អន្តរជាតិ
ចិន ថ្កោលទោសអ្នកនយោបាយថៃដែលមានទំនាក់ទំនងជាមួយសកម្មជនផ្ដាច់ខ្លួនហុងកុង អ្នកនយោបាយថៃ និងសកម្មជនប្រជាធិបតេយ្យហុងកុង។ រូបភាព Twitter Joshua Wong
×
ដោយ ឈួន ឈីវអ៊ីង
ស្ថានទូតចិនប្រចាំទីក្រុងបាងកក នៅថ្ងៃទី១០ ខែតុលា បានថ្កោលទោសអ្នកនយោបាយថៃប្រឆាំងមួយដែលមានទំនាក់ទំនងជាមួយក្រុមទាមទារឯករាជ្យរបស់ហុងកុង។ តំណាងបេសកកម្មរបស់ចិន ចាត់ទុកថា អាកប្បកិរិយាបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់មិត្តភាពទ្វេភាគី។
ក្រុមអ្នកតវ៉ាដែលចង់បែងចែកហុងកុងចេញពីប្រទេសចិន បានឃុំឃិតជាមួយបរទេស ផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងបង្ខូចការពិតក្នុងគោលបំណងដើម្បីសម្រេចបានសេចក្តីចង់បានរបស់ពួកគេ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតចិនប្រចាំបាងកក បន្ទាប់ពីសកម្មជនគាំទ្រប្រជាធិបតេយ្យ Joshua Wong បង្ហោះរូបថតមួយសន្លឹកជាមួយមេបក្សអនាគតថ្មី Thanathorn Juangroongruangkit ។
អ្នកនាំពាក្យស្ថានទូតនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា សកម្មភាពនេះគឺខុសធ្ងន់ណាស់ និងមិនមានទំនួលខុសត្រូវ។ ចិនសង្ឃឹមថា បុគ្គលដែលពាក់ព័ន្ធអាចទទួលស្គាល់ការពិតអំពីបញ្ហារបស់ហុងកុង និងធ្វើអ្វីដែលជាប្រយោជន៍ដល់ទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងថៃ។
សកម្មជនវ័យក្មេង Joshua Wong និងអ្នកនយោបាយជើងថ្មី Thanathorn អ្នកទាំងពីរបានជួបគ្នាក្នុងពិធីបើកអនាគតនាទីក្រុងហុងកុងនៅថ្ងៃទី៥ ខែតុលា ដែលអ្នកទាំងធ្វើជាវាគ្មិន។ សកម្មជន Wong បានសរសេរនៅលើ Twitter ដោយអមរូបថតឈរញញឹមជាប់លោក Thanathorn ថា៖ «ក្រោមការរឹតត្បិតរបស់របបផ្ដាច់ការ យើងរួមសាមគ្គីគ្នា។»
នៅថ្ងៃដដែលនោះ អ្នកនយោបាយថៃខាងលើ បាននិយាយថា អ្វីដែលបានកើតឡើងនៅហុងកុងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបាន ជំរុញចិត្តគណបក្សដែលទើបបង្កើតថ្មីរបស់លោក។ គណបក្សអនាគតឆ្ពោះទៅមុខត្រូវបានបង្កើតឡើងនៅខែមីនាឆ្នាំ ២០១៨ នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី ២៤ ខែមីនា គណបក្សនេះបានឈ្នះ ៦,៣លានសំឡេងដែលស្មើនឹង៨១ អាសនៈនៃ៥០០ អាសនៈនៅក្នុងសភា។ គណបក្សនេះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកបោះឆ្នោតវ័យក្មេងនៅតំបន់ទីក្រុង។
ប៉ុន្តែភ្លាមៗបន្ទាប់ពីការបោះឆ្នោត លោក Thanathorn ត្រូវបានតុលាការធម្មនុញ្ញផ្អាកពីការបំពេញភារកិច្ចជាសមាជិកសភារបស់គាត់បន្ទាប់ពីតុលាការបានទទួលយកករណីមួយដែលចោទប្រកាន់ថា លោកបានរំលោភបំពានច្បាប់នៃការកាន់កាប់ភាគហ៊ុនរបស់ប្រព័ន្ធផ្សព្វផ្សាយ។ ការផ្អាកនេះបានធ្វើឡើងនៅថ្ងៃទី ២៣ ខែឧសភាមួយថ្ងៃមុនពេលបើកសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com