ជាតិ
មហោស្រព​អក្សរសិល្ប៍​ខ្មែរ ជំរុញ​យុវជន​ស្វែងយល់​ពីសារ​សំខាន់​នៃ​ការ​តែង​និពន្ធ​
13, Oct 2019 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ មហោស្រព​អក្សរសិល្ប៍​ខ្មែរ បង្កើតឡើង​ដើម្បី​ចូលរួម​ជំរុញ​ចលនា​ស្វែងយល់​ពីសារ​សំខាន់​នៃ​ការ​តែង​និពន្ធ និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ សម្រាប់​ការអភិវឌ្ឍ​បុគ្គល​ផ្ទាល់ខ្លួន រួមទាំង​ប្រទេសជាតិ​ទាំងមូល​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​បាន​ប្រារព្ធ​ឡើង បន្ទាប់ពី​បាន​ជោគជ័យ​កាលពី​លើក​ទី​២​នៅ​ខេត្តបាត់ដំបង និង​លើក​ទី​១​នៅ​ខេត្តសៀមរាប​នោះ​។



​ស្ថាបនិក​មហោស្រព​អក្សរសិល្ប៍​ខ្មែរ អ្នកនាង សូ ភី​ណា ថា​គោលបំណង​សំខាន់​ក្នុង​មហោស្រព​នេះ គឺ​ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​អ្នកនិពន្ធ និង​អក្សរសិល្ប៍​ខ្មែរ​។ មាន​រយៈពេល​២​ថ្ងៃ​ក្នុង​បរិវេន​បណ្ណាល័យ​ជាតិ មហោស្រព​អក្សរសិល្ប៍​ខ្មែរ មាន​រៀបចំ​វេទិកា​ពិភាក្សា​មួយចំនួន​ស្ដីពី​អក្សរសិល្ប៍ និង​តួនាទី​របស់​អ្នកនិពន្ធ ក្នុង​ការជួយ​អភិវឌ្ឍ​សង្គម​។  ក្រៅពីនោះ​ទម្រង់​សិល្បៈ​ដូចជា​ល្ខោន​យីកេ ល្ខោនស្បែក​ធំ​និង​តូច រួមទាំង​ល្ខោននិយាយ ក៏​នឹង​សម្ដែង​ក្នុង​មហោស្រព​នេះដែរ​។​

​អ្នកនាង សូ ភី​ណា បញ្ជាក់​៖« នៅពេលដែល​មនុស្ស​អាន​កាន់តែច្រើន នោះ​ពួកគេ​នឹងមាន​ការគិត​បែប​ស៊ីជម្រៅ​។ សៀវភៅ​មាន​ឥទ្ធិពល​ដល់​ឥរិយាបថ​រស់នៅ​ក្នុងសង្គម ជាពិសេស​ដល់​ការអភិវឌ្ឍន៍​ប្រទេស​។ សៀវភៅ​បង្កើតឱ្យមាន​ធនធានមនុស្ស​»​។

​អ្នកនាង សូ ភី​ណា បាន​មើលឃើញថា​ចរន្ត​នៃ​ការ​តែង​និពន្ធ​នាពេល​បច្ចុប្បន្ន មានការ​កើនឡើង​។ ទោះជា​យ៉ាងណា ស្ថាបនិក​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​រូបនេះ ថា​ការពង្រឹង​គុណភាព​ស្នាដៃ​គឺ​ត្រូវតែ​យកចិត្តទុកដាក់​ជានិច្ច​។ «​កាលពី​ឆ្នាំ​ទី​១​យើង​មានតែ​តុ​១​និង​កន្ទេល​១​សម្រាប់​លក់​សៀវភៅ នៅ​ឆ្នាំ​ទី​២​យើង​មាន​តូប​លក់​សៀវភៅ​ប្រហែល​ពី​៥​ទៅ​៦​តូប ប៉ុន្តែ​នៅ​ឆ្នាំ​ទី​៣​នេះ យើង​មាន​២០​តូប ដូច្នេះ​បញ្ជាក់​ឱ្យឃើញថា​ការ​តែង​និពន្ធ​គឺមាន​ការកើនឡើង​។ អ្នកចូលរួម​ក៏​ដូចគ្នា​ដែរ កាលពី​ឆ្នាំ​ទី​១​មាន​អ្នកចូលរួម​ប្រហែល​៥០០​នាក់ ហើយ​ឆ្នាំ​ទី​២​យើង​ទទួលបាន​ប្រហែល​១៥០០​នាក់ ប៉ុន្តែ​នៅ​ឆ្នាំ​ទី​៣​នេះ យើង​រង់ចាំ​ដល់​ថ្ងៃ​បញ្ចប់​សិន​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកនាង សូ ភី​ណា​។​

​ស្នាដៃ​បោះពុម្ព​សៀវភៅ​ថ្មី​ប្រចាំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ក្នុង​ឆ្នាំ​ទី​៣​នេះ​មាន​ចំណងជើង​ថា “​ពី​ដៃ​ទៅ​បេះដូង​” ដែល​ប្រមូលផ្ដុំ​ស្នាដៃ​ជ័យលាភី​ឆ្នាំមុនៗ រួមទាំង​ស្នាដៃ​រង្វាន់​លើកទឹកចិត្ត មក​បោះពុម្ព​រួមគ្នា​។ ចំណូល​ដែល​បានមកពី​ការលក់​សៀវភៅ​នេះ នឹង​ទុក​សម្រាប់​ការរៀបចំ​មហោស្រព​នៅ​ឆ្នាំ​បន្ទាប់​ទៀត​។​

«​យើង​ចង់​ធ្វើ​មហោស្រព​នេះ​នៅតាម​បណ្ដា​ខេត្ត​នានា ដើម្បីឱ្យ​ចរន្ត​នៃ​ការផ្សព្វផ្សាយ​ពី​វប្បធម៌​និង​អក្សរសាស្ត្រ​ខ្មែរ មាននៅ​គ្រប់​ទីកន្លែង​។ សម្រាប់​អ្នកចូលរួម ខ្ញុំ​ចង់ឱ្យ​ពួកគាត់​គិតថា ហេតុអ្វី​បានជា​ពួកយើង​ធ្វើ​កម្មវិធី​នេះ​ឡើង​? អ្នកចូលរួម​គ្រាន់តែ​អាន​សៀវភៅ​ឱ្យបាន​ច្រើន នោះ​បានន័យថា​ពួកគាត់​បាន​ជួយ​ដល់​មហោស្រព ជួយ​ដល់​ខ្លួនឯង និង​ជួយ​ដល់​សង្គម​ទាំងមូល ហើយ​ទាំងនេះ​គឺជា​អ្វីដែល​មហោស្រព​ចង់បាន​»​។

​ជា​គម្រោង នៅ​ឆ្នាំក្រោយ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ គ្រោង​រៀបចំ​នៅ​ខេត្តពោធិ៍សាត់​៕



Tag:
 អក្សរសិល្ប៍​
  អក្សរសាស្ត្រ​
  មហោស្រព​
  តាំងពិព័រណ៍​
  សៀវភៅ​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com