ជាតិ
២៥ខេត្ត/រាជធានី
ដាំ​ត្រសក់​លើដី​ដដែលៗ នាំ​ឲ្យ​កើតមាន​ជំងឺ និង​សត្វល្អិត​កាន់តែច្រើន​!
14, Oct 2019 , 5:01 pm        
រូបភាព
​ដោយ​៖ ផាត ដា​ណេ​
​ភ្នំពេញ​៖ ដំណាំ​ត្រសក់ទ្រើង បើទោះជា កសិករ ធ្វើ​ទ្រើង​ឲ្យ​វា​ឡើង​ខ្ពស់​ផុតពី​ដី​ក៏ដោយ ក៏​អាចមាន​ជំងឺឆ្លង ដែល​ធ្វើ​ឲ្យ​ដំណាំ​លូតលាស់​មិនល្អ និង​ប្រមូល​ផល​បាន​តិច​។ ហើយ​ការដាំ​ត្រសក់​នៅលើ​ដៃ​ដដែលៗ នាំ​ឲ្យ​កើតមាន​ជំងឺ និង​សត្វល្អិត​កាន់តែច្រើន ដែល​នាំឲ្យ​ពិបាក​កម្ចាត់​វា​។​

 
​កត្តា​ដែល​នោះ​ឲ្យ​«​ដំណាំ​ត្រសក់ទ្រើង​»​កើត​ជំងឺ ដូចជា បើ​ដាំ​នៅ​លើដី​ដដែលៗ​នាំ​ឲ្យ​កើត​ជំងឺ និង​សត្វល្អិត​ក​កាន់តែច្រើន ដែល​នាំ​ឲ្យ​ពិបាក​កម្ចាត់​វា​។ នៅតាម​ត្រួយ​ត្រសក់ ជាពិសេស​នៅ​រដូវក្តៅ ប្រសិនបើ សម្បូរ​ដោយ​ពពួក​ទ្រី​ប​ជញ្ជក់​ត្រួយ​ត្រសក់​ហើយ វា​ចម្លងជំងឺ​វ៉ី​រស​ដល់​ត្រសក់​នោះ​មិនអាច​ព្យាបាល​បានឡើយ​។ ម្យ៉ាងទៀត ប្រសិនបើ ស្លឹក​ត្រសក់​ចាប់ផ្តើម​មាន​ចំនុច​អុចៗ​ពណ៌​លឿង ហើយ​ប្រែជា​ពណ៌​ត្នោត នោះ​មានន័យថា វា​កើត​ជំងឺ​«​លឿង​ស្លឹក​» ពោលគឺ វា​កើត​ពី​ស្លឹក​នៅក្បែរ​ដី ហើយ​រាល​ទៅ​ស្លឹក​ផ្នែក​ខាងលើ​។  


 
​ដូច្នេះ កសិករ ត្រូវ​បាញ់ថ្នាំ​ផ្សិត ៥​ថ្ងៃ​ម្ដង​នៅ​រដូវវស្សា និង​៧​ថ្ងៃ​ម្ដង​នៅ​រដូវប្រាំង តាំងពី​កូន​ត្រសក់​ដុះ​បាន​ស្លឹក​២ ដើម្បី​ការពារ​ជាមុន​។ ប្រសិនបើ ត្រសក់​មាន​ជំងឺផ្សិត កសិករ​ត្រូវ​កាត់​ស្លឹក​ទាំងនោះ​ចេញ​សិន​មុន​បាញ់ថ្នាំ​ផ្សិត​។ ចំពោះ ស្លឹក​ដែល​កាត់​រួច​ត្រូវ​យកទៅ​កប់​ចោល ឬ​ធ្វើជា​ជី​កំ​ប៉ុ​ស្ត​។ កសិករ មិនត្រូវ​ទុក​ស្លឹក​ទាំងនោះ​ក្នុង​ចម្ការ​ទេ វា​អាច​ឆ្លងទៅ​ដើម​ផ្សេងៗ​ទៀត​។ សម្រាប់​ការបាញ់​ថ្នាំ​ផ្សិត​វិញ កសិករ គួរ​បាញ់​នៅ​ម៉ោង​៤​ទៅ​៥​ល្ងាច ដោយសារ​ជំងឺផ្សិត​កើត​នៅ​ខាងក្រោម​ស្លឹក ដូច្នេះ កសិករ យើង​ត្រូវ​បាញ់​នៅ​ផ្នែក​ខាងក្រោម​ស្លឹក​ទៅខាង​លើ​។​


 
​ជាមួយគ្នានេះ កសិករ​មិនគួរ​បាញ់ថ្នាំ​ពេល​មេឃ​ជិត​ភ្លៀង មាន​ខ្យល់ និង​ពេល​ថ្ងៃត្រង់​។ កសិករ មិនត្រូវ​ប្រើ​ថ្នាំ​ឈ្មោះ​កម្ចាត់​សត្វល្អិត និង​ជំងឺ​ដដែលៗ ដែល​ធ្វើ​ឲ្យ​សត្វល្អិត និង​ជំងឺ​មាន​ភាព​ធន់​ទ្រាំ​ជាមួយនឹង​ថ្នាំ​។ ម្យ៉ាងទៀត កសិករ​ក៏​មិន​គួរប្រើ​ថ្នាំពុល​លាយ​ចូលគ្នា​នៅពេល​បាញ់ ដែល​វា​អាចធ្វើ​ឲ្យ​ថ្នាំ​គ្មាន​ប្រសិទ្ធភាព ហើយ​សត្វល្អិត ដង្កូវ​រហ័ស​សាំ​នឹង​ថ្នាំ ពិបាក​កម្ចាត់​វា​នៅពេល​ក្រោយ​។​


 
​ចំពោះ​ការថែទាំ​ដំណាំ​ត្រសក់ទ្រើង​នេះ កសិករ​ត្រូវ​ស្រោច​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នៅពេល​ព្រឹក តែ​ក៏​ជៀសវាង​ស្រោច​ទឹក​ច្រើនពេក ដែល​ធ្វើ​ឲ្យ​ដី​សើម​ជ្រុល​នៅពេល​ល្ងាច អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ដំណាំ​បាន​។​ម្យ៉ាងវិញទៀត កសិករ​ត្រូវ​ដោត​ទ្រើង​ភ្លាម​បន្ទាប់ពី​ដាំ​កូន​ដំណាំ​ហើយ តែ​អាច​យឺត​បំផុត​ចំនួន​៧​ថ្ងៃ បើ​ទុក​ឲ្យ​ធំ​ទើប​ដោត​ទ្រើង​នោះ ធ្វើ​ឲ្យ​ដំណាំ​ដា​ច់ឬស​លូតលាស់​យឺត ហើយ​ងាយ​ថយ​ទិន្នផល​។ ជាមួយគ្នានេះដែរ កសិករ​ក៏ត្រូវ​កាត់​ស្លឹក​ដែល​នៅ​ផ្នែក​ខាងក្រោម​ក្បែរ​ដី​ចំនួន​១​ឬ​២​សន្លឹក​ចេញ​នៅ​រដូវវស្សា​។​


 
​រីឯ​ការប្រមូល​ផល​ត្រសក់​ដ៏​ល្អ​បំផុត គឺ​ត្រូវ​បេះ​ផ្លែ​នៅពេល​ព្រឹក ដោយ​មិនត្រូវ​ទុក​ផ្លែ​ដែល​បេះ​ហើយ​ឲ្យ​ត្រូវ​នឹង​កម្តៅថ្ងៃ​ឡើយ​៕
 
(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​ឯកសារពិគ្រោះ​ដែលមាន​នៅក្នុង​សៀវភៅ​ណែនាំ​អំពី​បច្ចេកទេស​ដំណាំ​បន្លែ​, ២០១១ និង​សៀវភៅ​ណែនាំ​បច្ចេកទេស​កសិករ ផលិតកម្ម​ដំណាំ​បន្លែ​, ២០១៣ បោះពុម្ពផ្សាយ​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​)

© រក្សាសិទ្ធិដោយ thmeythmey.com