អន្តរជាតិ
មន្ត្រី​អាមេរិក​ថា ប្រតិបត្តិការ​យោធា​តួ​ក​គី​ក្នុង​ទឹកដី​ស៊ី​រី មិនទាន់​ផុត​បន្ទាត់​ក្រហម​លោក ត្រាំ ឡើយ​
11, Oct 2019 , 9:59 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ការបើក​យុទ្ធនាការ​យោធា​ចូល​ទឹកដី​ស៊ី​រី​ពី​សំណាក់​ប្រទេស​តួ​ក​គី ពុំទាន់​ហួស​បន្ទាត់​ក្រហម ដែល​ប្រកាស​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅឡើយ​ទេ​។ មន្ត្រី​អាមេរិក​ម្នាក់ បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ក្រុង​វ៉ាស៊ីនតោន​ចង់​ធ្វើជា​អ្នក​ច​ចារ​ដើម្បី​បង្កើត​បទ​ឈប់​បាញ់​ទៀតផង​។​



​សួរថា​តើ​សកម្មភាព​បែបណា​នឹង​បំពាន​ការព្រមាន​របស់លោក​ត្រាំ មន្ត្រី​អាមេរិក បាន​ឆ្លើយតប​ថា​៖ «​ទង្វើ​ទាំងនោះ គឺ រួមមាន ការ​បោសសម្អាត​ជាតិ​សាសន៍ [...] ការវាយប្រហារ​ដែនអាកាស​, ផ្ទាល់​ដី និង​ការបាញ់ប្រហារ​ផ្សេងទៀត​ដោយ​តម្រង់​លើ​ប្រជាជន​ស្លូតត្រង់​»​។

«​នេះ គឺជា​អ្វីដែល​យើង​កំពុង​រកមើល​នៅពេលនេះ​។ យើង​ពុំទាន់​ឃើញ​ភស្តុតាង​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ក៏ប៉ុន្តែ​យើង​តាមដាន​ជាប់​ជានិច្ច​»​។ មន្ត្រី​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ​។

​មន្ត្រី​រូបនេះ បន្តថា ប្រតិបត្តិការ​យោធា​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ ទី​៩ តុលា មិនទាន់មាន​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ ។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា កងកម្លាំង​ឃើ​ដ ពុំទាន់​ប្រលូក​ចូលក្នុង​សមរភូមិ​នេះ​ជ្រៅ​នៅឡើយ​ទេ ហើយ​កម្លាំង​ក្រុម​នេះ​ពុំមាន​ចំនួន​ច្រើន​ឡើយ​នៅតាម​បណ្តា​យ​ព្រំដែន​។

​លោក ត្រាំ រង​ការរិះគន់​យ៉ាងខ្លាំង​ថា​បាន​បោះបង់ចោល​សកម្មប្រយុទ្ធ​ឃើ​ដ ដែលជា​សម្ព័ន្ធមិត្ត​ជួយ​ដឹកនាំ​ការ​វាយ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​។ យ៉ាងណាមិញ មេដឹកនាំ​អាមេរិក​រូបនេះ ហៅ​យុទ្ធនាការ​របស់​តួ​ក​គី​ជា​គំនិតអាក្រក់ ហើយ​ថា លោក​មិនដែល​ផ្ដល់​អនុញ្ញាត​ឲ្យ​រឿង​បែបនេះ​កើតឡើង​ឡើយ​។ ដោយ​គំរាម​កម្ទេច​សេដ្ឋកិច្ច​តួ​ក​គី លោក ត្រាំ ក៏​សង្ឃឹមថា យោធា​តួ​ក​គី នឹង​ការពារ​ជន​ស៊ីវិល និង​ជនភាគតិច​នានា ហើយ​ធ្វើយ៉ាងណា​បញ្ចៀស​មិន​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ឲ្យ​សោះ​។

​តាមរយៈ​បណ្តាញ Twitter នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ តុលា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​សង្ឃឹម​ធ្វើជា​អ្នក​សម្រុះសម្រួល​បង្កើត​កិច្ចព្រមព្រៀង​មួយ​រវាង​តួ​ក​គី និង​សកម្មប្រយុទ្ធ​ឃើ​ដ ។ បើ​មិន​ដូច្នោះ​ទេ លោក​អាច​បញ្ជូន​ទ័ព​រាប់ពាន់នាក់​ទៅកាន់​តួ​ក​គី ឬ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​លើ​ក្រុង​អង់កា​រ៉ា​។

​ទាក់ទិន​នឹង​ការលើកឡើង​របស់​ប្រធានាធិបតី​នេះ មន្ត្រី​អាមេរិក បាន​និយាយថា លោក ត្រាំ បាន​បញ្ជា​ឲ្យ​ក្រុម​អ្នកការទូត​ស្វះ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​អំពើហិង្សា​នេះ​។ លោក​និយាយ​បែបនេះ​៖«​យើង​ទទួលបញ្ជា​ពី​ប្រធានាធិបតី​ឲ្យ​ព្យាយាម​រក​វិធីសាស្ត្រ​ដើម្បី​បង្កើត​បទ​ឈប់​បាញ់​»​។ ម្យ៉ាងវិញទៀត លោក កត់សម្គាល់ថា កន្លងទៅ តួ​ក​គី​ធ្លាប់បាន​បង្កើត​បទ​ឈប់​បាញ់​ជាមួយ​គណបក្ស​ពលករ​ឃើ​ដ​(PPK) ដែល​បង្ក​ភាពវឹកវរ​រាប់​ទសវត្សរ៍​ក្នុងប្រទេស​តួ​ក​គី​។

​មេដឹកនាំ​តួ​ក​គី ក៏ដូចជា​រដ្ឋបាល​លោក​ត្រាំ ភ្ជាប់​ករណី​បក្ស PKK ទៅនឹង​អង្គភាព​ការពារ​របស់​ប្រជាជន​ឃើ​ដ (YPG) ដែល​គ្របដណ្តប់​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ក្នុងប្រទេស​ស៊ី​រី ។ មន្ត្រី​រូបនេះ បញ្ជាប់​បែបនេះ​៖«​នេះ​ជា​ផ្លូវ​ដែល​ប្រធានាធិបតី​នឹង​ពេញចិត្ត​ធ្វើ​បំផុត​។ វា​គឺជា​ដំណោះស្រាយ​ការចរចា​មួយ​»​។​


Tag:
 តួ​ក​គី​
  ស៊ី​រី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com