អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ៖ ការសង់ឃ្លាំងសម្រាប់ជួលដល់វិស័យឧស្សាហកម្ម កំពុងក្លាយជាអាជីវកម្មល្អមួយក្នុងវិស័យអចលនទ្រព្យកម្ពុជា
× វិនិយោគិនកម្ពុជា ដែលមានបំណងវិនិយោគក្នុងវិស័យអចលនទ្រព្យ គួរដាក់ទុនវិនិយោគលើការសាងសង់ឃ្លាំងសម្រាប់ជួល ដោយសារតម្រូវការទីតាំងស្តុកទំនិញកំពុងកើនឡើង ស្របពេលវិស័យឧស្សាហកម្មមានសកម្មភាពកាន់តែខ្លាំង។ នេះបើយោងតាមលោក សៀ ឬទ្ធី វិនិយោគិនផ្នែកអចលនទ្រព្យដ៏ជោគជ័យម្នាក់នៅកម្ពុជា។
ក្នុងសុន្ទរកថាបើកកម្មវិធី Realestate.com.kh Expo 2019 កាលពីថ្ងៃទី ៤ ខែតុលានៅណាហ្គាវើល លោក សៀ ឬទ្ធី ដែលជាប្រធានក្រុមហ៊ុន WorldBridge Group ដែលមានអាជីវកម្មស្នូលលើវិស័យអចលនទ្រព្យ និងការដឹកជញ្ជូន បាននិយាយថា ឃ្លាំងដែលមានស្រាប់នៅកម្ពុជាភាគច្រើន ត្រូវបានវិនិយោគដោយជនបរទេស។ ស្របពេលតម្រូវការឃ្លាំងកើនឡើងជាប្រចាំឆ្នាំ លោក រិទ្ធី បញ្ជាក់ថាគិតមកទល់ពេលនេះ កម្រឃើញមានជនជាតិខ្មែរ វិនិយោគលើអាជីវកម្មនេះនៅឡើយ។
លោកបញ្ជាក់ថា៖«ខ្ញុំអាចធានាបានថា ប្រសិនបើយើងមានដើមទុន និងធនធាន ដើម្បីសាងសង់ឃ្លាំងនៅជាយក្រុង យើងនឹងទទួលបានប្រាក់ចំណូលល្អ។ ប្រសិនបើយើងសាងសង់ឃ្លាំងសម្រាប់ជួល យើងអាចទទួលបានប្រាក់ចំណេញយ៉ាងហោចណាស់ ៨ ទៅ ១០ ភាគរយ ខណៈដែលការជួលខុនដូ អាចបង្កើតចំណូលឲ្យយើងបានពី ៥ ទៅ ៨ ភាគរយតែប៉ុណ្ណោះ»។
តម្រូវការឃ្លាំងត្រូវបានជំរុញមួយផ្នែក ដោយសារការកើនឡើងនៃចំនួនរោងចក្រ និងសកម្មភាពឧស្សាហកម្ម។ យោងតាមរបាយការណ៍របស់ VTrust Appraisal ចំនួនសហគ្រាសឧស្សាហកម្មនៅភ្នំពេញមានការកើនឡើងយ៉ាងខ្លាំង ពីមូលដ្ឋានតូចមួយនៃទំហំផ្ទៃក្រលាសរុបត្រឹមតែ ៣១,០០០ ម៉ែត្រក្រឡាកាលពីឆ្នាំ ១៩៩៨ ដល់ប្រហែល ១,៥៨ លានម៉ែត្រការ៉េក្នុងឆ្នាំ២០១៨ ។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ VTrust Appraisal បានព្យាករថា ទំហំផ្ទៃដីសរុបសម្រាប់ឧស្សាហកម្មនៅភ្នំពេញ នឹងឈានដល់ជិត ២ លានម៉ែត្រក្រឡា នៅឆ្នាំ២០៣០ ពោលគឺស្ទើរតែទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ លោកបានមានប្រសាសន៍ថា៖«វិស័យកាត់ដេរ ដែលរួមមានសម្លៀកបំពាក់ ស្បែកជើងបាននាំមុខគេ ក្នុងការប្រើផ្ទៃក្រលាច្រើនជាងគេ នៅក្នុងឧស្សាហកម្មនៅភ្នំពេញ»។ លោកបានបន្ថែមថា វិស័យកាត់ដេរបានស្រូបយកប្រមាណ ៧០ ភាគរយ នៃផ្ទៃក្រលាសរុបប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម បន្ទាប់មកការកែច្នៃម្ហូបអាហារ និងភេសជ្ជៈការវេចខ្ចប់ និងវិស័យបោះពុម្ព។ លោកបន្តថា៖«ជាមួយនឹងកំណើននៃវិស័យឧស្សាហកម្មមានឱកាសធ្វើជំនួញជាច្រើន ដែលរួមមានការវិនិយោគក្នុងការសាងសង់ឃ្លាំងផងដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ realestate.com.kh ថា ការហូរចូលយ៉ាងលឿននៃលំហូរវិនិយោគបរទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យមានតម្រូវការឃ្លាំង ហើយវិនិយោគិនមួយចំនួន ក៏កំពុងប្រឈមនឹងការលំបាក ក្នុងការស្វែងរកទីតាំងឃ្លាំងនេះផងដែរ។ លោកបន្តថា៖«បច្ចុប្បន្នទីតាំងឃ្លាំងទំនេរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស លែងមានហើយ។ នេះគឺដោយសារតែក្រុមហ៊ុនមួយចំនួនធំ បានប្រើទំហំដែលមានស្រាប់រួចហើយ»។
របាយការណ៍ថ្មីមួយ ដែលចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅដើមខែនេះ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា នៅតែស្ថិតក្នុងដំណើររីកចម្រើនយ៉ាងខ្លាំង នៅឆ្នាំ២០១៩។ ADB នៅតែរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រទេសកម្ពុជា ៧ ភាគរយ នៅឆ្នាំនេះ និង ៦,៨ ភាគរយនៅឆ្នាំ២០២០។
របាយការណ៍បានកត់សម្គាល់ថា កំណើនឧស្សាហកម្មមានភាពខ្លាំងក្លា ដោយសារកំណើននៃការផលិតសម្លៀកបំពាក់ស្បែកជើង និងការផលិតទំនិញទាក់ទងនឹងការធ្វើដំណើរ។
លោក ចេង ខេង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CPL បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាបច្ចុប្បន្ន កាន់តែមានការចាប់អារម្មណ៍ ក្នុងការដាក់ប្រាក់របស់ពួកគេនៅក្នុងអាជីវកម្មឃ្លាំង។ ខណៈទំហំទឹកប្រាក់ក្នុងការវិនិយោគលើអាជីវកម្មឃ្លាំង មានភាពខុសប្លែកគ្នាអាស្រ័យលើទំហំឃ្លាំង លោក ខេង បាននិយាយថា អ្នកវិនិយោគជាមធ្យមអាចចំណាយចាប់ពី ៨០ ដុល្លារ ទៅ ១២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដើម្បីសាងសង់ឃ្លាំងនេះ។
លោកបានមានប្រសាសន៍ថា៖«តម្រូវការកន្លែងសម្រាប់រោងចក្រកំពុងកើនឡើង ដោយសារតែការកើនឡើង នៃការផ្តូរទីតាំងរោងចក្រពីប្រទេសចិនមកប្រទេសកម្ពុជា។ បន្ថែមលើនេះ ដោយសាររដ្ឋាភិបាលតម្រូវឲ្យមានការផ្លាស់ទីរោងចក្រ ពីខាងក្នុងទីក្រុងភ្នំពេញ ទៅជាយក្រុង និងព័ទ្ធជុំវិញផ្លូវក្រវ៉ាត់ក្រុង។ ដូច្នេះតម្រូវការកន្លែងស្តុកទុក នឹងកាន់តែធំ ហើយការវិនិយោគក្នុង អាជីវកម្មឃ្លាំង គឺជាជម្រើសដ៏ល្អមួយ»៕
(ប្រភព៖ https://www.realestate.com.kh/km/news/real-estate-experts-encourages-warehouse-investments/)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com