ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចូលចិត្តញ៉ាំស្ករ ឬអាហារផ្អែម បញ្ហាសុខភាពទាំងនេះនឹងរត់រកមិនខាន
× ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានផ្អែម ឬអាហារមានផ្ទុកជាតិស្ករច្រើនអាចបង្កបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភចំពោះសុខភាព។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមកាត់បន្ថយការទទួលទានអាហារ ក៏ដូចជាភេសជ្ជៈផ្អែម។ ប៉ុន្តែថាតើស្ករអាចបង្កបញ្ហាអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលអាចនឹងកើតឡើងដោយសារការទទួលទានជាតិស្ករច្រើន ៖
១. ជំងឺបេះដូង
ការទទួលទានអាហារសម្បូរទៅដោយជាតិស្ករច្រើនអាចបង្កើនហានិភ័យនៃបញ្ហាបេះដូងគួរឲ្យព្រួយបារម្ភដែរ។ វេជ្ជបណ្ឌិតជាច្រើននិយាយថាការរលាក គឺជាអ្វីមួយដែលអាចបង្កជំងឺបេះដូង ហើយជាតិស្ករជាមូលហេតុបង្កើនការរលាកផ្សេងៗក្នុងរាងកាយ។
២. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ក្រៅពីសុខភាពបេះដូងនិងខួរក្បាល ការរលាកក៏ជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរាងកាយគួរឲ្យព្រួយបារម្ភផងដែរ។ ហើយនៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយនោះរាងកាយនឹងឆាប់ឆ្លងជំងឺផ្សេងៗដែលបង្កមកពីបាក់តេរី និងវីរុសជាក់ជាមិនខាន។
៣. ឆាប់អស់កម្លាំង
ពិតណាស់ស្ករមានផ្ទុកសម្បូរទៅដោយកាឡូរីដែលអាចផ្ដល់អោយរាងកាយនូវថាមពលភ្លាមៗ ប៉ុន្តែក៏ឆាប់អស់ទៅវិញផងដែរនៅពេលជាតិស្ករក្នុងឈាមធ្លាក់ចុះ។
៤. ជំងឺទឹកនោមផ្អែមប្រភេទទី ២
ការកើនឡើងនូវកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម គឺជាកត្តាចម្បងដែលបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ ហើយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើន គឺជាមូលហេតុទូទៅបំផុតមួយដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។
៥. មហារីក
បញ្ហាដ៏គួរឲ្យព្រួយបារម្ភខ្លាំងមួយទៀតនៃការរលាកក្នុងរាងកាយដែលបណ្ដាលមកពីការទទួលទានអាហារផ្អែម ឬជាតិស្ករច្រើន គឺហានិភ័យនៃជំងឺមហារីក។ នេះមានន័យថា ការទទួលទានអាហារផ្អែមច្រើនពេកយូរទៅនឹងបណ្ដាលអោយអ្នកប្រឈមមុខនឹងជំងឺមហារីកនៅថ្ងៃណាមួយ។ ជាតិផ្អែមនឹងបង្កើនទម្ងន់ ហើយកោសិកាខ្លាញ់ហួសប្រមាណក្នុងរាងកាយនាំឲ្យមានការបញ្ចេញអ័រម៉ូនបង្កជំងឺមហារីក។
៦. អារម្មណ៍ឆាប់ប្រែប្រួល
ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ លើសពីនេះទៅទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយហើយនេះជាអ្វីមួយដែលនាំឲ្យកើតមានបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ហើយអារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព។
៧. ឈឺសន្លាក់ ឫឈឺសាច់ដុំ
នោះក៏ព្រោះតែការទទួលទានស្ករ ឬជាតិផ្អែមច្រើនហួសអាចបង្កការរលាកក្នុងរាងកាយ។ បរិមាណជាតិស្ករខ្ពស់ក្នុងរាងកាយធ្វើឱ្យកោសិកាប្រព័ន្ធភាពស៊ាំលាក់ការបញ្ជូនដំណឹងអំពីការរលាកទៅក្នុងឈាមដែលព្យាយាមបំបែកប្រូតេអ៊ីនជាប់នឹងម៉ូលេគុលគ្លុយកូស ឬ glycation end-products។នៅពេលអ្នកទទួលទានជាតិស្ករកាន់តែច្រើនប៉ុណ្ណា glycation end-products លេចឡើងប៉ុននោះដែរ ហើយការរលាកត្រូវបានបញ្ជូនទៅដើម្បីបំបែកវដ្តនៃដំណើរការនេះ។ ជាលទ្ធផលចុងក្រោយអ្នកត្រូវប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើនដូចជាជំងឺរលាកសន្លាក់ ភ្នែកឡើងបាយ ជំងឺបេះដូង ការចងចាំចុះខ្សោយ ឬស្បែកជ្រីវជ្រួញ។
៨. ឧស្សាហ៍ឡើងមុនលើស្បែក
អាហារដែលមានផ្ទុកជាតិស្ករបន្ថែមអាចបណ្ដាលឲ្យកម្រិតនៃអាំងស៊ុយលីនកើនឡើងនិងចាប់ផ្ដើមដំណើរការនៃ glycation ឬការភ្ជាប់ជាតស្ករទៅនឹងម៉ូលេគុលប្រូតេអ៊ីន។ ភ្លាមៗនៅពេលគ្លុយកូសចូលក្នុងឈាមវានឹងបង្កើតដំណើរការស្មុគស្មាញជាបន្តបន្ទាប់ក្នុងរាងកាយដែលបង្កការរលាកនិងបញ្ហាស្បែកផ្សេងៗ រួមទាំងរោគមុន។ លើសពីនេះទៅទៀតអាំងស៊ុយលីនបង្កើនភាពសកម្មនៃក្រពេញខ្លាញ់ទាំងអស់ក្នុងស្បែក ព្រមទាំងដំណើរការនៃការរលាកផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com