ជាតិ
សង្គមជាតិ
អង្គការ​ភ្លែ​ន បង្កើត​យុទ្ធនាការ ជំរុញ​ឲ្យ​មាន​សមភាព និង​បំបាត់​គំនិត​ចាស់គំរឹល​លើ​ក្មេងស្រី​
11, Oct 2019 , 5:45 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​ក្មេងស្រី​ទទួលបាន​សមភាព​» ជា​យុទ្ធនាការ​មួយ​ដែល​អង្គការ​ភ្លែ​ន​ប្រារព្ធ​នៅក្នុង​ទិវា​ក្មេងស្រី​អន្តរជាតិ នៅ​ថ្ងៃទី​១១ ខែតុលា​នេះ​។ អង្គការ​ភ្លែ​ន មាន​គោលបំណង​រៀបចំ​យុទ្ធនាការ​នេះ​ឡើង ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្មេងស្រី​ហ៊ាន​បញ្ចេញ​មតិយោបល់ ទទួលបាន​សិទ្ធិអំណាច​ក្នុងការ​សម្រេចចិត្ត​លើ​រឿង​ដែល​ប៉ះពាល់​ដល់​ខ្លួន និង​ចង់​ឲ្យ​មានការ​ផ្សព្វផ្សាយ​បែប​វិជ្ជមាន​របស់​ក្មេងស្រី​នៅក្នុង​សង្គម​។



​តាមរយៈ​យុទ្ធនាការ «​ក្មេងស្រី​ទទួលបាន​សមភាព​» អង្គការ​ភ្លែ​ន​ជំរុញ​ឲ្យ​ក្មេងស្រី មាន​សក្កា​នុព​ល​ក្នុងការ​សម្តែង​សិល្បៈ និង​លុបបំបាត់​គំនិត​ចាស់គំរឹល​ដែល​ដាក់បន្ទុក​លើ​ក្មេងស្រី បំបាត់​ការរើសអើង និង​រំលោភបំពាន​លើ​ក្មេងស្រី និង​ស្ត្រី​។ អង្គការ​ភ្លែ​ន​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​យែ​ន​ឌ័​រ​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០២​មក បាន​កត់សម្គាល់ថា ស្ថានភាព​កុមារ​នៅ​កម្ពុជា មាន​ភាពប្រសើរឡើង​ហើយ ដោយឡែក​ស្ថានភាព​ក្មេងស្រី និង​ស្រី្ត​វ័យក្មេង ហាក់បី​នៅ​ជួប​បញ្ហា​វិសមភាព​យេនឌ័រ នៅតាម​ផ្ទះ សហគមន៍ និង​កន្លែងធ្វើការ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី គ្វី​ន​នេ​ត វ៉ង (Gwynneth Wong) នាយិកា​អង្គការ​ភ្លែ​ន​ប្រចាំ​កម្ពុជា​។

​លោកស្រី គ្វី​ន​នេ​ត វ៉ង បាន​និយាយ​ដូច្នេះ​ថា​៖«​ជាការ​ពិតណាស់ ក្មេងស្រី​និង​ក្មេងប្រុស​មាន​សក្តានុពល​ដូចគ្នា​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​។ វា​ដល់ពេល​ហើយ​ដែល​យើង​ត្រូវបង្កើត​ឱកាស​បន្ថែមទៀត​សម្រាប់​ក្មេងស្រី​ដើម្បី​ឲ្យ​ពួកគេ​អាចធ្វើ​អ្វី ដែល​ពួកគេ​ចង់​ធ្វើ​។ វា​ដល់​ដល់ពេល​ហើយ​ដែល​យើង​ត្រូវ​បង្ហាញ​ពិភពលោក​ថា​ក្មេងស្រី​មាន​សក្តានុពល​ខ្លាំងក្លា​ក្នុងការ​ចូលរួម​ធ្វើ​ឲ្យ​ប្រទេសជាតិ និង​សហគមន៍​រីកចម្រើន​។ យើងទាំងអស់គ្នា​ត្រូវ​ផ្លាស់ប្តូរ​ការគិត​របស់​យើង​ពីអ្វី​ដែល​ក្មេងស្រី​អាចធ្វើ​បាន និង​ជំរុញ​ឲ្យ​ក្មេងស្រី​ក្លាយជា​អ្នកដឹកនាំ​»​។​

​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានរៀបចំ​យុទ្ធនា​ការដែល​ផ្តោត​សំខាន់​លើ​ក្មេងស្រី និង​ស្ត្រី​នៅ​កម្ពុជា​អស់​រយៈពេល​១៧​ឆ្នាំ​មកហើយ ដែល​បាន​ជួយ​កុមារ​ជិត​៤​សែន​នាក់ តាមរយៈ​កម្មវិធី គាំពារ និង​អភិវឌ្ឍន៍​កុមារ​, កិច្ចការពារ​កុមារ​, ទឹកស្អាត និង​អនាម័យ​, អាហារូបត្ថម្ភ និង​ការអប់រំ​ថ្នាក់បឋមសិក្សា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕


Tag:
 អង្គការ​ភ្លែ​ន​
 ​ក្មេងស្រី
© រក្សាសិទ្ធិដោយ thmeythmey.com