អន្តរជាតិ
ក្រោយ​អាមេរិក​បោះបង់ ក្រុម​ឃើ​ដរ​ត់រក​របប​លោក អាសាដ ដើម្បី​គេច​ពី​ក្រញាំ​តួ​ក​គី
14, Oct 2019 , 3:40 pm        
រូបភាព
យោធាតួកគីក្នុងប្រតិបត្តិការនៅភាគខាងជើងស៊ីរី។ រូបភាព AFP
យោធាតួកគីក្នុងប្រតិបត្តិការនៅភាគខាងជើងស៊ីរី។ រូបភាព AFP
​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ នៅ​ថ្ងៃទី​១៣ ខែតុលា បានប្រកាស​ពី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ជាមួយ​រដ្ឋាភិបាល​លោក បា​សា អាល់ អាសាដ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​ពង្រាយ​យោធា​ស៊ី​រី​នៅ​ភាគ​ខាងជើង​ដើម្បី​ទប់ទល់​សកម្ម​របស់​តួ​ក​គី​។ កិច្ចព្រមព្រៀង​ដែល​មិន​រំ​ពឺ​ង​ថា នឹង​អាច​កើតឡើង​បាន​នេះ ជា​យុទ្ធសាស្ត្រ​របស់​ក្រុម​ឃើ​ដ​ដើម្បី​ការពារ​ខ្លួន ក្រោយ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដកទ័ព​ចេញ​ដោយ​គ្មាន​អាល័យ​នោះ​។



​បួន​ថ្ងៃក្រោយ​តួ​ក​គី​បើក​ប្រតិបត្តិការ​យោធា​ចូល​ភាគ​ខាងជើង​ស៊ី​រី ក្រុម​ឃើ​ដដែល​អស់​ខែល​ការពារ​បន្ទាប់ពី​អាមេរិក​ដក​កងទ័ពរ​បស់​ខ្លួន ក៏​ងាក​ទៅរក​ជំនួយ​ពី​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​។ កិច្ចព្រមព្រៀង​មួយ បាន​លេច​ជា​រូបរាង​រវាង​រដ្ឋាភិបាល​ឃើ​ដដែល​គ្រប់គ្រង​ភាគ​ខាងជើង​ស៊ី​រី និង​រដ្ឋាភិបាល​ប្រធានាធិបតី បា​សា អាល់ អាសាដ ដើម្បី​ពង្រាយ​យោធា​ស៊ី​រី​ប្រឆាំង​យុទ្ធនាការ​របស់​តួ​ក​គី​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់ បាត់បង់​ផ្ទះសម្បែង​។​

​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១៣ ខែតុលា កម្លាំង​ស៊ី​រី​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ក្រុម​ឃើ​ដ​ក្នុង​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម បញ្ជាក់ថា ដើម្បី​បញ្ចៀស និង​ទប់ទល់​ការឈ្លានពាន​របស់​តួ​ក​គី កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​បង្កើតឡើង​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ដែល​នឹង​បើកផ្លូ្វ​ឲ្យ​យោធា​ស៊ី​រី​ពង្រាយ​តាម​បណ្ដោយ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​។ មិនមាន​ព័ត៌មាន​លម្អិត​អ្វី​ក្រៅពី​នេះឡើយ ខណៈ​ក្រុម​ឃើ​ដ​ក៏​មិន​បញ្ជាក់ថា វត្តមាន​យោធា​ស៊ី​រី នឹង​ប៉ះពាល់​សិទ្ធិ​គ្រប់គ្រង​ភាគ​ខាងជើង​របស់ខ្លួន​ឬ​យ៉ាងណាដែរ​។​

​ក្រុម​ឃើ​ដ​ស៊ី​រី ទំនង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពីរ​ត់រក​ជំនួយ​ពី​កងទ័ព​ស៊ី​រី​ដែលមាន​រុស្ស៊ី​នៅ​ពីក្រោយ​ឡើយ ខណៈ​អាមេរិក​មិនទាន់​ចាត់វិធានការ​អ្វី​ទាល់តែសោះ​ឆ្លើយតប​នឹង​ប្រតិបត្តិការ​យោធា​របស់​តួ​ក​គី ក្រៅពី​ការ​គំរាម​ដាក់ទណ្ឌកម្ម​នោះ​។ យុទ្ធនាការ​រដូវ​ផ្កា​រីក​របស់​តួ​ក​គី​នេះ បានសម្លាប់​ជន​ស៊ីវិល និង​សកម្មជន​ឃើ​ដ​ខ្ទង់រយ​នាក់​ទៅហើយ ឯ​មនុស្ស​ជាច្រើន​ទៀត​រងរបួស​។ អ្វី​គួរ​បារម្ភ គឺ​សកម្មជន​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ស្ថិតក្រោម​ការឃុំខ្លួន​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឃើ​ដ​តែម្ដង​។​

​យុទ្ធនាការ​របស់​តួ​ក​គី​ដែល​ចាប់ផ្ដើម​កាលពី​សប្ដាហ៍​មុន ត្រូវបាន​រៀបចំ​ជា​យូរ​មកហើយ ប៉ុន្តែ​មិនអាច​អនុវត្តបាន​ដោយសារ​វត្តមាន​យោធា​អាម​រិ​ក​ជាមួយ​ក្រុម​ឃើ​ដ​។ ការដក​ទ័ព​របស់​អា​មេ​រិ​ក ជាការ​ផ្ដល់​ភ្លើង​បៃតង​ដោយ​ប្រយោល​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ គោលដៅ​របស់​តួ​ក​គី គឺ​បង្កើត​តំបន់​សុវត្ថិភាព​មួយ​ជម្រៅ​៣០​ទៅ​៤០​គីឡូម៉ែត្រ​ក្នុង​ទឹកដី​ស៊ី​រី​សម្រាប់​ការធ្វើ​មាតុ​ភូម​និវត្តន៍​ជនភៀសខ្លួន​ស៊ី​រី និង​ការ​បោសសម្អាត​ការគំរាមកំហែង​មកលើ​សន្តិសុខ​តួ​ក​គី​ផង​។

​ប្រតិបត្តិការ​នេះ ធ្វើ​ឲ្យ​ក្រុង​អង់កា​រ៉ា​រង​ការរិះគន់​យ៉ាងខ្លាំង​។ អាល្លឺម៉ង់ និង​ន័​រ​វ៉េ​ស សម្រេចចិត្ត​ផ្អាក​ការលក់​អាវុធ​ឲ្យ​តួ​ក​គី ខណៈ​អាមេរិក​ឯណោះ​វិញ​កំពុង​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម ខណៈដែល​លោក ត្រាំ ព្រមាន​ថា សេដ្ឋកិច្ច​របស់​តួ​ក​គី​នឹង​រលាយ បើសិន​ហ៊ាន​ធ្វើ​អ្វី​ហួសហេតុ​នោះ​។ យ៉ាងណាមិញ ប្រមុខ​ដឹកនាំ​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ អះអាង​ហើយ​ថា គ្មានអ្វី​មក​បង្អាក់​យុទ្ធនាការ​សឹក​របស់​តួ​ក​គី​បានឡើយ មិនអាច​លោកខាងលិច​អ្វី​ទេ​៕

Tag:
 ​អាមេរិក​
  ស៊ី​រី​
  ឃើ​ដ​
  តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com