ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តន្ត្រី​ស្គរ​ថូន​នៅតែ​ពេញនិយម​សម្រាប់​អ្នក​ឧ​ត្ត​រ​មានជ័យ​
13, Oct 2019 , 9:59 pm        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ អ្នករស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅ​រក្សាបាន​តន្ត្រី​ស្គរ​ថូន សម្រាប់​សម្ដែង​ក្នុង​កម្មវិធី​នានា​ដូចជា​ក្នុង​ពិធី​ចូលឆ្នាំ ភ្ជុំបិណ្ឌ ពិធី​អាពាហ៍ពិពាហ៍ និង​បញ្ជាន់អារក្ស ជាដើម​។ តន្ត្រី​ស្គរ​ថូន​នេះ គេ​ប្រគំ​ដើម្បី​រាំលេង​កម្សាន្ត​សប្បាយ ក្នុង​ពិធីបុណ្យ​នានា​សម្រាប់​អ្នករស់នៅ​តាម​ទីជនបទ​មួយចំនួន ជាពិសេស​អ្នករស់នៅ​ខេត្ត​ភាគ​ខាងជើង​ប្រទេស​។​



​តទៅ​នេះ​សូម​រីករាយ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​




​គេ​ប្រគំ​តន្ត្រី​ស្គរ​ថូន ដើម្បី​រាំលេង​កម្សាន្ត​នៅតាម​ទីជនបទ ក្នុងពេល​មាន​ពិធីបុណ្យ​ដូចជា​បុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ជាច្រើន​ទៀត ទៅតាម​ការនិយម​រប​ស់​ភូមិ​ស្រុក​នានា​។ គេ​អាច​ហៅ​តន្ត្រី​ស្គរ​ថូន​បាន​៣​បែប​គឺ តន្ត្រី​ស្គរ​ថូន តន្ត្រី​ថូន និង​ភ្លេង​ថូន​។ វង់ភ្លេង​នេះ​ទំនង​កើត​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៥០​។ ក្នុង​បទ​ចម្រៀង​”​តា​ចាស់​ចង់បាន​ប្រពន្ធ​ក្មេង​” ដែល​ច្រៀង​ដោយ​អ្នកស្រី ឈួន ម៉ាឡៃ ក៏បាន​និយាយ​ពី​តន្ត្រី​ស្គរ​ថូន​ដែរ​។  



​ឧក​រណ៍​ភ្លេង​ក្នុង​វង់​តន្ត្រី​ថូន ដែលមាន​តាំងពីដើម​មាន ទ្រ ស្គរ​ដៃ ឈឹង​ឈឹប កញ្ចែ និង​មាន​អ្នក​ច្រៀង​នារី​ម្នាក់​និង​បុរស់​ម្នាក់​។ ត​មក​សម័យ​ក្រោយ​ទៀត គេ​បាន​ច្នៃ​វង់ភ្លេង​ថូន ដាក់បញ្ចូល​ឧបករណ៍​ភ្លេង​ដូចជា ស្គរ​ប៉ុក ស្គរ​ភ្លោះ និង​គែន ដើម្បីឱ្យ​តន្ត្រី​នេះ​កាត់​តែ​ពីរោះ​។   

​ក្រោយពី​ចាស់ៗ​ក្នុងភូមិ ដែល​ចេះ​លេងភ្លេង​ថូន​រលោះ​ច្រើន​ទៅ លោក ម៉ុ​ន ហៃ ដែលជា​មេភូមិ​ផង​នោះ បាន​រៀន​ចំ​បង្កើតឱ្យមាន​តន្ត្រី​ថូន​ប្រចាំ​ភូមិ​ក្រសាំង ឃុំ​បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ថែរក្សា​តន្ត្រី​ប្រចាំ​ភូមិ​មួយ​នេះ​។



«​ខ្ញុំ​បង្កើត​វង់ភ្លេង​ថូន​នេះ​បាន​៣​ឆ្នាំ​ហើយ​។ នៅ​ឆ្នាំ​ទី​១​និង​ទី​២​បាន​ទៅ​សម្ដែង​ច្រើន​មិនបាន​ឈប់​ទេ ព្រោះ​បងប្អូន​និយម​។ ប៉ុន្តែ​ចូលមក​ឆ្នាំ​ទី​៣​រយាល ដោយសារតែ​មួយឆ្នាំ​ចុងក្រោយ​នេះ ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅទីនេះ សឹងតែរ​កស្រូវ​អង្ករ​ហូប​គ្មាន​ផង គឺ​ត្រូវ​ទិញ​អង្ករ​គេ​ទាំងអស់​។ អ្នក​ដែល​ធ្លាប់មាន​អង្ករ ធ្លាប់ធ្វើ​ស្រូវ​បាន ពេលនេះ​ក៏​ខ្សត់ខ្សោយ​ដែរ ដូច្នេះ​រឿង​អ្វី​ទាំងអស់​ត្រូវ​កាត់បន្ថយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ុ​ន ហៃ​។



​ដៃ​កាន់​ឧបករណ៍​ភ្លេង​ទ្រ អង្គុយ​ក្រោមផ្ទះ​របស់ខ្លួន​លោក ហៃ ត្អូញត្អែរថា ដោយសារតែ​គ្រោះរាំងស្ងួត​បានធ្វើឱ្យ​អ្នកភូមិ​ក្រីក្រ ហើយ​ពួកគេ​ក៏​មិនសូវ​ជួល​តន្ត្រី​ថូន​ទៅ​សម្ដែង​ក្នុង​កម្មវិធី​ដែរ​។ ចំណែក​តន្ត្រីសម័យ​ក៏​ជា​ឧបសគ្គ​ចំពោះ​តន្ត្រី​ស្គរ​ថូន​ដែរ តែ​ទោះជា​យ៉ាងណា លោក​មេភូមិ​ដែលជា​ប្រធាន​ក្រុម​វង់ភ្លេង ថា​នៅតែមាន​អ្នកគាំទ្រ​តន្ត្រី​ស្រុកស្រែ​នេះ​។​

៖«​ការផ្លាស់ប្ដូរ​របស់​ម​ហា​ជន​មិន​ទៀង ជួនកាល​គាត់​និយម​ស្គរ​ដៃ​ដែលជា​ស្គរ​ថូន​នេះ ជួនកាល​គាត់​និយម​ធុងបាស ត្រង់នេះ​វា​ពាក់កណ្ដាល​ម្នាក់​។ ក្នុង​កម្មវិធី​នីមួយៗ​ក្មេងៗ​វាត​វ៉ា​យក​ភ្លេង​ដែល​វា​ពេញចិត្ត អ្នកណា​តវា​ឈ្នះ អ្នកនោះ​បាន​ទៅ​»​។​

​លោក ម៉ុ​ន វណ្ណៈ វ័យ​៣១​ឆ្នាំ ជា​តន្ត្រីករ​មួយរូប​ក្នុង​វង់ភ្លេង​នេះ បាន​ប្រាប់​ពី​ភាព​ខុសប្លែកគ្នា​ចំពោះ​វង់ភ្លេង​ការ​និង​វង់ភ្លេង​ថូន ក្រោយពី​លោក​ហាត់​សមរួច​៖«​តន្ត្រី​ស្គរ​ថូន​លេង​ក្នុង​ពិធីសែនព្រេន​ក៏បាន ពិធីមង្គលការ​ក៏បាន​។ វង់ភ្លេង​ការ​មាន​ឧបករណ៍ តាខេ ឃឹម ទ្រសោ ទ្រអ៊ូ និង​ប៉ីអ ប៉ុន្តែ​ភ្លេង​ថូន មានតែ​ស្គរ​ប៉ុក ទ្រ ស្គរ​ភ្លោះ និង​ស្គរ​ដៃ​»​។ 



​បុរស​សម្បុរ​ស្រអែម​រូបនេះ​ពន្យល់​បន្ថែម​ពី​តួនាទី តន្ត្រី​ស្គរ​ថូន​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​៖«​បើសិនជា​ម្ចាស់​កម្មវិធី​ត្រូវ​ការឱ្យ​លេងភ្លេង​នេះ​បញ្ចូល​ក្នុង​បាស ខ្ញុំ​ក៏​អាច​លេង​បញ្ចូល​បានដែរ​។ លេងភ្លេង​ប្រហែលជា​កន្លះ​យប់ ខ្ញុំ​បាន​ប្រាក់​៤​ឬ​៥​ម៉ឺន​រៀល​»​។​

​ចំណែក​តន្ត្រីករ​មួយរូប​ទៀត ទើបតែ​ចូលក្នុង​ក្រុម​ភ្លេង​នេះ​បាន​២​ឆ្នាំ​។ មាន​អាយុ​៤១​ឆ្នាំ​លោក គីម កង អាច​ទៅលេង​ភ្លេង​បានតែ​ពេលដែល​លោក​ទំនេរ​ពី​ការងារ​ស្រែចម្ការ​តែប៉ុណ្ណោះ​៖«​ឃើញ​តា​(​ប្រធាន​ក្រុម​ភ្លេង​)​លេង ខ្ញុំ​មកសុំ​តា​លេង​ដែរ​។ ពេល​ត្រូវ​ទៅ​សម្ដែង​នៅទីណា តា​ក៏​ហៅ​ខ្ញុំ​ទៅ ហើយ​បើ​ថ្ងៃ​ណា​ខ្ញុំ​រវល់ តា​ក៏​រក​អ្នកផ្សេង​ទៅ​»​។



​បុរស​ពាក់អាវ​ពណ៌​បៃតង​លា​យស សម្ដី​រដឺន​រូបនេះ ថា​នៅពេល​ប្រគំ​ភ្លេង​បញ្ជាន់អារក្ស តន្ត្រីករ​មានការ​នឿយហត់​ជាង​លេង​ក្នុង​ពិធី​ផ្សេងៗ ហើយ​លោក​ពន្យល់​ដូច្នេះ​៖«​លេងភ្លេង​បញ្ចូល​គ្រូ​ហត់​បន្តិច ព្រោះ​ត្រូវ​លេង​យូរ ជួន​ទៅ​ត្រូវ​លេង​មួយថ្ងៃ​ទល់​ល្ងាច​។ បើ​គ្រូ​ចាស់ៗ​ឆាប់​ចូល​យើង​លេង​ឆាប់​ចង់​ដែរ តែបើ​គ្រូ​ថ្មីៗ​មិន​ងាយ​ចូល​ទេ ដូច្នេះ​យើង​ត្រូវ​លេង​យូរ​ដែរ​»​។​

​មានកូន​៤​នាក់ លោក កង មិនទាន់​ឱ្យ​កូនៗ​ចាប់យក​ជំនាញ​ភ្លេង​ឡើយ បើទោះបីជា​ពួកគេ​មាន​ចំនូលចិត្ត​ក្ដី ព្រោះ​ដើម្បីឱ្យ​ពួកគេ​ខំរៀន​ចំណេះដឹង​ទូទៅ​សិន​៖«​មានកូន​ខ្លះ​ចង់​រៀន​ភ្លេង​ដែរ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​ឱ្យ​ពួកវា​ប្រឹង​រៀនអក្សរ​សិន​»​។



​អង្គុយ​លើ​កៅអី​ឈើ​ក្រោមផ្ទះ​របស់ខ្លួន លោក ម៉ុ​ន ហៃ ដែលជា​ប្រធាន​ក្រុម​តន្ត្រី​ថូន ថា​តន្ត្រី​នេះ​អាច​លេង​ក្នុង​ពិធី​ច្រើន ទៅតាម​ភូមិ​ស្រុក​ដែល​គេ​និយម​លើកលែងតែ​ក្នុង​ពិធី​បុណ្យសព​៖«​ក្រុម​ខ្ញុំ​នៅ​ខ្វះ​អ្នកចម្រៀង​និង​នៅ​ខ្វះ​ដៃ​ទ្រ​។ ខ្ញុំ​មើលទៅ​តន្ត្រី​ថូន​នេះ​លេង​ក្នុង​ពិធី​អ្វី​ក៏បាន ចូលឆ្នាំ ភ្ជុំបិណ្ឌ ភ្លេងអារក្ស ក​ន្ទ្រឹ​ម ក​ន្ទ្រឹ​ម​ថូន គឺ​ទៅតាម​បងប្អូន​ដែល​និយម​ចូលចិត្ត​»​។​

​ប្រធាន​ក្រុម​ភ្លេង​ដែលមាន​វ័យ​៦៤​ឆ្នាំ​រូបនេះ ចង់យក​ឧបករណ៍​ភ្លេងសម័យ​បរទេស​មក​បញ្ចូល​ក្នុង​តន្ត្រី​ស្គរ​ថូន ដើម្បីឱ្យ​កាន់តែ​មានការ​គាំទ្រ​។ ចំពោះ​តម្លៃ​លោក ម៉ុ​ន ហៃ យក​ពី​ម្ចាស់​កម្មវិធី​នៅ​ប្រើ​មនោសញ្ចេតនា​ច្រើន​៖«​ចិត្ត​ខ្ញុំ​ចង់ឱ្យ​ឧបករណ៍​ភ្លេងសម័យ​ចូល​ជាមួយ​ឧបករណ៍​បុរាណ​នេះ ដើម្បី​បំផុត​មហាជន​។ ឧបករណ៍​បរទេស​និង​បុរាណ​អាច​លេង​ច្នៃ​ជាមួយគ្នា​បាន​។ ខ្ញុំ​នៅ​ខ្វះ​ស្គរជាន់ ព្រោះ​ខ្ញុំ​រកប្រាក់​មិនទាន់បាន​ទិញ​។ ខ្ញុំ​យក​តម្លៃ​ពី​គេ​នៅ​តំបន់​ឆ្ងាយៗ ៤០​ម៉ឺន​រៀល បើ​នៅក្នុង​ស្រុក​ក្នុងភូមិ​ជួន​៣៥​ម៉ឺន​ជួន​ជាង​២០​ម៉ឺន​។ អ្នក​នៅ​ស្រុកស្រែ​ជនបទ​យើង នៅ​ប្រើ​មនោសញ្ចេតនា​ច្រើន មិនទាន់​ដាច់​គ្នា​ទេ​»៕





Tag:
 ឧ​ត្ត​រ​មានជ័យ​
  តន្ត្រី​ស្គរ​ថូន​
  សិល្បៈ​
  តន្ត្រី​
  ឧបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com