FIFA
កីឡាជាតិ
ជាតិ
១៤-០! អ្នកគាំទ្រ​ជាច្រើន​ដឹង​ច្បាស់​ថា អ៊ីរ៉ង់​ខ្លាំង និង​យល់​ពី​កម្រិត​លេង​របស់​កម្ពុជា​
11, Oct 2019 , 2:43 pm        
រូបភាព
កីឡាករជម្រើស១១នាក់ដំបូង ក្នុងជំនួបតទល់ជាមួយអ៊ីរ៉ង់, រូបភាពពី FFC
កីឡាករជម្រើស១១នាក់ដំបូង ក្នុងជំនួបតទល់ជាមួយអ៊ីរ៉ង់, រូបភាពពី FFC
ដោយ:
​ក្រោយ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង​អ៊ីរ៉ង់ ១៤-០ នា​វគ្គ​ជម្រុះ World Cup នៅ​យប់​ថ្ងៃទី​១០ តុលា ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ទាំង​ការលើកទឹកចិត្ត ផ្តល់​គំនិត​យោបល់ និង​រិះគន់​ពី​អ្នកគាំទ្រ​។ មាន​អ្នកគាំទ្រ​មួយចំនួន បានចាត់ទុក​បរាជ័យ​នេះ ថា​ជា​បទពិសោធ​មួយ​ដ៏​ល្អ និង​ជា​ការវាស់ស្ទង់​ពី​កម្រិត​សមត្ថភាព​កីឡាករ​កម្ពុជា​ថា​បាន​ដើរ​ដល់​ចំណុច​ណា​។ ប៉ុន្តែ​មាន​អ្នកខ្លះ បាន​ឆ្លៀត​យក​លទ្ធផល​នេះ ធ្វើជា​បន្ទុក​ស្តីបន្ទោស​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​។​



​យើង​សង្កេតឃើញថា ទោះបី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រកួត​ចាញ់​អ៊ីរ៉ង់ ដែលជា​ក្រុម​លំដាប់​លេខ​១​នៅ​អាស៊ី​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ តែ​ភាគច្រើន​អ្នកគាំទ្រ​កម្ពុជា​បានបង្ហាញ​ការអាណិតអាសូរ លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​ពួកគេ​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​។ អ្នកគាំទ្រ​ទាំងនោះ សរសើរ​លើ​ការខិតខំ​ប្រឹងប្រែង និង​ការបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​មិន​ភ័យខ្លាច ទោះ​ពួកគេ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​មាន​សមត្ថភាព​ខ្លាំង និង​បាន​របូត​គ្រាប់​បាល់​យ៉ាងច្រើន​ក៏ដោយ​។

​មិន​ត្រឹមតែ​មិន​ស្តីបន្ទោស​នោះទេ អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​បាន​ផ្ញើ​សារ​លើកទឹកចិត្ត និង​អរគុណ​ដល់​អ្នកចាត់កា​រទូ​ទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda និង​គ្រូបង្វឹក Felix Dalmas ទោះបី​លទ្ធផល​ក្រោម​ការដឹកនាំ​របស់​ពួកគេ ជា​កំណត់ត្រា​អាក្រក់​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។



​យើង​សូម​ដកស្រង់​ការបញ្ចេញ​មតិយោបល់​មួយចំនួន​នៅលើ​អត្ថបទ​ដែល​បាន​ចែករំលែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សារព័ត៌មាន ThmeyThmey​។​

​លោក សុ​ថាច អ្នកគាំទ្រ​ម្នាក់​ក្នុងចំណោម​អ្នកគាំទ្រ​ជាច្រើន ដែល​ផ្តល់​មតិ​វិជ្ជមាន​ដល់​ក្រុម​កីឡាករ​ជម្រើសជាតិ​បាន​លើកឡើងថា​៖«​កីឡាករ​កម្ពុជា​លេង​បា​ល្អ​ហើយ​សុំ​សរសើរ ព្រោះ​ពួកគាត់​យក​ទឹកចិត្ត និង​បេះដូង ការ​ខំប្រឹង​ក្នុងការ​ប្រកួត ហើយ​សូម​អរគុណ​អ្នកដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា​»​។ 

​មិន​ខុសគ្នា​ពី​លោក សុ​ថាច នោះទេ សម្រាប់​លោក រិទ្ធី កំណត់ត្រា​មិន​សំខាន់​នោះទេ អ្វីដែល​សំខាន់​គឺ​ការដឹង​ពី​កម្រិត​សមត្ថភាព​ខ្លួនឯង​។ លោក​បាន​និយាយថា​៖«​កំណត់ត្រា​មាន​មិន​សំខាន់ អ្វីដែល​សំខាន់ គឺ​យើង​ដឹង​អំពី​សមត្ថភាព​របស់​យើង លេង​បាន​ប៉ុណ្ណឹង​គឺ​ចាត់ទុកថា​ធ្វើបាន​ល្អ​ហើយ​សម្រាប់​ជម្រើសជាតិ​យើង​»​។ 

«​ប្រទេស​ខ្ញុំ ជម្រើសជាតិ​ខ្ញុំ លេង​បានល្អ ទោះជា​ចាញ់​ក៍​ជា​បទពិសោធ ហើយ​មិន​អស់សង្ឃឹម គាំទ្រៗ​ៗ​ៗ​ៗ​ៗ​ៗ​ៗ​!»​។ នេះ​ការរៀបរាប់​របស់លោក ទី​។ ចំណែក​លោក សៀម ជំរុញ​ឲ្យ​កីឡាករ​កុំ​បាក់​ទឹកចិត្ត ព្រោះ​ការ​ចាញ់ឈ្នះ​វា​ជា​រឿង​ធម្មតា​ក្នុង​វិស័យ​កីឡា​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​កុំ​បាក់​ទឹកចិត្ត នៅមាន​ឱកាស​លើក​ក្រោយ​ទៀត​។ កីឡា​គឺ​អ៊ីចឹង​ឯង ការប្រកួត​តែងមាន​ចាញ់​មាន​ឈ្នះ​អញ្ចឹង​ហើយ​»​។

​សម្រាប់​លោក ពៅ ការបរាជ័យ គឺជា​បទពិសោធ​ឆ្ពោះទៅរក​ភាពជោគជ័យ ហើយ​វា​ជា​រឿង ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ចងចាំ​។ លោក​បាន​និយាយថា​៖«​បរាជ័យ​ជា​បទពិសោធ ជាការ​ចងចាំ ហើយ​ទទួលស្គាល់ថា យើង​ធ្វើបាន​ប៉ុណ្ណឹង កុំ​តូចចិត្ត​អី គ្រាន់តែ​ដឹងថា​សមត្ថភាព​នៅមានកម្រិត រឿង​អ្វីៗ​កុំ​មាន​អំនួត​ពេក យើង​ខ្លាំង​គេ​ក៏​ខ្លាំង​ដែរ យើង​ទើប​ដើរ​បាន​ប៉ុណ្ណឹង កុំ​គិតថា​យើង​ដើរ​បាន​មុនគេ​អី ខ្លាច​ចាញ់​ក្លាយជា​ម៉ាស់​ទៅ​ថ្ងៃក្រោយ​»​។​


​ចំណែក​លោក វីរៈ បាន​និយាយ​បែប​កំប្លែង​ថា កុំ​តែមាន​ជំនួប​ក្រុម​ជម្រើសជាតិ​កម្ពុជា ម្ល៉ោះ​ស្ត្រី​អ៊ីរ៉ង់​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទស្សនា​ការប្រកួត​បាល់ទាត់​បុរស​នោះឡើយ​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ចាញ់​មែន​តែ​មិន​អស់សង្ឃឹម ហើយ​កីឡាករ​កុំ​បាក់​ទឹកចិត្ត​អី តែ​យើង​ត្រូវ​អបអរ​វិញ បាន​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទៅ​ប្រកួត​កុំ​អី​ស្ត្រី​អ៊ីរ៉ង់ ក៏​គ្មាន​ឱកាស​បាន​មើល​បាល់​ដោះ​របាំង​ការពារ​មុខ​ដែរ​»​។​

​ទន្ទឹមនឹង​ការសរសើរ​និង​លើក​ចិត្ត ក៏មាន​អ្នកគាំទ្រ​មួយចំនួន​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​លទ្ធផល​នេះដែរ ដោយ​ពួកគេ​ជឿថា ការខ្វះ​ការយកចិត្តទុកដាក់​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​រាជរដ្ឋាភិបាល គឺជា​មូលហេតុ ដែល​នាំ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​មិនសូវមាន​ការរីកចម្រើន​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា ស្រី​ល័​ក្ខ បាន​រៀបរាប់​ដូច្នេះ​ថា​៖«១៤-០ នឹង​ល្មម​ឲ្យ​សហព័ន្ធ​ត្រូវ​ចេះ​គិត​ហើយ ខ្លាំង​ក្នុងចំណោម​អ្នកខ្សោយ​វា​មានន័យ​អ្វី​ទៅ បើ​ចង់​ខ្លាំងៗ​យ៉ាងម៉េច​នឹង​កើត បើ​យើង​ខ្វះ​ធនធាន ខ្វះ​ឆន្ទៈ ខ្វះ​ការយកចិត្តទុកដាក់ កីឡាករ​ជម្រើសជាតិ​កម្ពុជា​ប្រកប​របរ​បោក​ខោអាវ រត់​កង់​បី ឲ្យ​ដើរ​ទាន់​គេ​អី​នឹង​កើត​។ ខ្ញុំ​អរគុណ​លោកគ្រូ​ហុងដា ដែល​ជួយ​កម្ពុជា​អស់ពី​ចិត្តថ្លើម យើង​មិន​បន្ទោស​អ្នក​ទេ តែ​ខ្ញុំ​សុំ​រិះគន់​រដ្ឋាភិបាល​និង​សហព័ន្ធ​»​។

​ចំណែក​លោក សំ​ម៉ាលី ហាក់​ធុញទ្រាន់​នឹង​ពាក្យ​ចាញ់​គឺជា​បទពិសោធ ហើយ​លោក​សង្ឃឹមថា កីឡាករ​នឹង​យល់​ពី​តួនាទី​របស់ខ្លួន​ក្នុងនាម​កីឡាករ​លេង​តំណាង​ឲ្យ​ជាតិ​។ «​ចាញ់​លើក​ណា​ក៏​បទពិសោធ​ន៏​រហូត ច្រើនដង​ពេក​ហើយ សង្ឃឹមថា ចេះ​យល់​ស្ថាន​ការ​ណ៏ ជម្រើសជាតិ មិនមែន​ក្លិប កីឡាករ​ខ្លះ​លេង​ចង់​ល្បី បើតាម​មើល​អត់​សាមគ្គី​គ្នា រិះគន់​ខ្លះ​ដើម្បី​ស្ថាបនា រវល់​គាំទ្រ​ពេក​មិន​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​»​។ នេះ​ជាការ​លើកឡើង​របស់លោក សំ​ម៉ាលី​។ 

«​ខ្ញុំ​ថា​ក្រោម​ដប់​គ្រាប់​។ តែ​យើង​ឃើញ​ហើយ​ថា​ចាញ់​គេ​លើស​ដប់​គ្រាប់ តែ​សូមកុំ​ដាក់​ជា​ប្រវត្តិ​សស្ត្រ​អាក្រក់​សម្រាប់​គ្រូបង្វឹក ឬ​លោក​ដឹកនាំ​ក្រុម Honda និង Felix កិត្តិយស​ពួកគាត់​មក​ជាប់​កម្ពុជា គឺ​ភាព​អស្ចារ្យ​រក​គ្មាន​លើ​លោក​។ ក្រោយ​ឆ្នាំ​១៩៧៩ បាន​លទ្ធផល​ល្អ​យ៉ាងនេះ​លើ​ទម្រង់​លេង និង​លេង​ដើម្បី​ជាតិ មិន​យកតែ​ខ្សែ​ដាក់​ទៅនោះ គឺ​ពូកែ​ហើយ​។ នេះហើយ​ជា​សមត្ថភាព​ពិត​របស់​ក្រុម​ជម្រើសជាតិ​យើង​។ កីឡាករ​គឺមាន​វិន័យ​ណាស់ ខំ​ណាស់ ហាត់​ណាស់ ហើយក៏​គ្មាន​ជំងឺ​តួឯក​ដែរ​។ ខុស​ម៉ោង​ដេក​មិន​លក់ ស៊ី​មិន​ចូល មិន​ស៊ាំ អាកាសធាតុ​»​។ នេះ​ជាការ​រៀបរាប់​របស់​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា កូនប្រុស​។​



​ដោយឡែក​លោក សុវណ្ណ​ដា បាន​លើក​ជា​ទ្រឹស្តី​យ៉ាង​វែង​អន្លាយ​ថា​៖«​គ្មាន​ការឈឺចាប់ គ្មាន​ការ​ទទួលផល​! គេ​ខ្លាំង​ជា​រឿង​របស់គេ រីឯ​យើង​មិនចាំបាច់​នៅ​រង់ចាំ​ជួប​គេ​ខ្លាំង ឬ​គេ​ខ្សោយ​ទេ ប៉ុន្តែ​យើង​ត្រូវតែ​ខ្លាំង​តាំងពី​យូរ​មកហើយ ទើប​ពេលនេះ​ភ្លឺភ្នែក មិនត្រូវ​ចាត់ទុកជា​បទពិសោធន៍​ទេ ព្រោះ​ជាមាន​មេរៀន​អតីតកាល​ច្រើនណាស់​ហើយ រាប់មិនអស់​ទេ​ប្រវត្តិ​ចាញ់ និង​ជូរចត់​។ យើង​មិនបាន​សាង​កំហុស​ទេ​ក្នុង​ការប្រកួត តែ​យើង​នៅ​ខ្សោយ ខ្សោយ​ត្រង់​ថា ភ្លេច​ប្រវត្តិ​ដែល​ធ្លាប់​ចាញ់ ចាញ់​ដោយសារ​អ្វី ទម្លាប់​លេង​បែបណា​ដែល​នាំ​ឲ្យ​ចាញ់ បាល់​មូល​អ្នកណា​ក៏​ដឹង​ដែរ តែ​បច្ចេកទេស និង​ឆន្ទ​:​ប្រឹងប្រែង និង​កត្តា​ខាងក្រៅ​មួយចំនួនទៀត​ដែល​អ្នកខ្លាំង​គេ​កំពុងមាន យើង​មិនមាន​ដូច​គេ​»​។ 

​លោក​បាន​បន្ថែមទៀតថា​៖«​ចាញ់​គ្មាន​កំហុស​ទេ ប៉ុន្តែ​កំហុស គឺ​ទម្លាប់​ធ្វើ​រឿង​ដែល​ត្រូវ​ចាញ់​។ ទឹកចិត្ត ឆន្ទ​: បច្ចេកទេស​គ្រប់​ឥរិយាបថ​ក្នុង​ទីលាន ល្បឿន ត្រូវ​ធ្វើជា​ទម្លាប់​។ អ្នកឈ្នះ​នៅតែ​បន្ត​ឈ្នះ ព្រោះ​គេ​មិន​ដាក់​ធុ​រ​:​ចុះ អ្នកចាញ់​នឹង​បន្ត​ចាញ់​ព្រោះ​បាក់​ទឹកចិត្ត បោះបង់​ឆន្ទ​: និង​ការព្យាយាម និង​មិនដឹង​ពី​របៀប​ឈ្នះ​។ គ្មានអ្វី​ចម្លែក​ទេ ដែល​អ្នកខ្សោយ​ចាញ់​អ្នកខ្លាំង តែបើ​អ្នក​ប្រយុទ្ធ​អ្នក​ត្រូវ​តាំងចិត្ត​មិន​បន្ធូរបន្ថយ​លើ​សមរភូមិ​។ គ្រប់​ជំហាន​ត្រូវ​ប្រុងប្រយ័ត្ន និង​ព្យាយាម គ្រប់​ជំហាន​សុទ្ធតែ​ថាមពល​បច្ចេកទេស នោះ​ជោគជ័យ​ខិត​មកកាន់​តែ​ជិត​អ្នក​មិន​ខាន​»៕


Tag:
 បាល់ទាត់​
  World Cup
  ក្រុម​ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com