កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
បែលហ្ស៊ិក អ៊ីតាលី រុស្ស៊ី និង​ប៉ូឡូញ កក់​កៅអី​ទៅ Euro 2020
14, Oct 2019 , 2:41 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ បែលហ្ស៊ិក អ៊ីតាលី រុស្ស៊ី និង​ប៉ូឡូញ ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2020 ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​រកបាន​ពិន្ទុ​នាំមុខ​ដាច់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​រៀងៗ​ខ្លួន​។​



​បែលហ្ស៊ិក​ដែល​ស្ថិតក្នុង​ពូ​ល I បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​អាច​ឈានទៅ Euro ឆ្នាំ ២០២០ តាមរយៈ​ជ័យជម្នះ​ទាំង​៨​លើក ដោយ​ទទួលបាន​ពិន្ទុសរុប ២៤​ពិន្ទុ​។ ក្រុម​រហស្សនាម​បិសាច​ក្រហម​បាន​យកឈ្នះ​គូប្រជែង​ក្រុម​ក្នុង​មួយ​ពូ​ល I នេះ ដូចជា រុស្ស៊ី ស៊ី​ប ស្កុ​តឡែ​ន កា​ហ្សា​ក់​ស្ថាន និង​សាំង​ម៉ា​រ៉ាំ​ង​។ ប្រកួត​លើកចុងក្រោយ បែលហ្ស៊ិក​ឈ្នះ​ម្ចាស់ផ្ទះ កា​ហ្សា​ក់​ស្ថាន ២-០ ដោយមាន​ពិន្ទុ​នាំមុខ​ក្រុម​លេខ​៣​ក្នុង​ពូ​ល​រហូត​១៤​ពិន្ទុ ខណៈ​ការប្រកួត​សល់​២​លើក​ទៀត​ប៉ុណ្ណោះ​។​

​ក្នុង​ពូ​ល​នេះដែរ រុស្ស៊ី​ក៏​ទទួលបាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។ ម្ចាស់ផ្ទះ World Cup 2018 មួយ​នេះ រកបាន​២១​ពិន្ទុ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២ ពូ​ល I នាំមុខ​ដាច់​ក្រុម​គូប្រជែង​លេខ​៣ ស៊ី​ប ចំនួន​១១​ពិន្ទុ ស្របពេល​សល់​តែ​២​ប្រកួត​។ ឆ្លងកាត់​ការប្រកួត​៨​លើក រុស្ស៊ី​បរាជ័យ​តែមួយ​លើក​ប៉ុណ្ណោះ គឺ​ចាញ់​បែលហ្ស៊ិក ៣-១ កាលពី​ជួបគ្នា​ជើង​ទី​១​។ ជំនួប​បន្ទាប់​រុស្ស៊ី ប៉ះ​បែលហ្ស៊ិក និង​សាំង​ម៉ា​រ៉ាំ​ង​ដែលជា​ការប្រកួត​បង្គ្រប់​កិច្ច​។​

​អ៊ីតាលី​ដែ​ឈ្នះ​គ្រប់​ប្រកួត​នៅ​ពូ​ល J ក្នុងចំណោម​៧​ប្រកួត ក៏បាន​កៅអី​ទៅ​ប្រជែង​ពានរង្វាន់​អឺរ៉ុប​ឆ្នាំ​២០២២​ផងដែរ​។ អ៊ីតាលី​រកបាន​២១​ពិន្ទុ​ពេញ នាំ​មុន​ក្រុម​លេខ​២ ហ្វាំ​ង​ឡង់​ដែល​រកបាន​១២​ពិន្ទុ និង​លេខ​៣ អា​មេ​នី​១០​ពិន្ទុ បូ​ស្ន៊ី ១០​ពិន្ទុ ក្រិ​ក​៥​ពិន្ទុ និង​លិច​តិ​ន​ស្តា​ញ​២​ពិន្ទុ​។ ជំនួប​លើក​ទី​៧ ដែល​អ៊ី​តាលី​ឈ្នះ​ក្រិ​ក ២-០ បាន​នាំ​ពួកគេ​នាំមុខ​ក្រុម​លេខ​៣​ចំនួន ១១​ពិន្ទុ ស្របពេល​ការប្រកួត​សល់​តែ​៣​លើក​។​

​ហ្វាំ​ង​ឡង់ អា​មេ​នី និង​បូ​ស្ន៊ី ដែលមាន​ពិន្ទុ​ប្រដេញ​គ្នា​ក្នុង​ពូ​ល J ត្រូវ​ប្រជែង​យក​លេខ​២ ដើម្បី​ឈានទៅ​វគ្គ​បន្ត​។​

​ដោយឡែក ប៉ូឡូញ​ក៏មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​មួយ​កៅអី​ទៅ Euro 2020 ដែរ​។ ១៩​ពិន្ទុ ពី​ការប្រកួត​៨​លើក​ក្នុង​ពូ​ល G របស់​ប៉ូឡូញ នាំ​ឲ្យ​ពួកគេ​មាន​ពិន្ទុ​នាំមុខ​ក្រុម​លេខ​៣ ម៉ា​សេ​ដ្វា​ន​ខាងជើង​ចំនួន​៨​ពិន្ទុ ខណៈ​ការប្រកួត​សល់​២​លើក​។ អូទ្រីស​នៅ​លេខ​រៀង​ទី​២ មាន​១៦​ពិន្ទុ ម៉ា​សេ​ដ្វា​នខា​ង​ជើងមាន​១១​ពិន្ទុ ស្មើ​ក្រុម​លេខ​៤​ស្លូ​វេ​នី អ៊ីស្រាអែល​មាន​៨​ពិន្ទុ ហើយ​ឡេ​តូ​នី​សូន្យ​ពិន្ទុ​នៅ​បាត​តារាង​។

​សម្រាប់​ការដណ្តើមយក​ចំណាត់ថ្នាក់​ទី​២ ក្នុង​ពូ​ល G អូទ្រីស​មាន​ភាគរយ​ខ្ពស់​ជាងគេ តាម​ពីក្រោយ​ដោយ ម៉ា​សេ​ដ្វា​ន​ខាងជើង ស្លូ​វេ​នី និង​អ៊ីស្រាអែល​ដែលមាន​ភាគរយ​តិចជាង​គេ​៕


Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com