អន្តរជាតិ
មនុស្ស​ស្លាប់​ដោយសារ​ព្យុះ Hagibis នៅ​ជប៉ុន​ឡើងដល់​១១​នាក់
13, Oct 2019 , 10:50 am        
រូបភាព
កុមារីជប៉ុន​នាំគ្នា​សម្អាត​ផ្លូវ ដែល​បែកភក់ពេញ។ រូបថត AFP
កុមារីជប៉ុន​នាំគ្នា​សម្អាត​ផ្លូវ ដែល​បែកភក់ពេញ។ រូបថត AFP
ដោយ: ថ្មីៗ
យ៉ាងហោចណាស់​មនុស្ស​១១​នាក់ បាន​ស្លាប់​ដោយសារ​ព្យុះ​កំណាច Hagibis ដែល​បោកបក់​ទៅលើ​បណ្តា​ក្រុង​ធំៗ​នៅ​ប្រទេស​ជប៉ុន ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ ព្យុះ​ដែល​ចាប់ផ្តើម​ឡើង​ខ្លាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ផងដែរ​។​



​ភ្នាក់ងារ​សារព័ត៌មាន AFP បាន​រាយការណ៍​ថា ករណី​ស្លាប់​មួយចំនួន​កើតឡើង​ដោយសារ​ការបាក់​ដី ហើយ​អ្នក​ខ្លះទៀត ត្រូវបាន​រលក​បោកបក់ ខណៈដែល​ពួកគេ​ស្ថិតក្នុង​រថយន្ត​របស់​ខ្លួន​។​

​តាមរយៈ​ឧទ្ធម្ភាគចក្រ អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ជប៉ុន កំពុង​ព្យាយាម​ស្វែងរក​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​កំពុង​បាត់​ខ្លួន ខណៈ​រាប់លាន​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

Hagibis បានចាប់ផ្តើម​វាយប្រហារ​ទៅលើ​កោះ Honshu របស់​ជប៉ុន នា​ល្ងាច​ថ្ងៃ​សៅរ៍ ក្នុង​ល្បឿន ២១៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដែល​នេះ​ជា​ព្យុះ​កំណាច​ដ៏​ធំ​បំផុត​មួយ​។ ព្រឹត្តិការណ៍​កីឡា ជើងហោះហើរ នានា ត្រូវបាន​ផ្អាក​ផងដែរ​៕


Tag:
 ព្យុះ Hagibis
© រក្សាសិទ្ធិដោយ thmeythmey.com