អន្តរជាតិ
លោក លី៖ សិង្ហបុរីត្រូវការប្រជាជនថ្មី ដើម្បីបញ្ចៀសបញ្ហាសង្គមមនុស្សចាស់ដូចជប៉ុន
× សិង្ហបុរីមានគម្រោងច្រើនសម្រាប់ពេលអនាគតទាំងការកសាងទីក្រុងថ្មី ផែនការថ្មីសម្រាប់ការអភិវឌ្ឍប្រទេស ប៉ុន្តែអ្វីដែលត្រូវចាំបាច់ គឺអត្រាកំណើតត្រូវកើនឡើង ដើម្បីឲ្យចំនួនប្រជាជនកើនឡើងបន្តិចដែរ។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី១០ ខែតុលា ។ សម្រាប់លោក លី តម្រូវការមនុស្សថ្មី ជាដំណោះស្រាយទុកមុនដើម្បីបញ្ចៀសបញ្ហាសង្គមមនុស្សចាស់ដូចនៅជប៉ុន ហើយជាកម្លាំងពលកម្មសម្រាប់ការជំរុញការអភិវឌ្ឍផងដែរ។
នាកិច្ចសន្ទនាមួយដែលរៀបចំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅសិង្ហបុរី នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានលើកឡើងពីបញ្ហាប្រឈមមុខផ្នែកប្រជាសាស្ត្រដែលសិង្ហបុរីជួបប្រទេស ដោយអត្រាកំណើតមានកំណើនតិចតួច ដែលអាចបង្កឲ្យមានបញ្ហាសង្គមដូចដែលកំពុងកើតឡើងនៅជប៉ុន។ លោក លី ចង់ឲ្យប្រជាជនសិង្ហបុរីផ្ដល់កំណើតឲ្យបានច្រើនជាងសព្វថ្ងៃ ខណៈរដ្ឋាភិបាលបានដាក់ចេញគម្រោងជាច្រើនរួចហើយដើម្បីការរស់នៅរបស់ប្រជាជន។
លោក លី និយាយថា រដ្ឋាភិបាលមានគម្រោងជាច្រើនសម្រាប់ប្រទេសទាំងវិស័យឧស្សាហកម្ម ការរកស៊ី សាលារៀនថ្មី ឱកាសថ្មី ទីក្រុងថ្មី និងសួនច្បារថ្មី ដែលនេះជាទីក្រុងថ្មីសម្រាប់ប្រជាជនជំនាន់ក្រោយ។ លោកបន្តថា អ្វីដែលត្រូវចាំបាច់ គឺមនុស្សថ្មីដែលជាមនុស្សវ័យក្មេងរបស់សិង្ហបុរី ដ្បិតអត្រាកំណើនប្រជាជនរបស់សិង្ហបុរីនៅទាប។ កម្រិតទាបដូចសព្វថ្ងៃនេះ នឹងធ្វើឲ្យចំនួនប្រជាជនធ្លាក់ចុះនៅពេលខាងមុខមិនខាន។
បើតាមសារព័ត៌មាន Today ប្រជាជនសិង្ហបុរីកើតចំនួន៣៥ពាន់នាក់ក្នុងមួយឆ្នាំ និងមានប្រជាជនអចិន្ត្រៃយ៍ថ្មីចំនួន៣៥ពាន់នាក់ទៀត ដែលក្នុងនោះប្រហែល២០ពាន់នាក់ក្លាយជាប្រជាជនពេញសិទ្ធិ។ យ៉ាងណាមិញ លោក លី ព្រមានថា ប្រសិនបើអត្រាកំណើតមិនប្រែប្រួលក្នុងរយៈពេល៥ឆ្នាំខាងមុខទេនោះ ប្រជាជនសិង្ហបុរីនឹងធ្លាក់ចុះ។ បានន័យថា សិង្ហបុរី អាចជួបបទពិសោធដូចជប៉ុនដែលនឹងមានចំនួនប្រជាជនវ័យចំណាស់កាន់តែច្រើននៅពេល១០ទៅ១៥ឆ្នាំខាងមុខ។
«រឿងប្រឈមរបស់យើង គឺប្រជាជនវ័យក្មេងរបស់យើងពីរភាគបី មិនរៀបការឡើយររហូតដល់មានអាយុពាក់កណ្ដាល៣០ឆ្នាំ ហើយពួកគេក៏មិនយកកូនមុនរៀបការទៅទៀត។» នេះជាការបង្ហាញក្ដីបារម្ភរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី។
នៅទំព័រហ្វេសប៊ុកវិញ លោក លី លើកឡើងនៅថ្ងៃទី១១ ខែតុលា ថា ទាំងសិង្ហបុរី និងជប៉ុនសុទ្ធតែមានសេដ្ឋកិច្ចក្នុងដំណាក់កាលចាស់ទុំទៅហើយ ហើយមានប្រជាជនចាស់ៗទៀត។ ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះបញ្ជាក់ថា សិង្ហបុរីកំពុងសម្របសម្រួលគោលនយោបាយទៅតាមនិន្នាការនេះ ហើយរៀនសូត្រពីជប៉ុនផងដែរ៕
Tag:
សិង្ហបុរី
ជប៉ុន
លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com