អន្តរជាតិ
កូរ៉េខាងត្បូង ពិចារណាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ
× កងទ័ពជើងទឹកកូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែតុលា កំពុងពិចារណាលើរឿងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ គម្រោងនេះ ពិតជាផ្លាស់ប្ដូរតុល្យភាពអំណាចរវាងអាស៊ីខាងកើត ជាពិសេស បង្កឲ្យមានការភ្ញាក់ផ្អើល និងការបារម្ភពីប្រទេសជិតខាងកូរ៉េខាងត្បូងយ៉ាងខ្លាំង។
បន្ទាប់ពីសង្គ្រាមនៅឧបទ្វីបកូរ៉េ ទីក្រុងសេអ៊ូលគឺជាប្រទេសតែមួយគត់ ដែលត្រូវបានហ៊ុមព័ន្ធដោយប្រទេសនុយក្លេអ៊ែរដូចជា ចិន រុស្សី និងកូរ៉េខាងជើង។ ម្យ៉ាងវិញទៀត ការសាកល្បងមីស៊ីលប៉ាលីស្ទិកបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ រឹតតែធ្វើឲ្យសន្តិសុខកូរ៉េខាងត្បូងរងការគំរាមកំហែង ទោះជាបច្ចុប្បន្នកូរ៉េខាងត្បូងស្ថិតការក្រោមការការពាររបស់អាមេរិក្ដី។ នេះអាចជាមូលហេតុកូរ៉េខាងត្បូងត្រូវតែមាននាវាមុជទឹកទំនើប និងខ្លាំង។
តាមរយៈរបាយការណ៍មួយច្បាប់ដាក់ទៅសភា កងទ័ពជើងទឹកកូរ៉េខាងត្បូងបានអះអាងថា ខ្លួនបានបង្កើតក្រុមការងារមួយដែលដឹកនាំដោយថ្នាក់មេបញ្ជាការ ដើម្បីពិនិត្យមើលអំពីលទ្ធភាពក្នុងការទិញនាវាមុជទឹកក្នុងរយៈពេលយូរអង្វែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានYonhap។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ វាគឺជាលើកដំបូងហើយរបស់កូរ៉េខាងត្បូង ដែលបានប្រកាសជាសាធារណៈ លើការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ ព្រោះក្នុងរយៈពេលកន្លងមកនេះ ទីក្រុងសេអ៊ូល មិននិយាយអ្វីទាល់តែសោះទាក់ទងនឹងនាវាមុជទឹកនៅក្នុងសៀវភៅសការពារជាតិរបស់ខ្លួន។ កងទ័ពជើងទឹកកូរ៉េខាងត្បូងបន្តថា រឿងនាវាមុជទឹក ជាបញ្ហាចម្បងមួយ ដើម្បីកំណត់គោលនយោបាយជាតិមួយយកទៅពិភាក្សាក្នុងកិច្ចពិគ្រោះយោបល់ជាមួយក្រសួងការពារជាតិ និងនាយសេនាធិការយោធា។
នាវាមុជទឹកដើរដោយថាមពលនុយក្លេរអ៊ែរ អាចប្រតិបត្តិនៅក្រោមទឹកបានយូរ និងល្អប្រសើរជាងនាវាធម្មតា។ ជាពិសេសនាវាមុជទឹកប្រភេទនេះ អាចស្វែងរក និងកម្ទេចនាវាមុជទឹកបំពាក់ជាមួយមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងបាន។ នេះជាការបញ្ជាក់របស់ប្រមុខកងទ័ពជើងទឹកកូរ៉េខាងត្បូង Sim Seung-seob ។
ក្នុងសៀវភៅសការពារជាតិរបស់កូរ៉េខាងត្បូងដែលបានបញ្ចេញក្នុងខែមករា ឆ្នាំ២០១៨ កូរ៉េខាងត្បូងមាននាវាមុជទឹកតែ១០គ្រឿងប៉ុណ្ណោះដើរដោយចំហេះប្រេង ខណៈពេលកូរ៉េខាងជើងមានរហូតដល់ ៧០ឯណោះ។ បើធៀបរឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសមហាអំណាចវិញ អាមេរិកមាន ១៤គ្រឿង រុស្ស៊ី ១៣គ្រឿង និងចិន មានត្រឹមតែ ៤គ្រឿងប៉ុណ្ណោះ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com