ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​មហាផ្ទៃ នឹង​ប្រជុំ​ជាមួយ​ក្រុមការងារ​រាជធានី​-​ខេត្ត ទប់ស្កាត់​អ្នក​ចង់​បំផ្លាញ​ស្ថិរភាព​
12, Oct 2019 , 4:23 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីវោហារឆ្នើម
សម្តេច ស ខេង ថ្លែងក្នុងពិធីវោហារឆ្នើម
ដោយ: ថ្មីៗ
​នៅ​សប្តាហ៍​ក្រោយ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ដឹកនាំ​ការប្រជុំ​ដ៏​សំខាន់​មួយ ជាមួយ​ប្រធាន​ក្រុមការងារ​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​ចាប់​ផ្តើមធ្វើ​សកម្មភាព ប្រឆាំងនឹង​ក្រុមមនុស្ស ដែល​ប៉ង​បំផ្លាញ​ស្ថិរភាព​។ សម្តេច​រដ្ឋមន្ត្រី លើកឡើង​ពី​គម្រោង​កិច្ចប្រជុំ​នេះ នៅក្នុង​កម្មវិធី​វោហារ​ឆ្នើម ដែលជា​ការប្រកួត​និយាយ​ភាសា​អង់គ្លេស​វគ្គ​ផ្តាច់ព្រ័ត្រ នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​។



​សំឡេង​សម្តេច ស ខេង




រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ក្រើនរម្លឹក​ឲ្យ​សកម្មជន​ឬ​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង ​ដកខ្លួន​ចេញពី​គម្រោង​ធ្វើ​រដ្ឋប្រហារ ដែល​រៀបចំ​ដោយ​មេដឹកនាំ​របស់​ពួកគេ ពី​ក្រៅប្រទេស​មក​។ រដ្ឋមន្ត្រី​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ ក៏​កោតសរសើរ​បងប្អូន​ភា​គ​ច្រើន ដែល​បាន​យល់ដឹង​បញ្ហា​នេះ ហើយ​ដកខ្លួន​ចេញ​។ យ៉ាងហោចណាស់ គាត់​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី ព្រោះ​អាហ្នឹង អត់​បានទេ វា រលាក​...​។ អ៊ីចឹង​ហើយ​មានតែ​ម្យ៉ាង គឺថា​ដកខ្លួន​ចេញ​មិន​គាំទ្រ​...»​។

​មាន​សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​ដល់​ទៅ​៣០-៤០​នាក់​ហើយ ដែល​រង​ការចោទប្រកាន់​ពី​តុលាការ ដោយ​អ្នកខ្លះ ត្រូវ​ចោទ​ពីបទ​រួមគំនិត​ក្បត់ជាតិ និង អ្នកខ្លះ ត្រូវ​ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​អ្នកខ្លះ​ត្រូវ​ចាប់ខ្លួន​យកទៅ​ឃុំ ហើយ​មាន​អ្នកខ្លះ បាន​រត់គេចខ្លួន​។

ទន្ទឹមនេះ ​មាន​សកម្មជន​ខាង​ប្រឆាំង​២​នាក់ ទទួលបាន​ការលើកលែង​ការចោទប្រកាន់ ក្រោយ​ពួកគេ ចេញមក​សារភាព​កំហុស និង បានផ្តល់​តម្រុយ​ដល់​សមត្ថកិច្ច ពី​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ អំពាវនាវ​នាពេល​កន្លងមក ឲ្យ​អ្នកពាក់ព័ន្ធ​ក្នុង​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល ឲ្យ​ឆាប់​ចេញមក​សារភាព ដើម្បី​បាន​រួច​ទោស​។

​លោក សម រង្ស៊ី និង​គ្នីគ្នា​៨​នាក់​ទៀត ត្រូវ​ចោទ​ពីបទ​ឧបឃាត ដែល​សំដៅលើ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​។ បទល្មើស​នេះ ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ហើយ​អ្នកចូលរួម​គាំទ្រ អាច​នឹង​ជាប់​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​។ យ៉ាងណា លោក សម រង្ស៊ី ប្តេជ្ញា​ថា​លោក នឹង​មក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​៕ 




Tag:
 សម រង្ស៊ី
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com