អន្តរជាតិ
អាជ្ញាធរ​ក្រុង​ហាណូយ គ្រោង​បិទ​អាជីវកម្ម​កាហ្វេ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​
13, Oct 2019 , 8:39 pm        
រូបភាព
តាមរយៈហាងកាហ្វេនៅតាមបណ្តោយផ្លូវរថភ្លើង (Train Street) ទេសចរនិយមទៅ​ថតរូបយ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរមានកង្វល់លើ​បញ្ហាសុវត្ថិភាព។ រូបថត AFP
តាមរយៈហាងកាហ្វេនៅតាមបណ្តោយផ្លូវរថភ្លើង (Train Street) ទេសចរនិយមទៅ​ថតរូបយ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរមានកង្វល់លើ​បញ្ហាសុវត្ថិភាព។ រូបថត AFP
ដោយ: ធីតា
​ក្រោម​ហេតុផល​ព្រួយបារម្ភ​សុវត្ថិភាព អាជ្ញាធរ​ក្រុង​ហាណូយ គំរាម​បិទ​អាជីវកម្ម​ហាង​កាហ្វេ​នៅតាម​បណ្តោយ​ផ្លូវ​ដែលមាន​រថភ្លើង​ឆ្លងកាត់​។ តំបន់​ទាំងនោះ ដែលមាន​ឈ្មោះថា «Train Street» ក្លាយជា​ទីតាំង​ទេសចរណ៍​ដ៏​ពេញនិយម ប៉ុន្តែ​វា​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​ផងដែរ ដោយ​មនុស្ស​ជាច្រើន​ចូលចិត្ត​នាំគ្នា​ថត Selfie ដោយ​មិន​ប្រុងប្រយ័ត្ន​។​



​រដ្ឋធានី​ហាណូយ ជាទី​តាំង​ទេសចរណ៍​ដ៏​សំខាន់​របស់​វៀតណាម ជាពិសេស​ភ្ញៀវ​ពី​លោកខាងលិច ដោយសារតែ​សំណង់​អគារ​ចាស់ៗ និង​មធ្យោបាយ​ទាក់ទាញ​ផ្សេង​។ ផ្លូវ​រថភ្លើង​ដែល​សាងសង់​កាលពី​សម័យ​បារាំង​នា​អំឡុង​ឆ្នាំ​១៩០២ បាន​ទាក់ទាញ​អ្នកទេសចរ​ជាច្រើន ដោយ​ពួកគេ​នាំគ្នា​ទៅ​ហាង​កាហ្វេ​ដែល​នៅក្បែរនោះ ហើយ​នាំគ្នា​ថត Selfie ទុកជា​អនុស្សាវរីយ៍​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​ក្រុង​ហាណូយ យល់ថា ជីវិត​មនុស្ស​គឺជា​អាទិ​ភាព ដូច្នេះ​ពួកគេ​មិន​បណ្តោយ​ឲ្យ​មានដំណើរ​អាជីវកម្ម ដែលមាន​រថភ្លើង​ឆ្លងកាត់​ដ៏​មមាញឹក​នោះឡើយ​។ យោងតាម CNN លោក Ha Van Sieu អនុប្រធាន​រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ហាង​កាហ្វេ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ពិតជា​ទាក់ទាញ​ទេសចរ​ច្រើន ប៉ុន្តែ​វា​ក៏មាន​ករណី​រំលោភ​បទបញ្ជា​មួយចំនួន​ផងដែរ​»​។​

​ដោយ​មិន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពីបទ​បញ្ជា មន្ត្រី​រូបនេះ បាន​អះអាងថា «Train Street» ត្រូវតែ​ជាទី​តាំង​ដែលមាន​សុវត្ថិភាព ដែល​ទេសចរ​ទាំងអស់​ត្រូវ​យ​ល់​ដឹង​។ ប៉ុន្តែ​ករណីនេះ អាច​ប្រើ​ពេលវេលា​យូរ ដោយសារតែ​ម្ចាស់​ហាង​កាហ្វេ​ភាគច្រើន​គឺជា​ពលរដ្ឋ​ដែល​ស្ថិតនៅ​មូលដ្ឋាន​នោះ​ផ្ទាល់


Tag:
 កាហ្វេ​
  ហាណូយ
© រក្សាសិទ្ធិដោយ thmeythmey.com