ជាតិ
កម្ពុជា​បន្ត​ទទួលរង​កម្រិត​សម្ពាធ​ទាប ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ក្នុង​រង្វង់​ពាក់កណ្ដាល​ខែតុលា​នេះ​
12, Oct 2019 , 7:59 am        
រូបភាព
រូបពីក្រសួងធនធានទឹក និងឧតុនិយម
រូបពីក្រសួងធនធានទឹក និងឧតុនិយម
​ដោយ​៖ ផាត ដា​ណេ

​ភ្នំពេញ​៖ កម្រិត​សម្ពាធ​ទាប​នៅតែ​បន្ត​គ្របដណ្ដប់់​លើ​កម្ពុជា ជាមួយនិង​ខ្យល់​បក់​ពី​សមុទ្រ​ចិន​ភាគខាងត្បូង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ស្ដីពី​ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្ដាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​គិត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែតុលា​។



​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ថ្ងៃទី​១២-១៥ តំបន់​ទំនាប​កណ្ដាល​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​ហើយ​នៅ​ថ្ងៃទី​១៦-១៨ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ដោយ​ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ច្រើន​ដោយ​អន្លើ​។ ចំណែកឯ​តំបន់​ខ្ពង់រាប​នឹង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ខណៈ​តំបន់​មាត់សមុទ្រ​អាចមាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​ផងដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រាប់​ឲ្យ​សាធារណៈជន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​ប្រជាជន​ដែល​នៅតាម​បណ្ដា​ខេត្ត​តំបន់​វាលទំនាប​៕


© រក្សាសិទ្ធិដោយ thmeythmey.com