ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​ឱ្យ​ក្រុមហ៊ុន​ចិន បង្កើត​ឧទ្យាន​វប្បធម៌​កម្ពុជា​-​ចិន នៅ​សៀមរាប​
13, Oct 2019 , 2:09 pm        
រូបភាព
លោក សុខ ចន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)
លោក សុខ ចន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)
​ភ្នំពេញ​៖  ក្រុមហ៊ុន​ចិន​មួយ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អនុម័ត​ជា​ផ្លូវ​ការឱ្យ​បង្កើត​ឧទ្យាន​វប្បធម៌​កម្ពុជា​-​ចិន នៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ទ្រាំង ឃុំ​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ គម្រោង​បង្កើត​ឧទ្យាន​វប្បធម៌​កម្ពុជា​-​ចិន មាន​ទុនវិនិយោគ​ចំនួន​២៧,៥​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​CDC កាលពី​ថ្ងៃទី​១១​តុលា ឆ្នាំ​២០១៩​។



​បើតាម​CDC ក្រុមហ៊ុន​វិនិយោគ​ចិន​នោះ​មាន​ឈ្មោះថា ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD  ហើយ​តាមរយៈ​គម្រោង​នេះ​នឹង​អាចបង្កើត​ការងារ​បាន​ជាង​២០០​កន្លែង សម្រាប់​ប្រជាពលរដ្ឋ ពិសេស​អ្នក​រស់នៅក្នុង​តំបន់​នោះ​តែម្តង​។​

​ជាមួយគ្នានេះ CDC ក៏បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ផ្សេងៗ​ចំនួន​៦​ទៀត បង្កើត​រោងចក្រ​នៅ​តំបន់​ផ្សេង​ពីគ្នា​ផងដែរ​។  គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​៦​នេះ មាន​ប្រមាណ​៣២,២​លាន​ដុល្លារ ព្រមទាំង​អា​ចប​ង្តើ​ត​ឱកាស​ការងារ​បាន​រហូត​ទៅដល់​ជាង​៤​ពាន់​កន្លែង​។​

​ក្រុមហ៊ុន​វិនិយោគ​ដែល​CDC​បានអនុម័ត​ទាំងនោះ​មាន CAMBODIAN NOBLE TASTE FOOD CO., LTD  គ្រោង​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ ដែលមាន​តម្លៃ​ជាង​១៦​លាន​ដុល្លា នៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ក្រុមហ៊ុន M.H.K.Y Manufactures CO., LTD ចំណាយ​ទុនវិនិយោគ​២,២​លាន​ដុល្លារ​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ​-​ម៉ូតូ​កង់​បី និង​ក្រុមហ៊ុន HONGFAXIANG INDUSTRIAL CO., LTD​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿងផ្សំ​កាបូប ក្នុង​ទំហំ​ទឹកប្រាក់​ជិត​៤​លាន​ដុល្លារ នៅ​ខេត្តកណ្តាល​។ ក្នុងនោះ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ​-​ម៉ូតូ​កង់​បី មាន​ទីតាំងនៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល​។ រីឯ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿងផ្សំ​កាបូប​វិញ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល​។


​រីឯ​ក្រុមហ៊ុន ZHENG MENG Cosmetics CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងសំអាង​តម្លៃ​២,៤​លាន​ដុល្លារ និង​ក្រុមហ៊ុន HON CHUAN (CAMBODIA) CO., LTD គ្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​ដប​ប្លា​ស្ទីក គំរប​ដប​ប្លា​ស្ទីក និង​ផ្លាកសញ្ញា​បិទ​លើ​ដប​គ្រប់​ប្រភេទ​តម្លៃ​៤,៧​លាន​ដុល្លារ​។ គម្រោង​ពីរ​ទាំងនេះ​មាន​ទីតាំងនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ដោយឡែក គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​បម្រើឱ្យ វិស័យ​សំណង់ វិនិយោគ ២,៧​លាន​ដុល្លារ របស់ ក្រុមហ៊ុន BRIDGE INDUSTRY (CAMBODIA) CO., LTD មាន​ទីតាំង នៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ នេះ​បើតាម​CDC៕
















Tag:
 វិនិយោគ​
  CDC
  សៀមរាប​
  ព្រះសីហនុ​
  កណ្តាល​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com