ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​៖ បញ្ហា​សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម ធ្វើឱ្យ​ភ្ញៀវ​ជាតិ​ថយចុះ​
ជាតិ
ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​៖ បញ្ហា​សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម ធ្វើឱ្យ​ភ្ញៀវ​ជាតិ​ថយចុះ​
14, Oct 2019 , 12:59 pm        
រូបភាព
​ព្រះសីហនុ​៖ រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​កម្សាន្ត​ខេត្ត​ព្រះសីហនុ​សរុប​ជិត​១,៨​លាន​នាក់ ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ​ជិត​៦៥​ម៉ឺន​នាក់ និង​ទេសចរ​ជាតិ​ជាង​១,១​លាន​នាក់​។ តួលេខ​នេះ​បង្ហាញថា ភ្ញៀវ​អន្តរជាតិ​កើនឡើង​ជាង​៥០​ភាគរយ ខណៈ​ភ្ញៀវ​ជាតិ​ថយចុះ​៥​ភាគរយ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹ​ស្នា​។​



​លោក សុចិត្រ​គ្រឹ​ស្នា បាន​បញ្ជាក់ថា មូលហេតុ​ដែល​ភ្ញៀវ​ជាតិ​ថយចុះ​នោះ វា​អាច​បណ្ដាលមកពី​បញ្ហា​សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និង​សេវាកម្ម នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ត្រង់ចំណុច​នេះ លោក គ្រឹ​ស្នា បាន​ពន្យល់​ដូច្នេះ​ថា​៖«​ស្ថានភាព​២​ឆ្នាំ​ចុងក្រោយ មានការ​វិនិយោគ​បរទេស​ច្រើន យ៉ាងគំហុក​ហ្នឹង ជាពិសេស​អ្នកវិនិយោគ​ជនជាតិ​ចិន យើង​ឃើញ​ហើយ​សំណង់​ធំៗ សណ្ឋាគារ​ស្ដង់ដារ​ធំៗ ដែល​យើង​មិន​ធ្លាប់មាន អាជីវកម្ម សេវាកម្ម​ស្ដង់ដារ​ល្អៗ​មួយចំនួន ដែល​ធ្វើឱ្យមាន​បញ្ហា​ដែរ​។ កាលណា ការវិនិយោគ ការសាងសង់​យ៉ាងគំហុក វា​ធ្វើឱ្យមាន​បញ្ហា​សណ្ដាប់ធ្នាប់ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ការខូចខាត ក៏ដូចជា​តម្រូវការ​ផ្គត់ផ្គង់ រួមទាំង​ផ្ទះសំណាក់​មួយចំនួន ដែល​អ្នកវិនិយោគ គាត់​ជួល​ហើយ យកទៅ​វិនិយោគ​ស្ដង់ដារ​ធំៗ ។​អ៊ីចឹង​មានន័យ​ផ្ទះសំណាក់​តូចៗ​សម្រាប់​ភ្ញៀវ​ក្នុងស្រុក ដែល​ថវិកា​គ្នា​មាន​កម្រិត​ហ្នឹង (​ពួកគាត់​ទៅលេង​) គឺ​វា​មានការ​ថយចុះ តែ​វា​មាន​កើន​នៅ​ស្ដង់ដារ​ល្អៗ​ច្រើន​។ អ៊ីចឹង​វា​ប៉ះពាល់​ដល់​អ្នក​ទស​ចរ​ក្នុងស្រុក ដែលមាន​ថវិកា​នៅមានកម្រិត រួមផ្សំ​ហេដ្ឋារចនាសម្ព័ន្ធ​…»​។​

​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដូចតទៅ​៖




​ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ​មន្ទីរ​ទេសចរណ៍​ខេត្ត ក៏​កំពុង​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន អាជ្ញាធរខេត្ត និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះដែរ​។ ប្រធាន​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​សង្កត់ធ្ងន់ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នេះ អាជ្ញាធរខេត្ត​នឹង​ដោះស្រាយ តាមរយៈ​ការកសាង និង​ជួសជុល​ផ្លូវ​ខូច​, រៀបចំ​សម្អាត​បរិស្ថាន និង​អនាម័យ​ឡើងវិញ តាមរយៈ​ការបន្ថែម​កម្លាំង​កម្មក​រ និង​រថយន្ត​ដឹកជញ្ជូន​សំរាម​, ដាក់​មន្ត្រី​ការពារ​តាម​តំបន់ឆ្នេរ , រៀបចំ​ប្រព័ន្ធ​លូ តាមបែប​ស្ដង់ដារ និង​គោលនយោបាយ​សំខាន់ៗ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​។

​ក្រៅពីនេះ ការការពារ​សុវត្ថិភាព និង​សន្តិសុខ​ដល់​ភ្ញៀវទេសចរ ក៏​ស្ថិតនៅក្នុង​គោលការណ៍​របស់​មន្ទីរ និង​អាជ្ញាធរ​ផងដែរ​។ នេះ​បើតាម​លោក តាំង សុចិត្រ​គ្រឹ​ស្នា បញ្ហា​ខាងលើនេះ ខាង​មន្ទីរ​និង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​អាច​ដោះស្រាយបាន នៅក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ​។

Tag:
 ​តាំង សុចិត្រ​គ្រឹ​ស្នា​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com