ជាតិ
សង្គមជាតិ
បណ្តាខេត្តមួយចំនួនចាប់ផ្តើមរៀបចំពិធីអុំទូក
× ភ្នំពេញ៖ ពិធីបុណ្យអុំទូក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែវិច្ឆិកាខាងមុខ។ មុនប្រារព្ធនេះនៅទន្លេចតុមុខ រាជធានីភ្នំពេញ បណ្តាខេត្តមួយដូចជាខេត្តកណ្តាល បាត់ដំបង ស្វាយរៀង និងខេត្តស្ទឹងត្រែង នឹងរៀបចំពិធីបុណ្យអុំទូកដើម្បីសាទរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។
ខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ១២-១៣ ខែតុលា នៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ និងដើម្បីអបអរសាទរពិធីបុណ្យអុំទូក។ បើតាមរដ្ឋបាលខេត្តនៅខេត្តកណ្តាល កម្មវិធីនេះ ក៏មានការប្រគំតន្ត្រី និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ព្រមទាំងមានការបាញ់កាំជ្រួចផង នៅថ្ងៃចុងក្រោយគឺថ្ងៃទី១៣ ខែតុលា។
ខេត្តបាត់ដំបង ក៏មិនខកខានសម្រាប់ការរៀបចំពិធីប្រណាំងទូកនេះដែរ។ ខេត្តនេះ នឹងរៀបចំពិធីប្រណាំងទូកលើកទី១៩ និងពិធីចេញព្រះវស្សា នៅថ្ងៃទី១២-១៣ ខែតុលា នៅតាមបណ្តោយស្ទឹងសង្កែ។ នៅក្នុងពិធីនេះ នឹងមានការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្ម ភូមិមួយ និងផលិតផលមួយ និងការប្រគំតន្ត្រីបុរាណ និងសម័យ នៅបរិវេណដើមពោធិ៍សួននាគបាញ់ទឹក។ នៅពេលយប់ នឹងមានបាញ់កាំជ្រួច បង្ហោះគោម និងបណ្តែតប្រទីប។ នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។
នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀងឯណោះវិញ នៅថ្ងៃទី ២៧ ខែតុលា ក៏នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹកដែរ។ សម្រាប់ខេត្តស្ទឹងត្រែង នឹងរៀបចំពិធីប្រណាំងទូក «ង» នៅថ្ងៃទី១-២ ខែវិច្ឆិកា នៅតាមដងទន្លេសេកុង ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរ។
នៅថ្ងៃទី២-៣ ខែវិច្ឆិកា រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងប្រារព្ធពិធីប្រណាំងទូកនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលអមជាមួយនឹងការបាញ់កាំជ្រួច ព្រមទាំងមានការប្រគំតន្ត្រីផងដែរ។
ចំណែករដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំការប្រណាំងទូកដែលមានលក្ខណៈខ្នាតជាតិ នៅទន្លេចតុម្មុខ ថ្ងៃបុណ្យអុំទូកទី១០-១២ ខែវិច្ឆិកា ដែលចំណុះដោយទូកទូទាំងរាជធានីខេត្ត។ ជាមួយគ្នាផងដែរ ទូកនៅរាជធានីភ្នំពេញមានចំនួន៤៩ ទូក សម្រាប់ត្រៀមប្រកួតជាមួយទូកតាមបណ្តាខេត្តដទៃទៀត៕
Tag:
អុំទូក
រាជធានីភ្នំពេញ
កណ្តាល
កំពង់ស្ពឺ
ស្វាយរៀង
ស្ទឹងត្រែង
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com