ភ​ខ្លាំង​មួយទៀត​នៃ​ការ​រលាក​ក្នុង​រាងកាយ​ដែល​បណ្ដាលមកពី​ការទទួល​ទាន​អាហារ​ផ្អែម ឬ​ជាតិ​ស្ករ​ច្រើន គឺ​ហានិភ័យ​នៃ​ជំងឺមហារីក​។ នេះ​មានន័យថា ការទទួល​ទាន​អាហារ​ផ្អែម​ច្រើនពេក​យូរ​ទៅនឹង​បណ្ដាលអោយ​អ្នក​ប្រឈមមុខ​នឹង​ជំងឺមហារីក​នៅ​ថ្ងៃ​ណាមួយ​។ ជាតិ​ផ្អែម​នឹង​បង្កើន​ទម្ងន់ ហើយ​កោសិកា​ខ្លាញ់​ហួសប្រមាណ​ក្នុង​រាងកាយ​នាំអោយមាន​ការបញ្ចេញ​អ័រម៉ូន​បង្ក​ជំងឺមហារីក​។​

៦. អារម្មណ៍​ឆាប់​ប្រែប្រួល

​ការឡើង​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ផងដែរ​។ លើសពីនេះទៅទៀត​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ហើយ​នេះ​ជា​អ្វីមួយ​ដែលនាំអោយ​កើតមាន​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​។ ហើយ​អារម្មណ៍​អាច​ត្រូវ​ទទួលរង​ឥទ្ធិពល​ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​គ្មាន​តុល្យភាព​។​

៧. ឈឺសន្លាក់ ឫ​ឈឺ​សាច់ដុំ​

​នោះ​ក៏​ព្រោះតែ​ការទទួល​ទាន​ស្ករ ឬ​ជាតិ​ផ្អែម​ច្រើន​ហួស​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​។ បរិមាណ​ជាតិ​ស្ករ​ខ្ពស់​ក្នុង​រាងកាយ​ធ្វើឱ្យ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​លាក់​ការបញ្ជូន​ដំណឹង​អំពី​ការ​រលាក​ទៅក្នុង​ឈាម​ដែល​ព្យាយាម​បំបែក​ប្រូតេអ៊ីន​ជាប់​នឹង​ម៉ូលេគុល​គ្លុយកូស ឬ glycation end-products​។​នៅពេល​អ្នក​ទទួលទាន​ជាតិ​ស្ករ​កាន់តែច្រើន​ប៉ុណ្ណា glycation end-products លេចឡើង​ប៉ុន​នោះដែរ ហើយ​ការ​រលាក​ត្រូវបាន​បញ្ជូនទៅ​ដើម្បី​បំបែក​វដ្ត​នៃ​ដំណើរការ​នេះ​។ ជា​លទ្ធផល​ចុងក្រោយ​អ្នក​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ជាច្រើន​ដូចជា​ជំងឺ​រលាក​សន្លាក់ ភ្នែក​ឡើងបាយ ជំងឺ​បេះដូង ការចងចាំ​ចុះខ្សោយ ឬ​ស្បែក​ជ្រីវជ្រួញ​។​

៨. ឧស្សាហ៍​ឡើង​មុន​លើ​ស្បែក​

​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​អាច​បណ្ដាលអោយ​កម្រិត​នៃ​អាំង​ស៊ុយ​លីន​កើនឡើង​និង​ចាប់ផ្ដើម​ដំណើរការ​នៃ glycation ឬ​ការភ្ជាប់​ជាត​ស្ករ​ទៅនឹង​ម៉ូលេគុល​ប្រូតេអ៊ីន​។ ភ្លាមៗ​នៅពេល​គ្លុយកូស​ចូលក្នុង​ឈាម​វា​នឹង​បង្កើត​ដំណើរការ​ស្មុគស្មាញ​ជា​បន្តបន្ទាប់​ក្នុង​រាងកាយ​ដែល​បង្ក​ការ​រលាក​និង​បញ្ហា​ស្បែក​ផ្សេងៗ រួមទាំង​រោគ​មុន​។ លើសពីនេះទៅទៀត​អាំង​ស៊ុយ​លីន​បង្កើន​ភាព​សកម្ម​នៃ​ក្រពេញ​ខ្លាញ់​ទាំងអស់​ក្នុង​ស្បែក ព្រមទាំង​ដំណើរការ​នៃ​ការ​រលាក​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com