ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនចង់ខូចថង់ទឹកប្រមាត់ កុំទទួលទានអាហារទាំងនេះច្រើនពេក 
×![]()
ប្រមាត់ គឺជាសរីរាង្គតូចមួយដែលស្ថិតនៅខាងក្រោមថ្លើម។ ប្រមាត់មានតួនាទីសំខាន់ក្នុងការស្តុកនិងបញ្ចេញទឹកប្រមាត់ចូលទៅក្នុងពោះវៀនដើម្បីជួយក្នុងដំណើរការរំលាយអាហារ ។ ការយល់ដឹងពីប្រភេទនៃអាហារដែលគួរ និងមិនគួរទទួលទាន គឺសំខាន់ណាស់ សម្រាប់អ្នកដែលកំពុងជួបប្រទះបញ្ហាថង់ទឹកប្រមាត់ ដូចជាជំងឺក្រួសក្នុងប្រមាត់ដើម្បីជៀសវាង ឬទប់ស្កាត់ផលវិបាកធ្ងន់ធ្ងរកើតឡើង។ របបអាហារត្រឹមត្រូវក៏ចាំបាច់ដូចគ្នាសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពថង់ទឹកប្រមាត់ល្អប្រសើរ។
ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរជៀសវាង ឬកុំទទួលច្រើនពេកដើម្បីបង្ការបញ្ហាថង់ទឹកប្រមាត់កាត់តែធ្ងន់ធ្ងរ ៖
១. អាហារផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ខ្ពស់
ថង់ទឹកប្រមាត់ទទួលខុសត្រូវក្នុងការបញ្ចេញនិងរក្សាទុកទឹកប្រមាត់ដើម្បីសម្រួលដល់ដំណើរការរំលាយអាហារ។ ហើយសម្រាប់អ្នកដែលមានបញ្ហាថង់ទឹកប្រមាត់នោះ ភាគច្រើនជួបការពិបាកក្នុងការបំបែករំលាយអាហារ ជាពិសេសអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់។ ជាលទ្ធផលពួកគេអាចនឹងទទួលរងឈឺចាប់រមួលក្នុងពោះ ឬក្អួត។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងថង់ប្រមាត់ ចូរជៀសវាងការទទួលទានផលិតផលអាហារផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ រួមបញ្ចូលទាំងការ៉េម ឈីស យ៉ាអួរ និងខ្លាញ់ទឹកដោះគោ។
២. កាហ្វេ
ការទទួលទានកាហ្វេច្រើនពេក គឺជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាថង់ទឹកប្រមាត់។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាក្រួសក្នុងប្រមាត់មិនគួរទទួលទានកាហ្វេឡើយ។
៣. សាច់មានជាតិខ្លាញ់ខ្ពស់
ប្រសិនបើអ្នកកំពុងទទួលរងការឈឺចាប់ និងអារម្មណ៍មិនស្រួលដោយសារតែឥទ្ធិពលនៃបញ្ហាថង់ទឹកប្រមាត់ដូចជាជំងឺក្រួសក្នុងប្រមាត់ នោះដើម្បីជាការប្រសើរអ្នកគួរចៀសឲ្យផុតពីសាច់និងអាហារប្រភេទណាដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ ខណៈដែលប្រមាត់ដែលមានបញ្ហាមិនអាចដំណើរការរំលាយ ឬបំលែងជាតិខ្លាញ់បានត្រឹមត្រូវឡើយ។
៤. អាហារចៀនបំពងគ្រប់ប្រភេទ
អ្នកមានបញ្ហាពាក់ព័ន្ធនឹងថង់ទឹកប្រមាត់ គួរចៀសឲ្យផុតពីការទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ខ្ពស់ រួមបញ្ចូលទាំងអាហារចៀន ឬបំពង។ នោះក៏ព្រោះតែថង់ទឹកប្រមាត់មានបញ្ហាមិនអាចមានសមត្ថភាពសម្រួលដល់ដំណើរការរំលាយជាតិខ្លាញ់បានត្រឹមត្រូវដែលអាចបង្កការឈឺចាប់ និងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើង។
៥. កាបូអ៊ីដ្រាតនិងស្ករចម្រាញ់
អាហារមានផ្ទុកជាតិកាបូអ៊ីដ្រាត និងស្ករចម្រាញ់ គឺផ្សារភ្ជាប់ជាមួយការកើនឡើងនូវជាតិកូឡេស្តេរ៉ូលក្នុងទឹកប្រមាត់ដែលនឹងបង្កើនហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម រួមទាំងជំងឺមហារីកថង់ទឹកប្រមាត់គួរឲ្យព្រួយបារម្ភ។
៦. សាច់និងអាហារកែច្នៃ
នោះក៏ព្រោះតែអាហារនិងសាច់កែច្នៃភាគច្រើនក៏មានផ្ទុកជាតិខ្លាញ់មិនល្អនិងស្ករខ្ពស់ដែលពិបាកក្នុងរំលាយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com