អន្តរជាតិ
លោក លី​៖ សិង្ហ​បុរី​ត្រូវការ​ប្រជាជន​ថ្មី ដើម្បី​បញ្ចៀស​បញ្ហា​សង្គមមនុស្ស​ចាស់​ដូច​ជប៉ុន​
12, Oct 2019 , 8:59 am        
រូបភាព
​សិង្ហ​បុរី​មាន​គម្រោង​ច្រើន​សម្រាប់​ពេលអនាគត​ទាំង​ការកសាង​ទីក្រុង​ថ្មី ផែនការ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​ប្រទេស ប៉ុន្តែ​អ្វីដែល​ត្រូវ​ចាំបាច់ គឺ​អត្រាកំណើត​ត្រូវ​កើនឡើង ដើម្បី​ឲ្យ​ចំនួន​ប្រជាជន​កើនឡើង​បន្តិច​ដែរ​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​១០ ខែតុលា ។ សម្រាប់​លោក លី តម្រូវការ​មនុស្ស​ថ្មី ជា​ដំណោះស្រាយ​ទុក​មុន​ដើម្បី​បញ្ចៀស​បញ្ហា​សង្គមមនុស្ស​ចាស់​ដូច​នៅ​ជប៉ុន ហើយ​ជា​កម្លាំង​ពលកម្ម​សម្រាប់​ការជំរុញ​ការអភិវឌ្ឍ​ផងដែរ​។



​នា​កិច្ចសន្ទនា​មួយ​ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន​នៅ​សិង្ហ​បុរី នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បានលើកឡើង​ពី​បញ្ហា​ប្រឈមមុខ​ផ្នែក​ប្រជាសាស្ត្រ​ដែល​សិង្ហ​បុរី​ជួប​ប្រទេស ដោយ​អត្រាកំណើត​មាន​កំណើន​តិចតួច ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សង្គម​ដូចដែល​កំពុង​កើតឡើង​នៅ​ជប៉ុន​។ លោក លី ចង់​ឲ្យ​ប្រជាជន​សិង្ហ​បុរី​ផ្ដល់កំណើត​ឲ្យ​បាន​ច្រើនជាង​សព្វថ្ងៃ ខណៈ​រដ្ឋាភិបាល​បាន​ដាក់ចេញ​គម្រោង​ជាច្រើន​រួចហើយ​ដើម្បី​ការរស់នៅ​របស់​ប្រជាជន​។​

​លោក លី និយាយថា រដ្ឋាភិបាល​មាន​គម្រោង​ជាច្រើន​សម្រាប់​ប្រទេស​ទាំង​វិស័យ​ឧស្សាហកម្ម ការរកស៊ី សាលារៀន​ថ្មី ឱកាស​ថ្មី ទីក្រុង​ថ្មី និង​សួនច្បារ​ថ្មី ដែល​នេះ​ជាទី​ក្រុង​ថ្មី​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ​។ លោក​បន្តថា អ្វីដែល​ត្រូវ​ចាំបាច់ គឺ​មនុស្ស​ថ្មី​ដែលជា​មនុស្ស​វ័យក្មេងរ​បស់​សិង្ហ​បុរី ដ្បិត​អត្រាកំណើន​ប្រជាជន​រប​ស់​សិង្ហ​បុរី​នៅ​ទាប​។ កម្រិត​ទាប​ដូច​សព្វថ្ងៃនេះ នឹងធ្វើ​ឲ្យ​ចំនួន​ប្រជាជន​ធ្លាក់ចុះ​នៅពេល​ខាងមុខ​មិន​ខាន​។​

​បើតាម​សារព័ត៌មាន Today ប្រជាជន​សិង្ហ​បុរី​កើត​ចំនួន​៣៥​ពាន់​នាក់​ក្នុង​មួយឆ្នាំ និង​មាន​ប្រជាជន​អចិន្ត្រៃយ៍​ថ្មី​ចំនួន​៣៥​ពាន់​នាក់​ទៀត ដែល​ក្នុងនោះ​ប្រហែល​២០​ពាន់​នាក់​ក្លាយជា​ប្រជាជន​ពេញសិទ្ធិ​។ យ៉ាងណាមិញ លោក លី ព្រមាន​ថា ប្រសិនបើ​អត្រាកំណើត​មិន​ប្រែប្រួល​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទេនោះ ប្រជាជន​សិង្ហ​បុរី​នឹង​ធ្លាក់ចុះ​។ បានន័យថា សិង្ហ​បុរី អាច​ជួប​បទពិសោធ​ដូច​ជប៉ុន​ដែល​នឹងមាន​ចំនួន​ប្រជាជន​វ័យ​ចំណាស់​កាន់តែច្រើន​នៅពេល​១០​ទៅ​១៥​ឆ្នាំ​ខាងមុខ​។

«​រឿង​ប្រឈម​របស់​យើង គឺ​ប្រជាជន​វ័យក្មេង​របស់​យើង​ពីរភាគបី មិន​រៀបការ​ឡើយរ​រហូតដល់​មាន​អាយុ​ពាក់កណ្ដាល​៣០​ឆ្នាំ ហើយ​ពួកគេ​ក៏​មិន​យក​កូន​មុន​រៀបការ​ទៅទៀត​។​» នេះ​ជាការ​បង្ហាញ​ក្ដីបារម្ភ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី​។​

​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​វិញ លោក លី លើកឡើង​នៅ​ថ្ងៃទី​១១ ខែតុលា ថា ទាំង​សិង្ហ​បុរី និង​ជប៉ុន​សុទ្ធ​តែមាន​សេដ្ឋកិច្ច​ក្នុងដំណាក់កាល​ចាស់ទុំ​ទៅហើយ ហើយ​មាន​ប្រជាជន​ចាស់ៗ​ទៀត​។ ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ​បញ្ជាក់ថា សិង្ហ​បុរី​កំពុង​សម្របសម្រួល​គោលនយោបាយ​ទៅតាម​និន្នាការ​នេះ ហើយ​រៀនសូត្រ​ពី​ជប៉ុន​ផងដែរ​៕ 


Tag:
 សិង្ហ​បុរី​
  ជប៉ុន​
  លី សៀន​ឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com