ជាតិ
កុមារ​កម្ពុជា​ចន្លោះ​ពី​៤​ទៅ​៦​នាក់​ស្លាប់​ដោយសារ​លង់ទឹក​ជា​រៀងរាល់ថ្ងៃ​
12, Oct 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ សិស្ស​ជនជាតិ​ដើម​ភាគតិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា «សាលា​បឋម​សិក្សា​យឺន​ចាស់» កំពុង​លេង​ល្បែង​កំសាន្ត​បែប​កុមារ ក្នុង​ភូមិយឺន ឃុំកក់ ស្រុក​បរកែវ ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០១៧។ (VOA)
រូបឯកសារ៖ សិស្ស​ជនជាតិ​ដើម​ភាគតិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា «សាលា​បឋម​សិក្សា​យឺន​ចាស់» កំពុង​លេង​ល្បែង​កំសាន្ត​បែប​កុមារ ក្នុង​ភូមិយឺន ឃុំកក់ ស្រុក​បរកែវ ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០១៧។ (VOA)
ដោយ: VOA
​ទីក្រុង​ដឺ​បឺ​ន អាហ្វ្រិក​ខាងត្បូង ៖ នៅ​ឆ្នាំ​២០១៦ មនុស្ស​ប្រមាណ​ជា​៣២២,០០០​នាក់ បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក ពោលគឺ​រៀងរាល់​៩០​វិនាទី​ម្ដង​មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​ការ​លង់ទឹក​ក្នុង​ពិភពលោក​។ ចំនួន​នេះ​ខ្ពស់ជាង​ការស្លាប់​ដោយ​ជំងឺ​រលាក​ថ្លើម និង​មរណភាព​របស់​មាតា​។ ដោយឡែក​មនុស្ស​ចំនួន​បួន​នាក់​ស្លាប់​ដោយសារ​ការ​លង់​ទឹកជា​រៀងរាល់ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​របាយការណ៍​ប៉ាន់ប្រមាណ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បានបង្ហាញ​ក្នុង​សន្និសីទ​ពិភពលោក ស្ដីពី​ការបង្ការ​ការ​លង់ទឹក​ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​ដឺ​បឺ​ន ប្រទេស​អាហ្វ្រិក​ខាងត្បូង​។



​សន្និសីទ​រយៈពេល​បី​ថ្ងៃ ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា​នេះ​។ អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​បន្ថែមថា ជាង​៩០​ភាគរយ​នៃ​ការស្លាប់​ដោយ​លង់ទឹក កើតឡើង​ក្នុងប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។​


អ្នកនាង Caroline Lukasyk មន្ត្រី​សម្របសម្រួល​ផ្នែក​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក ផ្តល់​បទសម្ភាស៍​ដល់ VOA នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

​អ្នកនាង ខា​រ៉ូ​ឡាញ លូ​ខា​ស៊ី​ក (Caroline Lukaszyk) អ្នកសម្របសម្រួល​ទិន្នន័យ​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោក ឲ្យ​ដឹងថា កម្ពុ​ជាមាន​ចំនួន​មនុស្ស​ស្លាប់​ដោយ​លង់ទឹក​ខ្ពស់ ជាពិសេស​កើតឡើង​លើ​កុមារ​នៅតាម​ជនបទ ដោយសារតែ​ក្មេងៗ​ត្រូវ​រស់នៅ​តំបន់​ដែលមាន​ប្រភពទឹក​ដូចជា​បឹង ស្ទឹង​ជាដើម ប៉ុន្តែ​មិនមាន​ការការពារ​ត្រឹមត្រូវ​។ យ៉ាងណាក្ដី អ្នកនាង​បន្ថែមថា ការកាត់បន្ថយ​ការ​លង់​ទឹកបាន​លុះត្រាតែ​មានការ​យកចិត្ត​ទុកដាក់​ពី​អ្នកពាក់ព័ន្ធ ពិសេស​ការតាំង​ចិត្តរ​បស់​រដ្ឋាភិបាល ក្នុង​ការបង្កើន​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​។​

«​ការស្លាប់​ដោយសារ​លង់ទឹក​នឹងមាន​ចំនួន​កើនឡើង​ប្រសិន​វា​មិន​ត្រូវបាន​ដោះស្រាយ ហើយ​វា​គឺ​ពិតជា​រឿង​ដែល​សោកសៅ​ណាស់ ពិសេស​នៅ​កម្ពុជា ក្មេងៗ​ជាច្រើន​បាន​លង់ទឹក​។ ហើយ​វា​ជា​រឿង​ដែល​អាច​បង្ការ​បាន ហើយ​ពួកយើង​ដឹងថា​ត្រូវ​បង្ការ​ដោយ​របៀប​ណា​។ វា​ជា​ដំណោះស្រាយ​ដែល​ចំណាយ​ទាប​ក្នុងការ​រៀបចំ​សហគមន៍​ឲ្យ​អនុវត្ត​»​។​

​សិក្ខាសាលា​ជាស​កល​ស្ដីពី​ការបង្ការ​ការ​លង់ទឹក​ឆ្នាំ​២០១៩ នេះ​មាន​អ្នកចូលរួម​ចំនួន​៥០០​នាក់ មកពី​ប្រទេស​ជាង​៦០ ដែល​ភាគច្រើន​ជា​អ្នកជំនាញ និង​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ការបង្ការ​ការ​លង់ទឹក​។​

​មានការ​ធ្វើ​បទ​បង្ហាញ​ជិត​៥០ ដែល​ផ្ដោតលើ​ការស្រាវជ្រាវ​ស្តីពី​ការ​លង់ទឹក បញ្ហា​ចោទ ការការពារ សង្គ្រោះ និង​ការឆ្លើយតប​ទៅនឹង​ការ​លង់ទឹក​ជាដើម​។ ក្នុងនោះ​ក៏មាន​ការដាក់​តាំង​បង្ហាញ​អំពី​ឧបករណ៍​ថ្មីៗ​ដែល​ទើប​បង្កើតឡើង ព្រមទាំង​ការធ្វើ​បទ​បង្ហាញ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបង្ការ និង​សង្គ្រោះ​ករណី​លង់ទឹក​។​

​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​ប្រាប់ VOA ថា​ក្នុង​ជំនន់​កាលពី​ឆ្នាំ​២០១៨ មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​លង់ទឹក​ចំនួន​១៣​នាក់​នៅ​ប្រទេស​កម្ពុជា ហើយ​នៅក្នុង​ទឹកជំនន់​កាលពី​ខែសីហា ឆ្នាំ​២០១៩​នេះ ក៏មាន​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​ផងដែរ​។​

​លោក លី សូ​វ៉ាន់ បញ្ជាក់ថា ជា​រៀងរាល់​ពេល​ដល់​រដូវ​វស្សា ក្រសួងសុខាភិបាល​កម្ពុ​ជា​តែង​ប្រកាស​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ការ​លង់ទឹក និង​គ្រោះថ្នាក់​ផ្សេងៗ ដើម្បី​បង្ការ និង​ទប់ស្កាត់​។ លោក​បន្តថា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ជាហេតុ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដោយសារ​ការ​លង់​ទឹក​មាន​ចំនួន​ច្រើន​។​

«​ទៅ​អនាគត​យើង​នឹង​ខិតខំ​បន្តទៀត និង​សហការ​ជាមួយ​អង្គការ​សុភាព​ពិភពលោក​ដើម្បី​រក​ចំណុច​គន្លឹះ​ល្អៗ​បន្ថែមទៀត ក្នុងការ​បង្ការ​សុខភាព មិនមែន​តែ​ទឹកជំនន់​ទេ គឺ​បង្ការ​សុខភាព​ទាំងអស់​ក្នុងពេល​ទឹកជំនន់​ម្តងៗ​ហ្នឹង​។ បច្ចុប្បន្ននេះ​គឺ​យើង​មាន​មន្ត្រី​យើង​គ្រប់កន្លែង​ហើយ តែ​សំខាន់បំផុត​គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ជាពិសេស​ចំណេះដឹង​អំពី​ការសង្គ្រោះ​បឋម​។ កន្លងមកនេះ​យើង​សង្កេតឃើញថា​ប្រជាពលរដ្ឋ​នៅតែ​អនុវត្ត​ទំនៀមទម្លាប់​ចាស់ ការសង្គ្រោះ​ពស់​ចឹក​ក្តី ឬមួយ​ក៏​ទឹកជំនន់​ក្តី​ហ្នឹង គឺ​មិនបាន​ត្រឹមត្រូវ​ទេ​»​។​

​បើតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤​បង្ហាញថា ការ​លង់​ទឹកជា​មូលហេតុ​ចម្បង​មួយ​នៃ​ការស្លាប់​របស់​កុមារ​នៅ​កម្ពុជា​។ កុមារ​អាយុ​ចន្លោះ​ពី ៥ ទៅ​១៤ ឆ្នាំ មាន​ចំនួន​ជាង​ពាក់កណ្ដាល​នៃ​ជនរងគ្រោះ​ចំនួន ១,៣៥៧ នាក់ ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ នៅ​ឆ្នាំ ២០១២​។​

​លោក Conrad Foote ស្ថាបនិក​អង្គការ សុវត្ថិភាព​ពេល​មាន​បញ្ហា ឬ​ហៅ​កាត់​ថា Swim កម្ពុជា ដែល​ធ្វើ​ការងារ​លើកកម្ពស់​សុ​វត្ថិ​ភាព​ផ្លូវទឹក​នៅ​កម្ពុជា លើកឡើងថា ហានិភ័យ​នៃ​ការ​លង់ទឹក​ភាគច្រើន​គឺ​កើតឡើង​ដោយសារ​កង្វះ​ការយល់ដឹង​ពី​គ្រោះថ្នាក់ កង្វះ​ចំណេះដឹង និង​ជំនាញ​ក្នុងការ​មើលថែ​កុមារ កង្វះ​ជំនាញ​ហែល​ទឹក កុមារ​លេង​ក្នុង​ទឹក​ដោយ​គ្មាន​អ្នក​មើលថែ និង​កង្វះ​ជំនាញ​សង្គ្រោះ​បឋម​ជាដើម​។​

​លោក Conrad Foote អះអាងថា កុមារ​រងគ្រោះ​ដែល​ស្លាប់​ដោយសារ​ការ​លង់ទឹក​អាចមាន​ចំនួន​រហូតដល់​ប្រាំមួយ​នាក់​ក្នុង​មួយថ្ងៃ ខណៈដែល​អង្គការ​សុខ​ភាព​ពិភពលោក ប៉ាន់​ស្មានថា​មាន​កុមារ​កម្ពុជា​ស្លាប់​ដោយសារ​ការ​លង់ទឹក​ចំនួន​តែ​បួន​នាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។​

​អ្នកនាង Caroline Lukaszyk អ្នកសម្របសម្រួល​ទិន្នន័យ​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោក គូសបញ្ជាក់​បន្ថែមថា ចាប់តាំងពី​ឆ្នាំ​២០១៤​មក អង្គការ​សុខភាព​ពិភពលោក បានចាត់ទុក​ការ​លង់ទឹក​គឺជា​បញ្ហា​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​មួយ ប៉ុន្តែ​ពិភពលោក​ហាក់​មានការ​ធ្វេសប្រហែស​ក្នុងការ​ទប់ស្កាត់​។ អ្នកនាង​បន្ថែមថា រដ្ឋាភិបាល​នៅ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ភាគច្រើន​មិនបាន​ស្វែងយល់​ស៊ីជម្រៅ​អំពី​ផលប៉ះពាល់ និង​មិនមាន​តួលេខ​នៃ​ការស្លាប់ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ចាត់ទុកថា ការ​លង់ទឹក​មិនមែនជា​បញ្ហា​ចម្បង​ដែល​ពួកគេ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​៕


​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com