ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរថាផែនការមេអភិវឌ្ឍន៍ទេសចរណ៍នឹងជួយឱ្យសៀមរាបដើរលើគោលដៅច្បាស់លាស់
× សៀមរាប៖ បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតនៅចុងឆ្នាំ២០១៨មក គណៈកម្មាធិការអន្ដរក្រសួងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប បានបើកសិក្ខាសាលាចំនួន២លើកហើយបំណងដើម្បីសិក្សា ស្វែងយល់ពីចំណុចបញ្ហាប្រឈមនានាពីស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍។ មានចំណុចជាច្រើន ត្រូវបានលើកមកពិភាក្សាក្នុងន័យកែលម្អនៅពេលផែនការមេនេះអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ។ អាជ្ញាធរខេត្តចាត់ទុកផែនការមេនេះថាជាចក្ខុវិស័យវែងឆ្ងាយ និងជាជាគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ដែលមិនធ្លាប់មានកន្លងមក។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
គណៈកម្មាធិការអន្ដរក្រសួងបានរៀបចំសិក្ខាសាលាជាលើកទី២ នៅដើមខែតុលា ដោយជជែកពិភាក្សាពីការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ ផែនការមេនេះ មានបំណងដើម្បីធ្វើឱ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពនិងភាពទាក់ទាញ ហើយដើម្បីអាចធ្វើទៅបានគឺផែនការនេះត្រូវគិតគូរពីភាពស្អាត ភាពបៃតង និងភាពឆ្លាតវៃ។
អ្នកជំនាញការពីបរទេសមួយរូបលោក Boris Viallet បានធ្វើបទបង្ហាញពីលទ្ធផលនានាក្រោយពីកិច្ចពិភាក្សាក្នុងកូនក្រុមរបស់លោកដែលមកពីវិស័យមួយចំនួន ទាំងការដឹកជញ្ជូន សណ្ឋាគារ ម្ហូបអាហារ សិប្បកម្ម ផ្ទះសំណាក់ជាដើម។ បញ្ហាសណ្ឋាគារ ពួកគេបានរកឃើញនូវចំណុចមួយចំនួនដូចជាការរៀបចំ ការកែលម្អជួសជុលមិនសូវធ្វើជាទៀងទាត់ ក្នុងនោះមានបញ្ហាការដំឡើងកម្រិតផ្កាយជាដើម។ ចំណុចនេះ មានសំណើរឱ្យមានការចាត់ចំណាត់ថ្នាក់ផ្កាយឱ្យបានត្រឹមត្រូវ និងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ ឱ្យស្របតាមការវិវត្តន៍របស់ទីផ្សារបច្ចុប្បន្ន។
ក្រៅពីនេះបញ្ហាអនាម័យបរិស្ថាន ការលក់ចំណីអាហារនៅមានភាពរញ៉េរញ៉ៃនៅឡើយដូចជានៅតំបន់ផាប់ស្ទ្រីតជាដើម។ ទាក់ទងនឹងអាហារនេះដែរ ក៏មានការពិភាក្សាពីការលើកទឹកចិត្តក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ឬផលិតផលសេរីរាង្គដែលមានសុវត្ថិភាព និងអនាម័យខ្ពស់ ធានាសុខភាពដល់អ្នកបរិភោគ។ តាមការបញ្ជាក់ពីលោក Boris Viallet អាហារមានសារសំខាន់ណាស់ ហើយវាធានាដល់មុខមាត់នៃវិស័យទេសចរណ៍នៅតំបន់នោះផងដែរ។
ការជជែករបស់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ក៏បានលើកពីការយកទឹកតែខ្ពស់ដែរ។ ត្រង់ចំណុចនេះ ពួកគេឱ្យពិចារណាយកទឹកតែក្នុងតម្លៃសមរម្យនិងកំណត់ឱ្យបានត្រឹមត្រូវ។ ទឹកតែខ្ពស់ ធ្វើឱ្យតម្លៃទំនិញដែលភ្ញៀវទិញមានតម្លៃខ្ពស់ទៅតាមនោះដែរ។ មួយទៀត គឺទាក់ទងនឹងការលក់ផលិតផលក្លែងក្លាយ ដែលរឿងនេះធ្លាប់បានកើតឡើងជាញឹកញាប់ ដែលការលក់ដាក់ថាជាផលិតផលកម្ពុជា តែជាក់ស្ដែងជាផលិតផលនាំចូលពីប្រទេសជិតខាងទៅវិញ។ អ្នកជំនាញការយល់ថា ក្រសួងនិងភាគីពាក់ព័ន្ធគួរពង្រឹងបន្ថែមក្នុងការលើកកម្ពស់នូវផលិតផល ភូមិមួយផលិតផលមួយ។
អ្នកជំនាញការមួយរូបទៀត លោក Pomnarong Chamnawong ក៏បានលើកពីលទ្ធផលនៃកិច្ចពិភាក្សាក្រុមរបស់លោកផងដែរ។ អ្នកជំនាញការរូបនេះបញ្ជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបចែកជា៥តំបន់សំខាន់ៗ ដែលរួមមានទី១ តំបន់ភ្នំគូលែន ដែលសម្បូរដោយព្រៃឈើនិងទឹកជ្រោះ, ទី២ តំបន់ជនបទ ដែលគួរបង្កើននូវសកម្មភាពទេសចរណ៍ចម្រុះបែបបន្ថែម, ទី៣ ឧទ្យានអង្គរ,ទី៤ តំបន់កណ្ដាលក្រុង ដែលមានចម្រុះពណ៌ និងទំនើបកម្ម និងទី៥ តំបន់បឹងទន្លេសាប។
ក្រុមរបស់លោក Chamnawong រកឃើញពីបញ្ហាតម្លៃទិដ្ឋាការ ដែលតម្លៃពេលខ្លះខ្ពស់ដោយសារមានការទារតម្លៃបន្ថែម។ ចំណុចមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ដែរនោះ គឺមានការស្នើឱ្យគិតឡើងវិញលើគម្រោងទស្សនាប្រាសាទនាពេលរាត្រី។ ក្រុមប្រតិបត្តិករយល់ថា ការងារនេះមិនសូវចាំបាច់ទេ ដ្បិតថាអាចមានផលលំបាកបន្ដិច និងត្រូវធានានូវសុវត្ថិភាពខ្ពស់ជូនទេសចរ។
ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលានៅថ្ងៃទី៥ តុលា អភិបាលរងខេត្តសៀមរាបលោក ពៅ ពិសិដ្ឋ បានចាត់ទុកសិក្ខាសាលាដែលមានអ្នកចូលរួមច្រើនវិស័យនេះ ថាពិតជាមានសារប្រយោជន៍ណាស់ ក្នុងបំណងឈឺឆ្កាលពីវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ លោកអភិបាលរងបានពន្យល់ពីស្ថានការណ៍ទូទៅនៅក្នុងខេត្តសៀមរាប ដែលទើបមានការអភិវឌ្ឍក្រោយឆ្នាំ២០០០ប៉ុណ្ណោះ ហើយក៏មិនទាន់មានផែនការមេសម្រាប់អភិវឌ្ឍន៍ដែរ។
លោកបន្តថា៖« និយាយឱ្យត្រង់ថា យើងអភិវឌ្ឍន៍ខេត្តនេះ យើងដើរនៅក្នុងគោលដៅមួយដោយមិនដឹងគោលដៅច្បាស់លាស់លើវិស័យទេសចរណ៍ ដោយសារយើងអត់មានផែនការ។ នៅសៀមរាបមុនឆ្នាំ២០០០មិនទាន់មានការអភិវឌ្ឍទេ តំបន់ក្នុងក្រុងនេះសុទ្ធសឹងជាវាលស្រែ។
ជាមួយគ្នានេះលោក ពៅ ពិសិដ្ឋ រំពឹងថា ក្រោយមានផែនការមេនេះផ្ដើមអនុវត្តន៍ គឺធ្វើឱ្យការអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តដើរទៅតាមផែនការមេដែលជាគោលសំខាន់ ដែលអាចនឹងកែប្រែមុខមាត់វិស័យទេសចរណ៍ក្នុងខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជានៅលើឆាកអន្ដរជាតិ។ ទន្ទឹមនឹងនោះ តាមការបញ្ជាក់ពីអភិបាលរងខេត្ត ដើម្បីចង់ឱ្យវិស័យទេសចរណ៍ក្នុងខេត្តមួយរីកចម្រើនទៅបាន ត្រូវការការចូលរួមពីប្រជាពលរដ្ឋផងដែរ។ លោកថា ចំណុចសំខាន់ត្រូវឱ្យប្រជាជនយល់និងចាំក្នុងចិត្តថា ប្រជាជនម្នាក់ ទេសចរម្នាក់។
បញ្ហាត្រាំត្រែងជាច្រើនដែលតែងកើតឡើងនៅខេត្តទេសចរណ៍សៀមរាបដូចជា តាក់ស៊ីដឹកភ្ញៀវទម្លាក់ចោលដោយសារមិនព្រមទទួលសេវាកម្មដែលខ្លួនផ្តល់ជូន ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ បោកលុយភ្ញៀវ និងការជំរិតលុយភ្ញៀវនាពេលរាត្រីជាដើម។ល។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក ពៅ ពិសិដ្ឋ ទទួលស្គាល់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមិនទាន់ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋទេ តែលោកថា នឹងកែប្រែបញ្ហានេះភ្លាមៗក្រោយផែនការមេចាប់ផ្តើមអនុវត្តន៍៕
Tag:
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
ទេសចរណ៍
អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com