អន្តរជាតិ
​ព្យុះ Hagibis៖ ជប៉ុន​ពង្រីក​ប្រតិបត្តិ​ការរុករក​ជន​រងគ្រោះ ខណៈ​អ្នកស្លាប់​កើន​ជិត​២០​នាក់​
13, Oct 2019 , 3:05 pm        
រូបភាព
កងកម្លាំងសរុបប្រមាណ២៧០០០នាក់ បានធ្វើប្រតិបត្តិការផ្លូវគោក ទឹក និងអាកាស។ រូបថត AFP
កងកម្លាំងសរុបប្រមាណ២៧០០០នាក់ បានធ្វើប្រតិបត្តិការផ្លូវគោក ទឹក និងអាកាស។ រូបថត AFP
ដោយ: ថ្មីៗ
​អាជ្ញាធរ​ជប៉ុន បន្ត​ប្រតិបត្តិ​ការសង្គ្រោះ និង​រុករក​អ្នក​បាត់​ខ្លួន ក្រោយ​ការវាយប្រហារ​ដោយ​ព្យុះ​កំណាច Hagibis កាលពី​ថ្ងៃ​សៅរ៍​កន្លងមក​។ គិត​ត្រឹម​រសៀល​ថ្ងៃអាទិត្យ ទី​១៣ ខែតុលា នេះ មនុស្ស​១៨​នាក់​ហើយ​ដែល​បាន​បាត់បង់​ជីវិត​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​កងកម្លាំងប្រដាប់អាវុធ​ជប៉ុន​រាប់ពាន់នាក់ ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ប្រតិបត្តិ​ការរុករក និង​ជួយសង្គ្រោះ​ជីវិត​បន្ថែមទៀត​។ ករណី​ស្លាប់​ត្រូវបាន​រាយការណ៍​ថា ភាគច្រើន​បណ្តាលមកពី​ការបាក់​ដី និង​ជាប់គាំង​ក្នុង​រថយន្ត ដែល​បោកបក់​ទៅតាម​រលក​ជំនន់​ទឹកភ្លៀង​។​

​ព្យុះ Hagibis បាន​បង្ក​ឲ្យ​មានការ​បាក់​ដី​ចាប់ពី​ភាគខាងត្បូង​ក្រុង​តូ​ក្យូ ហើយ​បន្តទៅ​ភាគ​ខាងជើង​។ ក្រោយមក​ក៏បាន​ឲ្យ​មាន​ជា​គ្រោះទឹកជំនន់​។ បណ្តាញ​ព័ត៌មាន​រដ្ឋ NHK បាន​អះអាងថា បច្ចុប្បន្ន មនុស្ស​១៣​នាក់​កំពុង​បាត់​ខ្លួន​នៅឡើយ ខណៈ​ប្រមាណ​៧​លាន​នាក់​ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។​

​កងកម្លាំង​សរុប​ប្រមាណ​២៧០០០​នាក់ បានធ្វើ​ប្រតិបត្តិការ​ផ្លូវគោក ទឹក និង​អាកាស ជាពិសេស​តាមមើល​លើ​ដំបូង​ផ្ទះ ដើម្បី​ស្វែងរក​ពលរដ្ឋ​ដែល​ត្រូវការ​ការជួយ​សង្គ្រោះ​។ ផ្ទះ​ប្រមាណ​៤០០ ០០០​ខ្នង ត្រូវបាន​កាត់ផ្តាច់​ចរន្តអគ្គិសនី ខណៈ​សេវាកម្ម​រថភ្លើង និង​ជើងហោះហើរ ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​៕



Tag:
 ព្យុះ Hagibis
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com