ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាំង ជូលាន ពន្យល់ពីជំនឿ និងទំនាក់ទំនងរវាងរាហូ និងការកើតស្លាប់របស់មនុស្ស
14, Oct 2019 ,
9:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ គេតែងស្គាល់រាហូ ថាជាយក្សមានតែក្បាល និងបង្កើតជាព្រឹត្តិការណ៍សូរគ្រាស និងចន្ទគ្រាស។ តាមអ្នកសិក្សាស្រាវជ្រាវ រាហូគឺជាព្រះកាល ហើយពាក្យកាលក្នុងភាសាសំស្ក្រឹតមានន័យថាពេល ដែលវាទាក់ទងនឹងការស្លាប់ និងការកើត។ មានភស្ដុតាងច្រើន ដែលអ្នកស្រាវជ្រាវហ៊ាន សន្មត់ថា រាហូមានទំនាក់នឹងការស្លាប់ និងការកើតឡើងវិញរបស់មនុស្ស។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ប្រវត្តិនៃវប្បធម៌ដែលមានរូបរាហូជាប់នៅតាមផ្ដែរប្រាសាទ មឈូស និងមេរុជាដើមនោះ មានប្រវត្តិយូរលង់មកហើយ។ កិច្ចនេះ ក៏មិនមែនជារឿងចៃដន្យដែរ តែវាជាទំនៀមដែលមានតពីដូនតា ហើយវាក៏មិនទាន់បាត់បង់ទាំងស្រុងដែរ មកដល់សព្វថ្ងៃនេះ។ ជាមរតកវប្បធម៌អរូបី ដែលអ្នកស្រុកនិយមធ្វើតៗគ្នា ដោយមិនដឹងពីប្រវត្តិបែបណាផង។
សាស្ដ្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកវប្បធម៌ លោក អាំង ជូលាន បានលើកយកពីទំនៀមប្រពៃណី សិល្បៈមួយចំនួន ដែលទាក់ទងនឹងរាហូ មកបង្ហាញក្នុងបាឋកថារបស់លោកស្ដីពី វដ្ដសង្សារ៖ សិល្បៈ និងកិច្ច។ រាហូដែលលោក ជូលាន បានលើកជាឧទាហរណ៍ដែលមានក្នុងកិច្ចពិធីប្រពៃណីរបស់ខ្មែរនោះ គឺទាក់ទងនឹងការស្លាប់ និងការកើតឡើងវិញរបស់មនុស្ស។ លោកពន្យល់ថា រាហូដូចជាកង់ពេលមួយ ដែលវិលជុំ គឺរាប់ពីការកើតរហូតដល់ស្លាប់វិញ។
លោកសាស្ដ្រាចារ្យបន្ថែមថា រាហូជាព្រះកាល តែព្រះកាលមិនអាចមើលឃើញឡើយ។ សម្រាប់រាហូជាអ្វីដែលអាចមើលឃើញបាន ហើយវាមានន័យដូចគ្នា។ «រឿងដែលនិយាយទាំងប៉ុន្មានមក គឺសុទ្ធតែទាក់ទងរឿងខ្មោចទាំងអស់ តែទាំងអស់នេះ ច្រើនតែឃើញនៅតំបន់អង្គរដែលខ្លាំងជាងគេ ។ ខ្ញុំជឿថា តាំងពីសម័យអង្គរអីមក វាមានបានត មកដល់ឥឡូវ។ វាមិនមែនមនុស្សបង្កើតមកទទេៗទេ។ ខ្ញុំមិនសូវជឿទេថា អារ្យធម៌អង្គររលាយអស់ហើយ តែម៉េចពិធីវានៅមាន ព្រោះវាមិនទាន់បាត់ហ្នឹងហើយ ទើបត្រូវខំថែ»។
ក្នុងបាឋកថាទៅកាន់អ្នកចូលរួមប្រមាណ២០០នាក់ នៅអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ កញ្ញា លោក អាំង ជូលាន បានបង្ហាញភស្ដុតាងច្រើនទម្រង់ និងច្រើនកន្លែងមកលម្អិត ដើម្បីឱ្យអ្នកចូលរួមកាន់តែច្បាស់ថា រាហូ មានទាក់ទងនឹងសេចក្ដីស្លាប់ និងសេចក្ដីកើតឡើងវិញ។ ជំនឿប្រពៃណីដែលមានរាហូ គឺសុទ្ធសឹងភ្ជាប់ទៅនឹងទីកន្លែង របស់របរ កិច្ចពិធីនៃសេចក្ដីស្លាប់ ដែលក្នុងនោះ មាននៅលើមឈូស ជើងសំឡី មេរុ តាមផ្ដែរប្រាសាទ។ល។ សម្រាប់លោក ជូលាន ជំនឿដែលមានតាំងពីយូរយារមក មិនទាន់បាត់បង់ទៅណាទេ ហើយការធ្វើនោះ ក៏មិនមែនធ្វើតាមការនឹកឃើញដែរ។
ជាអ្នកស្រាវជ្រាវផ្នែកវប្បធម៌មួយរូប លោកសាស្ដ្រាចារ្យ ជូលាន យល់ថាអារ្យធម៌អង្គរ មិនទាន់ស្លាប់ឡើយ។ លោកពន្យល់ថា អារ្យធម៌ទាំងនោះ មានដូចជាកិច្ចពិធីផ្សេងៗ ដែលអ្នកស្រុកអង្គរកំពុងធ្វើ។ យ៉ាងណា លោកទទួលស្គាល់ថា អារ្យធម៌ទាំងនោះកំពុងលិបបាត់បន្ដិចម្ដងៗ ដោយសារការបើកទ្វារ ស្វាគមន៍ទេសចរពីគ្រប់ទិសទី ហើយចង់មិនចង់ អ្នកស្រុកក៏មិនសូវរៀបចំកិច្ចពិធីមួយចំនួនដែលធ្លាប់ធ្វើនៅតាមប្រាសាទ ឬបុរាណដ្ឋានមួយចំនួន។
ដោយសារទំនៀមខ្លះមិនទាន់បាត់បង់ ឬនៅបន្ដិចបន្ដួចនេះហើយ ទើបលោក ជូលាន ទទូចសុំឱ្យមានការថែរក្សា អភិរក្ស។ លោកយល់ថា អារ្យធម៌ ពិតជាមានតម្លៃណាស់ ពិសេសទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រាហូ
អាំង ជូលាន
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 នាទី
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម