ចិន​ទទូច​ឲ្យ​សមាជិក​ទាំងអស់​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ ខណៈ UN ជួប​បញ្ហា​ខ្វះ​លុយ
អន្តរជាតិ
ចិន​ទទូច​ឲ្យ​សមាជិក​ទាំងអស់​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ ខណៈ UN ជួប​បញ្ហា​ខ្វះ​លុយ
14, Oct 2019 , 9:48 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang ។ រូបភាពវេបសាយក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang ។ រូបភាពវេបសាយក្រសួងការបរទេសចិន
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានទទួល​ដឹងលឺ​ពី​ស្ថានភាព​ថវិកា និង​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​សម្រាប់​ទ្រទ្រង់​ការប្រព្រឹត្តទៅ​របស់​អង្គការសហប្រជាជាតិ (UN) ដែល​កំពុងតែ​ជួប​ផល​លំបាក​។ ក្រុង​ប៉េកាំង ដែលជា​សមាជិក​មាន​ឥទ្ធិពល​មួយ​របស់​អង្គការសហប្រជាជាតិ​ផង​នោះ បាន​ទទូច​ឲ្យ​រដ្ឋ​សមាជិក​ទាំងអស់​មាន​ទំនួល​ខុសត្រូវ និង​ជួយ​ស្រោចស្រង់​អង្គការ​កំពូល​របស់​ពិភពលោក​មួយ​នេះ ឲ្យ​រួច​ផុតពី​ស្ថានភាព​លំបាក​។​



​នៅ​ដើម​សប្តាហ៍​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញ​លិខិតផ្លូវការ​មួយ​ជូនដំណឹង​សមាជិក​ទាំងអស់​ឲ្យ​បានដឹង​ពី​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ដោយសារតែ​សមាជិក​មួយចំនួន មិនបាន​បំពេញ​កាត​ព្វ​បង់​វិភាគទាន ដែល​បានកំណត់​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ លោក​អគ្គលេខាធិការ អះអាងថា មាន​ត្រឹមតែ​តួលេខ​ថវិកា អង្គការសហប្រជាជាតិ មិនអាច​អនុវត្ត​សកម្មភាព​បានឡើយ​។

​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អង្គការសហប្រជាជាតិ លោក Dujarric នៅត្រឹម​ខែកញ្ញា​កន្លងទៅ មានតែ​ថវិកា​ត្រឹមតែ​៧០​ភាគរយ នៃ​ថវិកា​សរុប​ប៉ុណ្ណោះ ដែល​រដ្ឋ​សមាជិក​បាន​បង់  ដែល​តួលេខ​នេះ មិនអាច​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​ដំណើការ​ផែនការ​តាម​ការគ្រោងទុក​បានឡើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ​។​

​បន្ទាប់ពី​ការជូនដំណឹង​នេះ រដ្ឋាភិបាល​ចិន ក៏​មិន​ព្រងើយកន្តើយ​ឡើយ​។ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស ចិន​បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​ពី​ស្ថានភាព​លំបាក​របស់​អង្គការសហប្រជាជាតិ និង​ចង់ឃើញ​រដ្ឋ​សមាជិក​ទាំងអស់ មាន​ស្មារតី​ទទួលខុសត្រូវ ដូច​បានកំណត់​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​១១ តុលា បាន​លើកឡើងថា ក្នុងនាម​ជា​អ្នកទ្រទ្រង់​ធំ​បំផុត​ទី​ពីរ​ក្នុង​ការបង់​ថវិកា​ជាប្រចាំ​របស់​អង្គការសហប្រជាជាតិ និង​ជា​ប្រទេស​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់ ចិន បាន​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១៩​រួចរាល់​ហើយ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ខណៈ​ទទូច​ឲ្យ​រដ្ឋ​សមាជិក​បំពេញ​កាតព្វកិច្ច​តាម​ការកំណត់ លោកអ្នក​នាំពាក្យ ក៏បាន​ឆ្លៀត​រិះគន់​អាមេរិក ដែលជា​រដ្ឋ​សមាជិក​ត្រូវ​បង់​ថវិកា​ច្រើន​បំផុត​របស់​អង្គការសហប្រជាជាតិ បង់​ថវិកា​ឲ្យ​បាន​គ្រប់ និង​មិនត្រូវ​ពន្យា​ពេល​ទៀតឡើយ​៕

Tag:
 ចិន​
  ថវិកា​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com