ជាតិ
រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បេ្ដជ្ញាធ្វើឱ្យតំបន់អាស៊ានគ្មានផ្សែងអ័ព្ទឆ្លងដែននៅឆ្នាំ២០២០
× សៀមរាប៖ ក្រៅពីបញ្ហាការបំពុលដោយសំណល់ប្លាស្ទិក ការបំពុលដោយផ្សែងអ័ព្ទឆ្លងដែនវិញ ក៏ជារបៀបវារៈសំខាន់សម្រាប់កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ានដែរ។ បញ្ហាផ្សែងអ័ព្ទឆ្លងដែននេះ ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៩ តុលា ក្នុងនោះរដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានបេ្ដជ្ញាចិត្ត និងខិតខំប្រឹងប្រែង រៀបចំយន្តការយ៉ាងណាដើម្បីធានាថា លែងមានបញ្ហានេះនៅឆ្នាំ២០២០។
លោក នេត្រ ភក្ដ្រាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីកិច្ចប្រជុំទាក់ទងនឹងផ្សែងអ័ព្ទឆ្លងដែននេះថា ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន លើការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន។ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏បានបញ្ជាក់ជាថ្មីដែរ នូវកិច្ចខិតខំប្រឹងប្រែងទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ និងមធ្យោបាយការអនុវត្ត ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះឲ្យមានប្រសិទ្ធភាព ឈានទៅសម្រេចឱ្យបាននូវគោលដៅតំបន់អាស៊ានគ្មានផ្សែងអ័ព្ទឆ្លងដែននៅឆ្នាំ២០២០។ នេះបើតាមលោកអ្នកនាំពាក្យក្រសួងបរិស្ថាន។
តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ទទួលស្គាល់ការងារនេះ មិនមែនជាដែលងាយនឹងសម្រេចឡើយ ដោយវាអាស្រ័យលើការរៀបចំយន្តការ ការកៀងគរមូលនិធិហិរញ្ញវត្ថុ និងការរៀបចំយុទ្ធសាស្ដ្រឱ្យបានច្បាស់លាស់។ ប៉ុន្តែយ៉ាងហោចណាស់ កិច្ចសហប្រតិបត្តិការរួមគ្នានេះ អាចបន្ថយផលប៉ះពាល់ពីផ្សែងអ័ព្ទនេះឲ្យកាន់តែតិច និងជាពិសេសទប់ស្កាត់ការប៉ះពាល់ធ្ងន់ធ្ងរដល់ បរិស្ថាន គុណភាពខ្យល់ សុខភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់អាស៊ាននោះទេ។ នេះបើតាមលោកនេត្រ ភក្ត្រា ដែលបន្តទៀតថា ប្រទេសសិង្ហបុរី ក៏បានគាំទ្រការផ្ដួចផ្តើមរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយឱ្យទូលំទូលាយ ពីផលប៉ះពាល់ដែលបណ្ដាលមកពីផ្សែងអ័ព្ទនេះ៕
Tag:
បរិស្ថាន
អាស៊ាន
ផ្សែងអ័ព្ទឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com