អន្តរជាតិ
ប្រមុខ​ដឹកនាំ​តៃវ៉ាន់ ប្តេជ្ញា​ការពារ​ដែន​កោះ​ពី​ការគាបសង្កត់​ផ្នែក​សេដ្ឋកិច្ច និង​ការគំរាមកំហែង​យោធា​
14, Oct 2019 , 11:59 am        
រូបភាព
ដោយ:
​ការបាត់បង់​សម្ព័ន្ធមិត្ត​រាប់​ទសវត្សរ៍​ជា​បន្តបន្ទាប់ មិន​ត្រឹមតែ​រុញច្រាន​កោះ​តៃវ៉ាន់​ឲ្យ​កាន់តែ​ឯកោ​ប៉ុណ្ណោះ​នោះទេ ទំនោរ​នេះ ក៏បាន​ធ្វើ​ឲ្យ​តៃវ៉ាន់​កាន់តែ​ធ្លាក់​ឥទ្ធិពល​នៅក្នុង​តំបន់​ទាំង​ផ្នែក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការពារជាតិ​ផងដែរ​។ ក៏ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់ បាន​ប្តេជ្ញា​ចំពោះមុខ​ប្រជាជន​របស់ខ្លួន​រួចហើយ​ថា​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ​គៀបសង្កត់​តៃវ៉ាន់​បានឡើយ​។​



​តាមរយៈ​សុន្ទរកថា​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​១០ តុលា​កន្លងទៅ លោកស្រី​ប្រធានាធិបតី Tsai Ing-wen បានប្រកាស​ដាច់ខាត​ក្នុងការ​ការពារ​អធិបតេយ្យ និង​ប្រជាធិបតេយ្យ​របស់​ដែន​កោះ និង​ថ្កោលទោស​ដាច់អហង្ការ​លើ​ការទូត​ឈ្លានពាន និង​ការគំរាមកំហែង​យោធា​របស់​ចិន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Aljazeera​។​

​លោកស្រី​ប្រធានាធិបតី លើកឡើងថា រដ្ឋាភិបាល​ចិនដីគោក កំពុងតែ​ប្រឈម​នឹង​តម្លៃ​ប្រជាធិបតេយ្យ និង​សណ្តាប់ធ្នាប់​សកល តាមរយៈ​ការអនុវត្ត​គោលការណ៍​ផ្តាច់ការនិយម ជាតិនិយម និង​អំណាច​សេដ្ឋកិច្ច​។ តាម​លោកស្រី Tsai គោលនយោបាយ​ការទូត និង​ការប្រើប្រាស់​អំណាច​សេដ្ឋកិច្ច​របស់​ចិន បង្ក​ជាការ​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។​

​លោកស្រី​ប្រធានាធិបតី គូសបញ្ជាក់​ត្រង់ៗ​ថា ចិន កំពុងតែ​អនុវត្ត​គោលនយោបាយ​ដាក់​គំនាប​លើ​តៃវ៉ាន់ ក៏ប៉ុន្តែ​ក្នុងនាម​ជា​រដ្ឋ​សមាជិក​មួយ​នៅក្នុង​តំបន់ និង​ឈរលើ​គោលការណ៍​តស៊ូ​របស់​បិតា​ស្ថាបនិក​តៃវ៉ាន់ លោកស្រី​ប្រធានាធិបតី បាន​ប្តេជ្ញា​តតាំង​ជាមួយនឹង​ការគំរាមកំហែង​គ្រប់​រូបភាព​។​

​គួរ​ជម្រាប​ផងដែរ ក្រោយពេល​អង្គការសហប្រជាជាតិ ប្រកាស​ទទួលស្គាល់​ពី​ភាពស្របច្បាប់​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​នៅ​ឆ្នាំ​១៩៧១​មក មានតែ​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​រក្សា​ចំណង​ការទូត​និង​កិច្ចសហប្រតិបត្តិការ​ទូ​លាយ​ជាមួយនឹង​តៃវ៉ាន់​។ ហើយ​មកទល់ពេលនេះ សម្ព័ន្ធមិត្ត​ដែល​នៅ​សេសសល់​ពីមុន បាន​បន្ត​កាត់​ផ្តាច់ចំណង​ពី​តៃវ៉ាន់​ជា​បណ្តើរៗ​៕

Tag:
 តៃវ៉ាន់​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com