អន្តរជាតិ
ជប៉ុន ត្រៀម​ទទួលរង​នូវ​ខ្យល់ព្យុះ​ដ៏​កំណាច​មិន​ធ្លាប់មាន​តាំងពី​ឆ្នាំ​១៩៥៨
11, Oct 2019 , 6:19 pm        
រូបភាព
​ព្យុះ​កំណាច Hagibis បាន​បក់​មកដល់​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១១ ខែតុលា ហើយ​កំពុង​គំរាមកំហែង​លើ​ទីក្រុង​មួយចំនួន ជាមួយ​កម្រិត​ទឹកភ្លៀង​ច្រើន​បំផុត​ក្នុង​រយៈពេល ៦០​ឆ្នាំ​មកនេះ​។ ការណ៍​នេះ បាន​បង្ក​ឲ្យ​ការផ្អាក​ប្រកួតប្រណាំង​ឡាន Formula One និង ការប្រកួត​ពានរង្វាន់​កីឡា​បាល់ឱប​ពិភពលោក​។



​ព្យុះ​ទី​ហ្វុ​ង Hagibis  មានន័យថា​ល្បឿន​ក្នុង​ភាសា​ហ្វីលីពីន នឹង​បោកបក់​មកដល់​កោះ Honshu នៅ​ថ្ងៃទី​១២ ខែតុលា​។ វត្តមាន​ព្យុះ​កំណាច​នេះ កើតមាន​មួយខែ​បន្ទាប់ពី​ជប៉ុន​ឆ្លង​ផុត​ព្យុះ​ដ៏​កំណាច​មួយ​ដែល​បាន​បំផ្លាញ​ផ្ទះ​ប្រជាជន​ប្រមាណ​ជា ៣០​ម៉ឺន​ខ្នង និង​បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី​ជាច្រើន​កន្លែង​។

«​ព្យុះ​ទី​ហ្វុ​ង អាច​នាំយក​ទឹកភ្លៀង និង​ខ្យល់​ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​កត់សម្គាល់​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​។ ដោយសារតែ​វា​ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំ ១៩៥៨ អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ត្រៀម​រៀបចំ​សម្ភារ​ដើម្បី​ការពារ​ខ្យល់ព្យុះ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ នៅ​មិន​ស្ងៀម​ឡើយ ហើយ​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ទាំងអស់ ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន​។ ចំណែក​មន្ត្រី​នៅ​តំបន់ Chiba នៅ​ភាគ​ខាងកើត​ទីក្រុង​តូ​ក្យូ បាន​ប្រាប់​ឲ្យ​ប្រជាជន​ត្រៀម​ម្ហូបអាហារ ទឹក ឲ្យ​បាន​លើសពី​រយៈពេល​៣​ថ្ងៃ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

​ចំណែក​កម្មវិធី​កីឡា​ធំៗ​មួយចំនួន នៅក្នុង​ប្រទេស​ជប៉ុន ត្រូវបាន​បង្អាក់​ដោយសា​រ​តែ​បញ្ហា​ព្យុះ​។ ជាក់ស្តែង​ការប្រកួត​ការ​ប្រ​ណាំ​រថយន្ត Formula One Grand Prix ដែល​គ្រោង​នឹង​ប្រកួត​ក្នុង​នា​ថ្ងៃទី​១២ ខែតុលា ត្រូវបាន​លុបចោល ប៉ុន្តែ​គេ​អាច​លើក​ថ្ងៃ​ប្រកួត​ទៅ​ថ្ងៃ​១៣ ខែតុលា​វិញ​។ ទាក់ទិន​នឹង​ការប្រកួត​បាល់ឱប​វិញ ការប្រកួត​កីឡា​នេះ​ត្រូវបាន​គេ​លុបចោល ២​ដង​រួចមកហើយ ខណៈពេល​ការប្រកួត​ជប៉ុន និង​ស្កុ​តឡែ​ន​ក្នុង​ថ្ងៃទី​១៣ ខែតុលា កំពុងស្ថិត​ក្នុង​ភាពមិនប្រាកដប្រជា​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត មធ្យោបាយ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ជាច្រើន​ត្រូវ​ផ្អាក​មួយរយៈ​ពេល​សិន ដើម្បី​រង់ចាំ​ឲ្យ​ស្ថានការណ៍​មាន​ភាពប្រសើរ​ជាង​មុន​។ ក្រុមហ៊ុន​អាកាសចរណ៍ Ariline ANA Holding បាន​លុបចោល​ជើងហោះហើរ​នៅក្នុង​ស្រុក​ទាំងអស់​ក្នុង​ថ្ងៃទី​១១ ខែតុលា​។ សម្រាប់​ក្រុមហ៊ុន Japan Airline Co ក៏បាន​លុប​ជើងហោះហើរ​ទៅ​ទីក្រុង​សំខាន់​ដូចជា Osaka និង​Nagoya ផងដែរ​។

​ដោយឡែក រថភ្លើង​ល្បឿន​លឿន​វិញ ត្រូវបាន​គេ​បិទ​មិន​ឲ្យ​ប្រតិបត្តិការ​ដូចគ្នា​។ ប្រព័ន្ធ​រថភ្លើង​ជាច្រើន​ខ្សែ​នៅក្នុង​ទីក្រុង​តូ​ក្យូ Nagoya និង Osaka ជាដើម​ត្រូវបាន​បិទ​ចោល ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សាធារណៈ​ជប៉ុន NHK​។

​សូមបញ្ជាក់ថា ចរន្ត​ខ្យល់ព្យុះ នឹង​បក់​មកពី​តំបន់​ប៉ាស៊ីហ្វិក តាម​បណ្តោយ​ឆ្នេរ Honshu នៅ​ថ្ងៃទី​១២ និង​១៣ ខែតុលា​នេះ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង និង​ទឹកជំនន់​នៅក្នុង​ប្រទេស​ជប៉ុន ដែល​មិន​ធ្លាប់មាន​ពីមុនមក​ចាប់តាំងពី​ឆ្នាំ ១៩៥៨​។ ព្យុះ​ទី​ហ្វុ​ង Kanogawa ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ ១៩៥៨​នោះ បានសម្លាប់​ប្រជាជន​ជាង ១០០០​នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាដើម​៕


Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com