ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សៅ សុខា រម្លឹក​ឲ្យ​ត្រៀមកម្លាំង ខណៈ​គម្រោង​មក​ខ្មែរ​របស់​អ្នកប្រឆាំង កាត់​តែ​ជិត​មកដល់
11, Oct 2019 , 11:12 am        
រូបភាព
លោក សៅ សុខា ថ្លែងក្នុងពិធីបិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និង បាញ់គ្រាប់​ពិតរថពាសដែកជំនាន់ទី២ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)
លោក សៅ សុខា ថ្លែងក្នុងពិធីបិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និង បាញ់គ្រាប់​ពិតរថពាសដែកជំនាន់ទី២ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដាស់តឿន​កង​រាជ​អាវុធ​ហត្ថសាជាថ្មី ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ផែនការ​វិលត្រឡប់​រប​ស់លោក សម រង្ស៊ី ក្នុង​គោលបំណង​ធ្វើ​រដ្ឋប្រហារ​។ លោក ក្រើនរម្លឹក​កងកម្លាំង​របស់ខ្លួន​ពី​បញ្ហា​នេះ នៅក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​បើកបរ​រថពាសដែក ប្រើប្រាស់​គ្រឿង​បំពាក់​សព្វាវុធ និង បាញ់​គ្រាប់​ពិត​រថពាសដែក​ជំនា​ន់ទី​២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩​។​



​គេហទំព័រ​ក្រសួងការពារជាតិ បាន​សរសេរ​ពីស​ម្តី​របស់​មេកង​រាជ​អា​វុ​ហត្ថ​រូបនេះ ដូច្នេះ​ថា​៖«​ចំពោះ​ប្រទេសជាតិ យើង​ត្រូវតែ​ការពារ ចំពោះ​ប្រជាជន​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព និង​បទល្មើស​ត្រូវតែ​បង្ក្រាប​»​។ ក្រសួងការពារជាតិ បន្តថា​៖«....​ឯកឧត្តម រំលឹក​ឡើងវិញ​នូវ​ការលើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​នូវ​រាល់​ឧបាយកល​បំបែកបំបាក់ បំផ្លិចបំផ្លាញ ត្រៀមកម្លាំង និង​មធ្យោបាយ ដើម្បី​អនុវត្ត​ដីកា​របស់​តុលាការ​ចំពោះ​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក ក្នុងករណី​ដែល​ពួកគេ​ជាន់​ទឹកដី​កម្ពុជា និង​អនុវត្ត​ម៉ឺងម៉ាត់​បទបញ្ជា​របស់​ស​ម្តេច​តេ​ជោ ចំពោះមុខ​នោះ​គឺ​បទបញ្ជា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​»​។

​មិនមែន​តែ​កងរាជអាវុធហត្ថ​ទេ ស្ថាប័ន​កងកម្លាំង​ដទៃ រួមមាន យោធា​និង​នគរបាល ក៏​ប្រកាស​ត្រៀមកម្លាំង​ដើម្បី​ចាប់​លោក សម រង្ស៊ី និង​បក្សពួក​ដែរ បើ​ពួកគេ​ពិតជា​មកដល់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​ការគ្រោងទុក​មែន​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោក សម រង្ស៊ី  មិន​ត្រឹមតែ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ តែ​ថែមទាំង​មានបំណង​ប្តូរ​របបរាជានិយម​ផងដែរ​។

​លោក សម រង្ស៊ី អះអាងថា ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក មិនមែន​ដើម្បី​ធ្វើ​រដ្ឋប្រហារ​ឡើយ តែ​ដើម្បី​បំផុស​ប្រជាពលរដ្ឋ ឲ្យ​ងើប​តស៊ូ​ជាមួយ​លោក ក្នុងការ​ទាមទារ​សិទ្ធិសេរីភាព និង​ផ្តាស់​ប្តូរ​មេដឹកនាំ ដែល​លោក ហៅថា​ជា​អំណាច​ប្រជាពលរដ្ឋ​។ យ៉ាងណា លោក និង បក្សពួក​មួយចំនួន ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​ឧបឃាត​រួចទៅហើយ ដែល​សំដៅថា ពួកលោក មានបំណង​ធ្វើ​រដ្ឋប្រហារ​។ បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ​។

​ទន្ទឹមនេះ សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង ដែល​កំពុង​រស់នៅក្នុង​ស្រុក បាន​រង​ការចោទប្រកាន់​ជា​បន្តបន្ទាប់​ពីបទ​រួមគំនិត​ក្បត់ជាតិ​។ តុលាការ ចោទ​ពួកគេ​ថា បាន​ត្រៀមខ្លួន​ចាំ​ទទួល​លោក សម រង្ស៊ី និង គាំទ្រ​ចលនា​ធ្វើ​រដ្ឋប្រហារ​។ ក្នុងចំណោម​នោះ មាន​អ្នកខ្លះ ត្រូវ​ឃុំខ្លួន និង អ្នកខ្លះ ត្រូវ​គេចខ្លួន​។ ប៉ុន្តែ​មាន​សកម្មជន​ខាង​ប្រឆាំង​ម្នាក់​-​ពីរ​នាក់​ហើយ ត្រូវបាន​ដោះលែង​និង​លើកលែង​ការចោទប្រកាន់ ដោយ​ពួកគេ ស្ម័គ្រចិត្ត​ចេញមក​សារភាព​កំហុស​៕



Tag:
 សៅ សុខា​
  សម រង្ស៊ី
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com