អន្តរជាតិ
បើ​ត្រី​បា​ឡែ​ន​ដកដង្ហើម​តាម​សួត តើ​វា​ដេក​ក្នុង​ទឹក​ដោយ​ដូចម្តេច​?
13, Oct 2019 , 4:31 pm        
រូបភាព
​ថនិកសត្វ​ដែល​រស់នៅក្នុង​ទឹក​មួយចំនួន​មានដូចជា បា​ឡែ​ន ឬ​ដូ​ហ្វី​ន​ចំណាយពេល​រស់នៅ​តំបន់​ទឹក​ជ្រៅ​ទន្លេ បឹង សមុទ្រ និង​មហាសមុទ្រ​នានា​។ ដោយសារតែ​ពពួក​ថនិកសត្វ​ទឹក​មិនមាន​ស្រកី​សម្រាប់​ដក​ដ​ង្កើ​ម​ក្នុង​ទឹក​នោះទេ ពួកគេ​ត្រូវការ​ងើប​មក​ដកដង្ហើម​ជារឿយ​នៅតាម​ផ្ទៃ​ទឹក​តាម​សួត​។ តែមាន​សំណួរ​មួយ​ចោតថា តើ​ពួកគេ​ដកដង្ហើម​យ៉ាងដូចម្តេច​នៅពេល​ដេក​ក្នុង​ទឹក​?



​ការសង្កេត​របស់​អ្នកជំនាញ​ទៅលើ​សត្វ​បា​ឡែ​ន និង​ដូ​ហ្វី​ន​នៅក្នុង​សួនសត្វ និង​នៅក្នុង​ធម្មជាតិ​បាន​ឲ្យ​ដឹងថា សត្វ​ទាំងនេះ​ដេក​ក្នុង​ទឹក ក្នុង​លំនាំ​ពីរ​ប្រភេទ​។ លំនាំ​ទីមួយ គឺ​ពួកគេ​ដេក​នៅ​ស្ងៀម អាច​បញ្ឈរ ឬ​ផ្ទេ​ក និង​លំនាំ​ទី​ពីរ គឺ​ពួកគេ​ដេក និង​ហែល​ទៅមុខ​យឺតៗ​បណ្តើរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​គេហទំព័រ Scientific American ។

​នៅពេលដែល​ថនិកសត្វ​ហែល​បណ្តើរ និង​ដេក​បណ្តើរ ពួកគេ​ហាក់បីដូចជា​នៅក្នុង​លំនាំ​សម្រាក​ធម្មតា​អ៊ីចឹង​។ មិនមែន​ដេកលក់​ទាំងស្រុង​នោះទេ​។ កូន​ថនិកសត្វ​តូចៗ​ត្រូវបាន​បំបៅ និង​ដេក​នៅពេលដែល​កំពុងតែ​ហែល​ទៅមុខ​នៅក្បែ​ខ្លួនប្រាណ​របស់​សត្វ​មេ ដោយមាន​ការជួយ​រុញ​ពី​ចរន្តទឹក​ដែល​ត្រូវបាន​បង្កើតឡើង​នៅពេលដែល​សត្វ​មេ​កំពុង​ហែល​។

​ចរន្តទឹក​នេះ ជួយ​ទាញ​កូន​ថនិកសត្វ​យឺតៗ​ទៅតាម​ជាមួយ​។ ដោយឡែក សត្វ​មេ​មិនអាច​ឈប់​ហែល​បានទេ រហូត​ទៅដល់​ពីរ​បី​សប្តាហ៍ ដោយសារតែ​វា​បង្កា​មិន​ឲ្យ​កូន​ថនិកសត្វ​លេច​ចុះ​ទី​ក្រោម​ទឹក​។ នេះ​គឺ​ដោយសារតែ​កូន​ថនិកសត្វ​សមុទ្រ​មិនទាន់មាន​ខ្លាញ់​ក្នុង​ខ្លួន​គ្រប់គ្រាន់​ឲ្យ​អណ្តែត​បាន​ស្រួលបួល​នោះទេ​។ ក្នុងការ​ហែល​យូរ ក្នុង​ចម្ងាយ​ឆ្ងាយ ក្រុម​ថនិកសត្វ​ទឹក​តែង​ហែល​ជា​គូ ឬ​ជា​ក្រុម ក្នុងការ​ការពារ​កូនតូចៗ និង​ជួយ​គ្នា​ទៅវិញទៅមក​នៅពេលដែល​ថនិកសត្វ​មួយ​កំពុង​ចូលដេក​។

​ចំពោះ​ដូ​ហ្វី​ន​ខ្លះ ការ​ដេក​គឺ​ទាមទារ​ឲ្យ​ខួរក្បាល​មួយ​ចំហៀង​សម្រាក និង​មួយ​ចំហៀង​នៅ​ធ្វើការ និង​បញ្ជូន​ពត៌មាន​ទៅវិញទៅមក​។ វា​គឺ​ដើម្បី​ជួយ​ដុល​ហ្វី​ន​ក្នុង​ការជៀសវាង​ឧបសគ្គ សត្វរំពារ និង​ដើម្បី​ដឹងខ្លួន​សម្រាប់​ដកដង្ហើម​។ ជា​រឿង​រាល់​ពីរ​ម៉ោង​ម្តង ដូ​ហ្វី​ន​និង​ផ្លាស់ប្តូរ​ផ្នែក​ដំណើរការ​នៃ​ខួរក្បាល ដែល​សម្រាក​ផ្នែក​ដែល​បាន​ប្រើប្រាស់ និង​ដាស់​ផ្នែក​ដែល​បាន​សម្រាក​ហើយ​។ ជាធម្មតា ដូ​ហ្វី​ន​ដេក​តែ​២​ម៉ោង​ប៉ុណ្ណោះ​ក្នុងពេល​ម្តងៗ​ជាពិសេស​ពេលយប់​។

​ក្នុង​មួយថ្ងៃ ពួកគេ​អាច​ដេក​ទៅដល់​ជាង​៦​ម៉ោង​។ ចំពោះ​មនុស្ស យើង​មាន​ញាណ​ដែល​អាចធ្វើ​ឲ្យ​យើង​ដកដង្ហើម​ដោយ​ស្វ័យប្រវត្តិ តែ​សម្រាប់​ពពួក​ថនិកសត្វ​ទឹក​ទាំងនោះ​វិញ ពួកគេ​មិនមាន​ប្រព័ន្ធ​ស្វ័យប្រវត្តិ​នេះ​ដូច​មនុស្ស​នោះទេ​។ ពួកគេ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការដឹក​ខ្លួន​ជានិច្ច​ក្នុងការ​ងើប​មក​ផ្ទៃ​ទឹក​សម្រាប់​ការដកដង្ហើម​។​

 សត្វ​ទាំងនេះ​ក៏បាន​ចំណុះ​សួត​ធំ​ជាង​មនុស្ស​ផងដែរ បើ​ប្រៀបធៀប​ជាមួយនឹង​ទំហំ​ខ្លួនប្រាណ​។ កោសិកា​ឈាមក្រហម​របស់​ពួកគេ​ក៏​អាច​ដឹក​អុកស៊ីសែន​បាន​ច្រើនជាង​កោសិកា​ឈាម​របស់​មនុស្ស​ផងដែរ​។ ម្យ៉ាងវិញទៀត ពពួក​ថនិកសត្វ​សមុទ្រ​អាច​ទ្រាំទ្រ​ជាមួយនឹង​កម្រិត​បរិមាណ​កា​បូក​ឌីអុកស៊ីត​ក្នុង​ខ្លួនប្រាណ​បាន​ច្រើន​ជាម​នុស្ស​។


​ជាមួយគ្នា​ដែរ ថនិកសត្វ​សមុទ្រ​អាច​បន្ថយ​ចំនួន​ដកដង្ហើម​នៅពេល​សម្រាក ដើម្បី​សន្សំសំចៃ​អុកស៊ីសែន​។ ដូ​ហ្វី​ន​ឬ​បា​ឡែ​ន​មួយចំនួន​ស្លាប់​នៅក្នុង​ទឹក​ដោយសារតែ​ការជាប់​សំណាញ់ និង​មិនអាច​ងើប​ទៅ​ដកដង្ហើម​បាន​។ សម្រាប់​មនុស្ស វា​ហាក់បីដូចជា​ការរស់នៅ​មួយ​ដ៏​លំបាក និង​ចម្លែក តែ​សម្រាប់​ពពួក​ថនិកសត្វ​សមុទ្រ​ទាំងនោះ​វិញ វា​គឺ​ការរស់នៅ​ធម្មតា​ប្រចាំថ្ងៃ អស់​ពេល​រាប់លាន​ឆ្នាំ​នៃ​ការវិវត្ត​មកហើយ​៕


Tag:
 ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com