អន្តរជាតិ
បើត្រីបាឡែនដកដង្ហើមតាមសួត តើវាដេកក្នុងទឹកដោយដូចម្តេច?
× ថនិកសត្វដែលរស់នៅក្នុងទឹកមួយចំនួនមានដូចជា បាឡែន ឬដូហ្វីនចំណាយពេលរស់នៅតំបន់ទឹកជ្រៅទន្លេ បឹង សមុទ្រ និងមហាសមុទ្រនានា។ ដោយសារតែពពួកថនិកសត្វទឹកមិនមានស្រកីសម្រាប់ដកដង្កើមក្នុងទឹកនោះទេ ពួកគេត្រូវការងើបមកដកដង្ហើមជារឿយនៅតាមផ្ទៃទឹកតាមសួត។ តែមានសំណួរមួយចោតថា តើពួកគេដកដង្ហើមយ៉ាងដូចម្តេចនៅពេលដេកក្នុងទឹក?
ការសង្កេតរបស់អ្នកជំនាញទៅលើសត្វបាឡែន និងដូហ្វីននៅក្នុងសួនសត្វ និងនៅក្នុងធម្មជាតិបានឲ្យដឹងថា សត្វទាំងនេះដេកក្នុងទឹក ក្នុងលំនាំពីរប្រភេទ។ លំនាំទីមួយ គឺពួកគេដេកនៅស្ងៀម អាចបញ្ឈរ ឬផ្ទេក និងលំនាំទីពីរ គឺពួកគេដេក និងហែលទៅមុខយឺតៗបណ្តើរ។ នេះបើតាមការលើកឡើងរបស់គេហទំព័រ Scientific American ។
នៅពេលដែលថនិកសត្វហែលបណ្តើរ និងដេកបណ្តើរ ពួកគេហាក់បីដូចជានៅក្នុងលំនាំសម្រាកធម្មតាអ៊ីចឹង។ មិនមែនដេកលក់ទាំងស្រុងនោះទេ។ កូនថនិកសត្វតូចៗត្រូវបានបំបៅ និងដេកនៅពេលដែលកំពុងតែហែលទៅមុខនៅក្បែខ្លួនប្រាណរបស់សត្វមេ ដោយមានការជួយរុញពីចរន្តទឹកដែលត្រូវបានបង្កើតឡើងនៅពេលដែលសត្វមេកំពុងហែល។
ចរន្តទឹកនេះ ជួយទាញកូនថនិកសត្វយឺតៗទៅតាមជាមួយ។ ដោយឡែក សត្វមេមិនអាចឈប់ហែលបានទេ រហូតទៅដល់ពីរបីសប្តាហ៍ ដោយសារតែវាបង្កាមិនឲ្យកូនថនិកសត្វលេចចុះទីក្រោមទឹក។ នេះគឺដោយសារតែកូនថនិកសត្វសមុទ្រមិនទាន់មានខ្លាញ់ក្នុងខ្លួនគ្រប់គ្រាន់ឲ្យអណ្តែតបានស្រួលបួលនោះទេ។ ក្នុងការហែលយូរ ក្នុងចម្ងាយឆ្ងាយ ក្រុមថនិកសត្វទឹកតែងហែលជាគូ ឬជាក្រុម ក្នុងការការពារកូនតូចៗ និងជួយគ្នាទៅវិញទៅមកនៅពេលដែលថនិកសត្វមួយកំពុងចូលដេក។
ចំពោះដូហ្វីនខ្លះ ការដេកគឺទាមទារឲ្យខួរក្បាលមួយចំហៀងសម្រាក និងមួយចំហៀងនៅធ្វើការ និងបញ្ជូនពត៌មានទៅវិញទៅមក។ វាគឺដើម្បីជួយដុលហ្វីនក្នុងការជៀសវាងឧបសគ្គ សត្វរំពារ និងដើម្បីដឹងខ្លួនសម្រាប់ដកដង្ហើម។ ជារឿងរាល់ពីរម៉ោងម្តង ដូហ្វីននិងផ្លាស់ប្តូរផ្នែកដំណើរការនៃខួរក្បាល ដែលសម្រាកផ្នែកដែលបានប្រើប្រាស់ និងដាស់ផ្នែកដែលបានសម្រាកហើយ។ ជាធម្មតា ដូហ្វីនដេកតែ២ម៉ោងប៉ុណ្ណោះក្នុងពេលម្តងៗជាពិសេសពេលយប់។
ក្នុងមួយថ្ងៃ ពួកគេអាចដេកទៅដល់ជាង៦ម៉ោង។ ចំពោះមនុស្ស យើងមានញាណដែលអាចធ្វើឲ្យយើងដកដង្ហើមដោយស្វ័យប្រវត្តិ តែសម្រាប់ពពួកថនិកសត្វទឹកទាំងនោះវិញ ពួកគេមិនមានប្រព័ន្ធស្វ័យប្រវត្តិនេះដូចមនុស្សនោះទេ។ ពួកគេត្រូវទាមទារឲ្យមានការដឹកខ្លួនជានិច្ចក្នុងការងើបមកផ្ទៃទឹកសម្រាប់ការដកដង្ហើម។
សត្វទាំងនេះក៏បានចំណុះសួតធំជាងមនុស្សផងដែរ បើប្រៀបធៀបជាមួយនឹងទំហំខ្លួនប្រាណ។ កោសិកាឈាមក្រហមរបស់ពួកគេក៏អាចដឹកអុកស៊ីសែនបានច្រើនជាងកោសិកាឈាមរបស់មនុស្សផងដែរ។ ម្យ៉ាងវិញទៀត ពពួកថនិកសត្វសមុទ្រអាចទ្រាំទ្រជាមួយនឹងកម្រិតបរិមាណកាបូកឌីអុកស៊ីតក្នុងខ្លួនប្រាណបានច្រើនជាមនុស្ស។
ជាមួយគ្នាដែរ ថនិកសត្វសមុទ្រអាចបន្ថយចំនួនដកដង្ហើមនៅពេលសម្រាក ដើម្បីសន្សំសំចៃអុកស៊ីសែន។ ដូហ្វីនឬបាឡែនមួយចំនួនស្លាប់នៅក្នុងទឹកដោយសារតែការជាប់សំណាញ់ និងមិនអាចងើបទៅដកដង្ហើមបាន។ សម្រាប់មនុស្ស វាហាក់បីដូចជាការរស់នៅមួយដ៏លំបាក និងចម្លែក តែសម្រាប់ពពួកថនិកសត្វសមុទ្រទាំងនោះវិញ វាគឺការរស់នៅធម្មតាប្រចាំថ្ងៃ អស់ពេលរាប់លានឆ្នាំនៃការវិវត្តមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com