កីឡាអន្តរជាតិ
អន្តរជាតិ
​ថៃ សិង្ហ​បុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​វៀតណាម ឆ្ពោះទៅមុខ​លើ​ការដេញថ្លៃ​រៀប World Cup
12, Oct 2019 , 7:39 pm        
រូបភាព
​ប្រទេស​តំបន់​អាស៊ាន​ចំនួន ៥ រួមមាន​សិង្ហ​បុរី​ផង​បាន​យល់ព្រម​បង្កើត «​ក្រុមការងារ​បច្ចេកទេស​» ដើម្បី​ត្រៀម​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤​។ នេះ​យោងតាម​សេចក្តីប្រកាស​រួម​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កីឡា​អាស៊ាន​លើក​ទី ៥ (FAMMS) នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី ១១ តុលា​។



អត្ថបទទាក់ទង


​ថៃ រួមជាមួយ​សិង្ហ​បុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​វៀតណាម​នឹងចូលរួម​ដេញថ្លៃ​រួមគ្នា​ដើម្បី​នាំយក​ព្រឹត្តិ​កាណ៍ World Cup 2034 ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជា​លើកដំបូង​។ ដំបូង​ឡើយ​ថៃ​ចង់​រួមគ្នា​ជាមួយ​ប្រទេស​ទាំង​១០​តែម្តង ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​វិញ​យក​ត្រឹម​៥​ប្រទេស​វិញ​។​

«​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៤ ស្តីពី​ការដេញថ្លៃ​រួមគ្នា​របស់​អាស៊ាន​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឆ្នាំ​២០៣៤ ក្នុងនាម​ជា​សហគមន៍​តែមួយ​យើង (​សិង្ហ​បុរី​) យល់ព្រម​បង្កើត​ក្រុមការងារ​បច្ចេកទេស ដែល​ដឹកនាំ​ដោយ​ថៃ​ជាមួយ​ប្រទេស​អាស៊ាន​ចំនួន ៤ ទៀត សម្រាប់​គម្រោង​នេះ​»​។ នេះ​ជាការ​ប្រកាស​របស់ FAMMS​។​

​ការប្រកាស​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កីឡា​អាស៊ាន​លើក​ទី ៥ នៅ​ក្រុង​ម៉ានីល ដែលមាន​ការចូលរួម​ពី​មន្ត្រី​មកពី​ប្រទេស​អាស៊ាន​ទាំង​១០ ក្នុងនោះ​រួមមាន​ទាំង​កម្ពុជា​ផង​។​

​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ធ្លាប់​លើកឡើង​ពី​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ កាលពី​ថ្ងៃទី​២៣ ខែមិថុនា​កន្លងទៅ នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ក្នុង​ក្រុង​បាងកក នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្លាប់បាន​ប្រកាស​ហើយ​ថា ប្រទេស​តំបន់​អាស៊ាន នឹងចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០៣៤​នេះ​។​

​ប្រា​យុទ្ធ ថែមទាំង​អំពាវនាវ​ឲ្យ​ប្រជាជន​អាស៊ាន​គាំទ្រ​សហព័ន្ធ​កីឡាបាល់ទាត់​នៅក្នុង​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​ដើម្បី​ច​ម្រេច​ក្តី​សុបិន​មួយ​នេះ​។​

​ក្នុងចំណោម​ការប្រកួត​កីឡា World Cup ចំនួន​២១​លើក​កន្លងមក ទ្វីបអាស៊ី​ទទួល​សិទ្ធិ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​បាន​មួយ​លើក​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០០២ ដែល​ដឹកនាំ​ដោយ​ជប៉ុន​និង​កូរ៉េខាងត្បូង​។ កាតា​ក៏​នឹង​ក្លាយជា​ប្រទេស​អាស៊ី​ទី​៣ ដែល​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២២​ផងដែរ នៅឡើយ​តែ​អាស៊ាន​ប៉ុណ្ណោះ ដែល​មិនទាន់​ស្គាល់​រសជាតិ​៕



Tag:
 World Cup
  ជម្រើសជាតិ​
  ថៃ​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com