អន្តរជាតិ
សិង្ហ​បុរី វ៉ា​អាមេរិក​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក​
13, Oct 2019 , 8:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដោយ ឈួន ឈី​វ​អ៊ីង​

​សិង្ហ​បុរី ដណ្ដើម​ចំណាត់​ទីមួយ​ពី​អាមេរិក ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ជាងគេ​បំផុត​ក្នុង​ឆ្នាំ​២០១៩ ។ បុរី​រដ្ឋ​មួយ​នេះ ទទួលបាន​ពិន្ទុ ៨៤,៨ លើ ១០០ ឈរលើ​អាមេរិក និង​ឈរ​នៅ​កំពូល​តារាង​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​ទាំង​១៤១ ទូទាំង​ពិភពលោក​។ នេះ​បើតាម​ការធ្វើ​បច្ចុប្បន្នភាព​តារាង​សេដ្ឋកិច្ច​សាកល​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) ។



​វេទិកា​សេដ្ឋកិច្ចពិភពលោក យក​សសរស្ដម្ភ​ចំនួន​១២ ដើម្បី​វាយតម្លៃ​ពី​ភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស និង​តំបន់​ចំនួន​១៤១ ។ រដ្ឋ​ទៅ​ពី​តំបន់​អាស៊ាន គឺ​សិង្ហ​បុរី ទទួលបាន​ចំណាត់​ល្អ​ស្ទើរ​គ្រប់​លក្ខខណ្ឌ​វាយតម្លៃ​ទាំងអស់​។ សិង្ហ​បុរី​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដែលជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំង​១២ ។

​វេទិកា​ពិភពលោក​បាន​និយាយ​ក្នុង​របាយការណ៍​ថ្ងៃទី​៩ តុលា​ថា សិង្ហ​បុរី រីកចម្រើន​ដោយសារ​មាន​មូលដ្ឋាន​ខ្ពស់​រួចទៅហើយ​។ បើតាម​របាយការណ៍រ​បស់ WEF ប្រទេស​នេះ ក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ លើ​សសរស្តម្ភ​ពីរ​ទៀត គឺ​អត្រា​សង្ឃឹមរ​ស់រប​ស់ព​ល​រដ្ឋ​បានយូរ​ជាងគេ និង​ផ្នែក​ទីផ្សារការងារ​។ ក្រៅពីនោះ សិង្ហ​បុរី ទទួលបាន​ពិន្ទុ​ខ្ពស់​លើ​វិស័យ​មួយចំនួនទៀត​រួមមាន ប្រព័ន្ធ​ហិរញ្ញវត្ថុ ប្រសិទ្ធិភាព​ទិ​ផ្សារ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​។

​ចំពោះ​គុណភាព​ស្ថាប័ន​សាធារណៈ​វិញ សិង្ហ​បុរី​ទទួលបាន​លេខ​២ នៅក្រោយ​ហ្វាំ​ង​ឡង់ ប៉ុន្តែ​គេ​មិនមាន​ទិន្នន័យ​ច្បាស់​ពី​ដំណើរការ​ក្នុង​វិស័យនេះ ព្រោះ​ការត្រួតពិនិត្យ និង​តុល្យភាព​មានកំណត់​។ ប្រការ​គួរកត់សម្គាល់​នោះ ប្រទេស​នេះ​ទទួលបាន​ចំណាំ​ត់​ថ្នាក់​លេខ ១២៤ ក្នុង​តារាង​សេរីភាព​សារព៍ត៌មាន និង​កង្វះ​ការប្តេជ្ញាចិត្ត​ចំពោះ​និរន្តរភាព​។​

​របាយការណ៍​របស់ WEF បាន​លើក​យោបល់​ឲ្យ​សិង្ហ​បុរី​ជំរុញ​សហគ្រិនភាព និង​លើកកម្ពស់​ជំនាញ​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​នវ​នុ​វត្ត​ន៍​របស់​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Strait Times ។​

​ដោយឡែក សម្រាប់​សហរដ្ឋអាមេរិក​វិញ កាលពី​ឆ្នាំមុន​គឺ​ទទួលបាន​លេខ​១ ជាមួយ​លំដាប់​ពិន្ទុ ៨៣.៧ តែ​ឆ្នាំនេះ​ត្រូវបាន​ធ្លាក់​មក​នៅ​លេខ​២​។ ទោះបី​ជាមាន​លទ្ធផល​ខ្សោយ​ជាទូទៅ​នៅ​ឆ្នាំនេះ​ក្តី សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​។ អាមេរិក នៅតែ​ជា​មហាអំណាច​ផ្នែក​ច្នៃប្រឌិត​ថ្មី​ដោយ​ឈរ​នៅ​លំដាប់​ទី ២ លើ​សសរស្តម្ភ​សមត្ថភាព​ច្នៃប្រឌិត និង​ឈរ​ចំណាត់​លេខ​១ ទាក់ទង​នឹង​សក្ដានុពល​អាជីវកម្ម ព្រមទាំង​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ដែលមាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​។​

​ហុងកុង ស្ថិតនៅ​លេខ​រៀង​ទី​៣ ខណៈ​ហូ​ឡង់​ឈរ​នៅ​លំដាប់​ទី​៤ និង​ប្រទេស​ស្វ៊ី​ស​នៅ​លំដាប់​ទី​៥​។

​ខាងក្រោម​នេះ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ខ្លាំងជាងគេ​ទាំង​១០​ក្នុង​ពិភពលោក​៖

1.​    ​សិង្ហ​បុរី​
2.​    ​សហរដ្ឋអាមេរិក​
3.​    ​ហុងកុង​
4.​    ​ហូ​ឡង់​
5.​    ​ស្វ៊ី​ស​
6.​    ​ជប៉ុន​
7.​    ​អាល្លឺម៉ង់​
8.​    ​ស៊ុយអែត​
9.​    ​អង់គ្លេស​
១០. ដា​ណឺ​ម៉ាក​៕


© រក្សាសិទ្ធិដោយ thmeythmey.com