ជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​៖ ការដុត​សម្អាត​ដី​សម្រាប់ធ្វើ​កសិកម្ម មិនល្អ​នោះទេ​
14, Oct 2019 , 3:24 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សាយ សំអាល់
រូបពីហ្វេសប៊ុកលោក សាយ សំអាល់
​ដោយ​៖ ផាត ដា​ណេ

​ភ្នំពេញ​៖ ការដុត​សម្អាត​ដី​សម្រាប់ធ្វើ​កសិកម្ម​ថ្មី ជា​របៀប​បែប​ប្រពៃណី​មួយ​ដែល​នៅ​អនុវត្តតាម​ប្រទេស​ជាច្រើន​លើ​សកលលោក ប៉ុន្តែ​ការដុត​សម្អាត​ដី​នេះ​មិន​ហុច​ផល​ល្អ​ដល់​ដី​នោះឡើយ​។ នេះ​បើតាម​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៩​ខែតុលា​។​



​លោក សាយ សំ​អាល់ បាន​បញ្ជាក់ថា ការដុត​ជីវៈម៉ាស់ ដើម្បី​សម្អាត​ដី​កសិកម្ម​នៅ​បន្ត​អនុវត្ត​ច្រើន នៅលើ​ពិភពលោក ព្រោះ​វា​ងាយស្រួល ហើយ​ចំណាយ​ថវិកា​តិច ដោយ​មិន​ត្រូវការ​បច្ចេកវិទ្យា​ទំនើប​ឡើយ​។ ជាពិសេស​កង្វះ​ការយល់ដឹង អំពី​តួនាទី​យ៉ាងសំខាន់​របស់​សារពាង្គកាយ​មានជីវិត ដូចជា​ពពួក​មីក្រូ​សារពាង្គកាយ​នានា នៅក្នុង​ដី​សម្រាប់​ទ្រទ្រង់​ដល់​ការ​ដុះ​លូតលាស់​របស់​ដំណាំ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទម្លាប់​ប្រតិបត្តិ​បែបនេះ ត្រូវបាន​អនុវត្ត​យ៉ាង​ទូលំទូលាយ​។​

​រដ្ឋមន្ត្រី​បរិស្ថាន​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​ពិតមែនតែ​វិធី​នេះ​អាច​ផ្តល់​ផលប្រយោជន៍​ក្នុង​រយៈពេល​ខ្លី ដូចជា​បង្កើន​ជីជាតិ​ដី សម្លាប់​ស្មៅ​និង​កត្តាចង្រៃ​នានា ក៏ប៉ុន្តែ​វា​អាច​នាំមក​នូវ​បញ្ហា​អវិជ្ជមាន​ជាច្រើន​ដល់ បរិស្ថាន សុខភាព សេដ្ឋកិច្ច និង​សង្គម​ទាំងមូល​»​។​
 
​មិនតែប៉ុណ្ណោះ វិធី​ដុត​ជីវម៉ាស់​នេះ វា​ក៏​បំផ្លាញ​គម្រប​ព្រៃឈើ​និង​ជីវៈចម្រុះ ធ្វើឱ្យ​ដី​រេចរឹល ប៉ះពាល់​វដ្ត​ទឹកធម្មជាតិ ,​សុខភាព​មនុស្ស ជាពិសេស​បង្ក​ជំងឺ​ផ្លូវដង្ហើម​, ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍ ,​កាត់បន្ថយ​កាបូន​ស្តុក និង​បង្កើន​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ទៅក្នុង​បរិយាកាស ដែលជា​មូលហេតុ​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៀតផង​។ នេះ​ជាការ​លើកឡើង​របស់លោក សាយ សំ​អាល់ ដើម្បី​ពន្យល់​ឲ្យ​ពលរដ្ឋ​យល់​ពី​បញ្ហា​នៃ​ការដុត​សម្អាត​ដី​សម្រាប់ធ្វើ​កសិកម្ម​ថ្មី​នេះ​៕


Tag:
 បរិស្ថាន​
  ប្រែប្រួល​អាកាសធាតុ​
  កសិកម្
© រក្សាសិទ្ធិដោយ thmeythmey.com