ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់​ខ្មែរ​នៅ​បរទេស ឲ្យ​តាមដាន​រឿង​ប្រទេសជាតិ ពិសេស​៩​វិច្ឆិកា​២០១៩
14, Oct 2019 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ឆែក និង​នៅតាម​បណ្តា​ប្រទេស​នានា ឲ្យ​ចូលរួម​តាមដាន​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ឲ្យ​បានជា​ប្រចាំ ដោយ​អាច​តាមដាន​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ដើម្បី​កុំ​ឲ្យ​យល់ច្រឡំ​ពី​ព័ត៌មាន​មិន​ពិត ដែល​ត្រូវបាន​ប្រឌិត​ឡើង​។ ការ​ថ្លែង​សារ​នេះ គឺ​នៅក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងប្រទេស​ឆែក កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​ស​ម្តេចទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ​។

 

​ក្នុងជំនួប​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បានលើកឡើង​ពី​គម្រោង​របស់លោក សម រង្ស៊ី ដែល​ចង់​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង​ជា​ថ្ងៃបុណ្យ​អុំទូក​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច បាន​សរសេរ​ដូច្នេះ​ថា​៖«...​កម្ពុជា​បានសម្រេច​យក​ថ្ងៃនេះ [៩​វិច្ឆិកា​] ជា​ទិវា​ហូប​អំបុក​ទូទាំងប្រទេស ដើម្បី​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ ព្រោះ​មាន​ជន​អគតិ​មួយចំនួន​តូច​បាន​ឃោសនា​គ្រោង​យក​ថ្ងៃនេះ​ធ្វើ​ផ្តេសផ្តាស​...​។ ដូច្នេះ សូម​អញ្ជើញ​បងប្អូន​និង​កូនក្មួយ​នៅទីនេះ និង​នៅតាម​បណ្តា​ប្រទេស​នានា​ចូលរួម​ទាំងអស់គ្នា​នៅ​ថ្ងៃទី​៩ វិច្ឆិកា ២០១៩»​។​

​នៅ​ថ្ងៃទី​១២​តុលា លោក សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ ដោយ​បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់លោក ក្នុង​ការវិល​ត្រឡប់មក​កម្ពុជា​តាម​ការគ្រោងទុក នៅ​ថ្ងៃទី​៩​វិច្ឆិកា ដោយ​គ្មាន​ការប្រែប្រួល​ឡើយ​។ លោក បាន​អំពាវនាវ​ជាថ្មី ឲ្យ​ប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ​ចូលរួម​ជាមួយ​លោក ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​៕

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  មាតុភូមិ​និ​វិត្ត​
  បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com