អន្តរជាតិ
ប្រមុខ​ការទូត​ហ្វីលីពីន​សុំទោស​ចិន​ក្រោយ​និយាយ​ប៉ះពាល់​លោក ម៉ៅ សេទុង លើ Twitter
14, Oct 2019 , 9:39 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នៅ​ថ្ងៃទី​១៣ ខែតុលា ប្រមុខ​ការទូត​ហ្វីលីពីន Teodoro Locsin បាន​សុំទោស​ទៅកាន់​ប្រទេស​ចិន ក្រោយ​សរសេរ​សារ​លើ​បណ្ដាញ​សង្គម​ដែលមាន​ខ្លឹមសារ​ប៉ះពាល់​អតីត​មេដឹកនាំ​ចិន ម៉ៅ សេទុង​។ ក្នុង​សារ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter លោក Locsin ប្រៀបធៀប​បដិវត្តន៍​លោក ម៉ៅ សេទុង ដែលជា​ស្ថាបនិក​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​បាយ​ខ្លោច​។​



​ក្នុង​សារ​តាម​បណ្ដាញ​សង្គម Twitter ដែល​បាន​បង្ហោះ​កាលពី​ពីរ​សប្តាហ៍​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ការបរទេស​ហ្វីលីពីន  លោក​Teodoro Locsin បាន​សរសេរ​ឈ្មោះ​ប្រមុខ​បដិវត្តន៍​ចិន​លោក ម៉ៅ សេទុង ជា Mao Che Tutung ។ ពាក្យ Tutung នេះ​មានន័យថា​បាយ​ខ្លោច​នៅក្នុង​ភាសា​ហ្វីលីពីន​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Bloomberg ។​

​ក្នុង​សារ​មួយ​ផ្សេងទៀត​ដែល​បាន​បង្ហោះ​នៅ​ថ្ងែ​ទី​១១ ខែតុលា ខណៈ​កំពុង​ប្រតិកម្ម​លើ​រឿង​ភ្នាល់​ជាមួយ​មេដឹកនាំ​ទំនោរ​ឆ្វេងនិយម​ពី​រឿង​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ លោក Locsin បានសរសេរថា គោលការណ៍​នៃ​លទ្ធិកុម្មុយនីស្ត​គឺ​ដើម្បី​ប្រមូល​អំណាច និង បង្កើត​ភាព​បញ្ហា​អត់ឃ្លាន​ដូចដែល​លោក ម៉ៅ បានធ្វើ​។ លោក Locsin ទំនង​ចង់​សំដៅ​គ្រោះ​អត់ឃ្លាន​ដែល​កើត​នៅ​ចិន​ចន្លោះ​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦០ ។​

 រំលង​មិនយូរ មន្ត្រី​ហ្វីលីពីន​ក៏​សុំទោស​។ នៅ​ថ្ងៃទី​១៣ ខែតុលា លោក Locsin បានធ្វើ​សុំទោស​ទៅកាន់​ប្រទេស​ចិន និង​លោក​ឯកអគ្គរដ្ឋទូត​ចិន​នៅ​ហ្វីលីពីន Zhao Jianhua លើ​ការប្រើប្រាស់​ឈ្មោះ​របស់លោក ម៉ៅ ក្នុង​រឿង​បែបនេះ​។​

​គួររំលឹកថា ហ្វីលីពីន​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ចិន និង​បាន​ស្នើសុំ​ជំនួយ​ចិន​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​។ លើសពីនេះទៅទៀត​ការពង្រឹង​ចំណងមិត្តភាព​នេះ គឺមាន​គោលបំណង​ដោះស្រាយ​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ ជាមួយ​ការសុំ​ទោស​នេះ ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​ចិន​ទំនងជា​មិន​ល្អក់កករ​អ្វី​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com