ជាតិ
សហគមន៍​១២៥​កន្លែង​នៅ​កម្ពុជា កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​
13, Oct 2019 , 4:59 pm        
រូបភាព
សហគមន៍ទេសចរណ៍ជីផាត ក្នុងខេត្តកោះកុង
សហគមន៍ទេសចរណ៍ជីផាត ក្នុងខេត្តកោះកុង
​ភ្នំពេញ​៖ បច្ចុប្បន្ន​កម្ពុជា​មា​នស​ហគ​មន៍​ចំនួន​១២៥​កន្លែង ដែល​កំពុងមាន​សកម្ម​ភាព​ទាក់ទាញ​ទេសចរណ៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​។ ក្នុងចំណោម​សហគមន៍​ទាំង​ជាង​១០០​នេះ មាន​៧៩​សហគមន៍​ក្នុង​ខេត្ត​ចំនួន​២០ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងទេសចរណ៍​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងទេសចរណ៍​។​



​សហគមន៍​ទាំងនោះ​មាន  សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល​ខេត្តស្ទឹងត្រែង​, សហគមន៍​ទេសចរណ៍​ជ្រាវ បឹងរាំង​នៅ​សៀមរាប​, សហគមន៍​ចំបក់​ខេត្តកំពង់ស្ពឺ​, សហគមន៍​កា​ទៀង​នៅ​រតនគីរី​,  សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត នៅ​កោះកុង​....​ជាដើម​។​

អត្ថបទទាក់ទង


​បើតាម​ក្រសួងទេសចរណ៍ ក្រៅពី​សហគមន៍​ខាងលើ​ក៏មាន​សហគមន៍​តំបន់ការពារធម្មជាតិ​១៦៨​កន្លែង​ទៀត  ក្នុងនោះ​មាន​២០​សហគមន៍ មាន​បញ្ចូល​សកម្មភាព​ទេសចរណ៍ ដែល​ស្ថិតនៅ​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន និង​មាន​មួយចំនួនទៀត​ស្ថិតនៅក្រោម​ចំណុះ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។  

​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ បានឱ្យដឹងថា សហគមន៍​ដែល​នៅក្រោម​ចំណុះ​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ជាង ២,៣០០​កន្លែង ក្នុងនោះ​សហគមន៍​តែ​១០០​កន្លែង​ខាងលើ​ប៉ុណ្ណោះ ដែលមាន​សកម្មភាព​ទេសចរណ៍​។



​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤ របស់​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ កាល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានប្រកាស​ជំរុញ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ  ខិតខំ​ប្រែក្លាយ​សហគមន៍​ដែល​មិនទាន់មាន​សកម្មភាព​ទេសចរណ៍ ទៅជា​សហគមន៍​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ តាមរយៈ​ការបញ្ចូល​សកម្មភាព​ទេសចរណ៍  ការរុករក និង​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ទោះបី​សហគមន៍​នោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ឬ​មិន​គ្រប់គ្រង​របស់​ក្រសួង​ណាមួយ​ក៏ដោយ​។​

​តាមរយៈ​កិច្ចប្រជុំ​នេះ ក៏​ជំរុញឱ្យមាន​ការបណ្ដុះបណ្ដាល​ដល់​ប្រជា​សហគមន៍​នូវ​ស្ដង់ដា​បច្ចេកទេស ក៏ដូចជា​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការទទួល​បដិសណ្ឋារកិច្ច និង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ បញ្ហា​ការពារ​បរិស្ថាន ការ​ទុកដាក់​សំរាម ការពង្រឹង​គុណភាព​សេវាកម្ម និង​អនាម័យ​ជាដើម​។ ពិសេស​ការកសាង​ផ្លូវ​ត​ភ្ជាប់​ទៅកាន់​សហគមន៍ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ កា​រត​បណ្ដាញ​ទឹកស្អាត បណ្ដាញ​អគ្គិសនី​។


 
​សូម​សម្រាប់​ថា ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ពន្យារពេល​ស្នាក់នៅ​របស់​ទេសចរ និង​ចំណូល​ផ្ទាល់​ទៅដល់​ប្រជាជន​មូលដ្ឋាន​។ ជាក់ស្តែង តាម​ការព្យាករណ៍​រប​ស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) វិស័យ​ទេសចរណ៍វប្បធម៌​មាន​ចំណែក​ទីផ្សារ​ប្រមាណ ៥០​ភាគរយ នៃ​ទីផ្សារ​ទេសចរណ៍​សកល​លោក ហើយ​មាន​កំណើន​ប្រចាំឆ្នាំ​ក្នុង​អត្រា​ប្រមាណ ៦​ភាគរយ​។​


​ដោយឡែក វិស័យ​ទេសចរណ៍​កម្ពុជា​វិញ  ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ រួមចំណែក​ទីផ្សារ​ប្រមាណ​៥០​ភាគរយ​នៃ​ទីផ្សារ​សរុប​, ផ្នែក​តំបន់ឆ្នេរ​មាន​ចំណែក​ទីផ្សារ​ប្រមាណ​២០​ភាគរយ  ផ្នែក​អេកូ​ទេសចរណ៍​មាន​ប្រមាណ ២០​ភាគរយ  និង​ទីផ្សារ​ទេសចរណ៍​កីឡា និង​កម្សាន្ត​ផ្សេងៗ​ទៀត ប្រមាណ​១០​ភាគរយ​៕


Tag:
 សហគមន៍​
© រក្សាសិទ្ធិដោយ thmeythmey.com