FIFA
កីឡាជាតិ
ជាតិ
លោក Honda ថា សុខចិត្ត​យក​ជម្រើស​ដែល​បាន​លទ្ធផល​ដ៏​ឈឺចាប់ ជាជាង​លេង​ការពារ​
13, Oct 2019 , 4:10 pm        
រូបភាព
លោក Keisuke Honda អ្នក​ចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ រូបថត FFC
លោក Keisuke Honda អ្នក​ចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ រូបថត FFC
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ពិតជា​មិនអាច​ឈ្នះ​អ៊ីរ៉ង់​បានឡើយ​! លោក Keisuke Honda ដឹង លោក Felix Dalmas ដឹង ក្រុម​កីឡាករ​ដឹង អ្នកគាំទ្រ​ក៏​សុទ្ធតែ​ដឹង​។ ៤៥​នាទី​ដំបូង​នៃ​ជំនួប​ពូ​ល C វគ្គ​ជម្រុះ World Cup ជុំ​ទី​ពីរ ក្រុម​លេខ​១​អាស៊ី បាន​ស៊ុត​បាល់​បញ្ចូល​ទី​៧​គ្រាប់​ក្នុងការ​ប្រកួត​ដែល​ស្ថិតក្រោម​ក្រសែភ្នែក​អន្តរជាតិ ពោលគឺ​ចំនួន​ស្ត្រី​អ៊ីរ៉ង់​រហូតដល់​ទៅ​៣៥០០​នាក់​ទស្សនាការ​ប្រកួត​ផ្ទាល់​នៅ​កីឡដ្ឋាន Azadi ក្រុង​តេ​ហេ​រ៉ង់​។ អ៊ីរ៉ង់​បន្ត​វាយ​សម្រុក​នៅ​តង់​ទី​ពីរ ប៉ុន្តែ​កម្ពុជា​បែរ​មិន​លេង​បែប​ការពារ ហើយ​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​រកបាន​៧​គ្រាប់​បន្ថែមទៀត ដោយ​បញ្ចប់​ក្នុង​លទ្ធផល​រហូតដល់ ១៤-០​។​



​សម្រាប់​លោក Keisuke Honda ១៤-០ ពិតជា​លទ្ធផល​ដ៏​ឈឺចាប់​បំផុត  ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ជប៉ុន​រូបនេះ បន្ត​ដឹកនាំ​ក្រុម​ទៅតាម​ជម្រើស​ដែល​បាន​ព្រៀងទុក​របស់ខ្លួន​។ «​ការប្រកួត​ចាញ់​អ៊ីរ៉ង់ គឺជា​ការប្រកួត​ដែល​អាច​ឲ្យ​យើង​ដឹងថា តើ​យើង​នៅ​កន្លែង​ណា​?»​។ នេះ​ជាការ​សំដី​របស់លោក Honda ហើយ​ត្រូវបាន​ដកស្រង់​យកទៅ​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​។​

​ហេតុអ្វី​? វីរបុរស​ក្រុម​ជម្រើសជាតិ​ជប៉ុន បាន​អះអាងថា «​ជាការ​ពិត បើសិនជា​ខ្ញុំ​ជ្រើសរើស​យុទ្ធសាស្ត្រ​លេង​បាល់​វែង ឬ​លេង​ទម្រង់​ការពារ ប្រហែលជា​យើង​អាច​ចាញ់​ត្រឹម​៤​គ្រាប់​ទៅ​៥​គ្រាប់​ប៉ុណ្ណោះ វា​ដូចជា​ការប្រកួត​ជម្រុះ World Cup មុនៗ អ៊ីចឹង ប៉ុន្តែ​វា​មិនបាន​ទទួល​អ្វី​មកវិញ​ទេ ដើម្បី​ភាព​រីកចម្រើន​នៃ​បាល់ទាត់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​»​។​

​លោក Honda ទទួលស្គាល់ថា ការ​ចាញ់​អ៊ីរ៉ង់​ដល់​ទៅ​១៤-០ ជា​លទ្ធផល​ដ៏​ឈឺចាប់​បំផុត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ លោក​បាន​បន្ថែមថា​៖ «​អ្នក​ដែល​ចងចាំ​ការប្រកួត​នោះ​យូរ​ជាងគេ អ្នកនោះ​ក៏​អាច​ជោគជ័យ​ក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន​ដ៏​យូរអង្វែង​ជាងគេ​ផងដែរ​»​។​

​ក្រោយ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​នៅ​តេ​ហេ​រ៉ង់ កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​អ៊ីរ៉ាក់​នា​ល្ងាច​ថ្ងៃទី​១៥ ខែតុលា​។ នៅក្នុង​ពូ​ល C អ៊ីរ៉ង់​ឈរលើ​កំពូល​តារាង ដោយមាន​៦​ពិន្ទុ រីឯ​អ៊ីរ៉ាក់ និង​បា​រ៉ែ​ន ដែល​ទើប​ប្រកួត​បាន​២​លើក​ដូចគ្នា មាន​៤​ពិន្ទុ​។ កម្ពុជា និង​ហុងកុង ដែល​ប្រកួត​បាន​៣​លើក​ទៅហើយនោះ ទើប​មាន​១​ពិន្ទុ​រៀងៗ​ខ្លួន​៕


Tag:
 ជម្រើសជាតិ​កម្ពុជា​
  World Cup
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com