អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ រាល់​ការប៉ុនប៉ង​ពុះ​ចែក​ប្រទេស​ចិន នឹងត្រូវ​បង្ក្រាប​
14, Oct 2019 , 5:10 pm        
រូបភាព
ប្រធានាធិបតី ស៊ី ជិនភីង, រូបភាព AFP
ប្រធានាធិបតី ស៊ី ជិនភីង, រូបភាព AFP
​ប្រ​ធានា​ធីប​តី​ចិន ស៊ី ជិន​ភីង បាន​ព្រមាន​ច្បាស់ៗ​ថា រាល់​ការប៉ុនប៉ង​បំបែក​ប្រទេស​ចិន នឹង​ត្រូវបាន​បង្ក្រាប​។ ការលើកឡើង​បែបនេះ គឺធ្វើឡើង​ស្របពេល​ទីក្រុង​ប៉េកាំង កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ការតវ៉ា​នៅ​ហុងកុង ការរិះគន់​របស់​អាមេរិក​ពាក់ព័ន្ធ​នឹង​ជនជាតិ​មូស្លីម វី​ហ្គ័​រ សង្គ្រាម​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងៗ​ទៀត​។



​នា​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ KP Sharma Oli នៅ​ថ្ងៃទី​១៣  ខែតុលា លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​លើកឡើងថា រាល់​ជន​ទាំងឡាយណា ដែលមាន​បំណង​ពុះ​ចែក​ផ្នែក​ណាមួយ​នៃ​ប្រទេស​ចិន នឹង​ប្រឈម​ទៅនឹង​ការបង្ក្រាប​ដូច​ឆ្អឹង​ជា​បំណែកៗ​។ ក្នុងន័យនេះ លោក ស៊ី​ចង់​បញ្ជាក់ថា បើទោះបី​ជាមាន​កម្លាំង​បរទេស​នៅ​ពីក្រោយ​នៃ​ការប៉ុនប៉ង​នេះ​ក៏ដោយ ប្រជាជន​ចិន​ចាត់ទុក​សកម្មភាព​នេះ គ្រាន់តែ​ជាការ​យល់សប្តិ​តែប៉ុណ្ណោះ ហើយ​វា​នឹងមិន​អាច​កើតឡើង​ជាដាច់ខាត​។​

​មេដឹកនាំ​ចិន ទំនង​ចង់​សំដៅ​ទៅដល់​ហុងកុង ដែលមាន​ការធ្វើ​បាតុកម្ម​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ និង​ការរិះគន់​របស់​អាមេរិក​ទៅលើ​ជនជាតិភាគតិច​វី​ហ្គ័​រ​។ នេះ​បើ​ផ្អែក​ទៅតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងន័យ​គាំទ្រ​គំនិត​របស់​ប្រធានាធិបតី​ចិន នាយករដ្ឋមន្ត្រី Oli បាន​គូសបញ្ជាក់ថា នេ​ប៉ាល់​ជំទាស់​ជាដាច់ខាត​ទៅនឹង​រាល់​សកម្មភាព​វិទ្ធង្សនា​ទាំងឡាយណា ប្រឆាំងនឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅលើ​ទឹកដី​នេ​ប៉ាល់​។

​ពាក់ព័ន្ធ​ទៅនឹង​សម្តី​របស់​អគ្គលេខាធិកា​រ​បក្សកុម្មុយនិស្ត​ចិន​រូបនេះ បញ្ហា​ជាច្រើន បាន​ធ្លា​ក់មក​ផ្ទួនៗ​ទៅ លើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។ ជាក់ស្តែង​ទីក្រុង​ចិន កំពុង​ព្យាយាម​បន្ធូរបន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។ ស្របពេល​ជាមួយគ្នា​ដែរ បាតុកម្ម​នៅ​ទីក្រុង​ហុងកុង កំពុង​តែមាន​ភាព​តានតឹង ដោយ​អាជ្ញាធរ​បាន​បាញ់​គ្រាប់កាំភ្លើង​កៅស៊ូ ឧស្ម័ន​បង្ហូរទឹកភ្នែក ការបាញ់ទឹក ដើម្បី​បំបែកហ្វូង​បាតុកម្ម​នៅលើ​អតីត​ដែន​អាណានិគម​អង់គ្លេស​មួយ​នេះ​។

​បន្ថែម​ពីលើ​នេះ កន្លងមក អាមេរិក​បានដាក់​អង្គការ​ចិន​ចំនួន​២៨ ចូលទៅក្នុង​បញ្ជីខ្មៅ ហើយ​ថែមទាំង​រឹតត្បិត​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ចិន​ថែមទៀត​។
​សូមបញ្ជាក់ថា ការព្រមាន​ចំៗ​បែបនេះ​របស់​ប្រមុខរដ្ឋ​ចិន គឺធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​នេ​ប៉ាល់​ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល ២២​ឆ្នាំ​កន្លងមកនេះ​។ នៅ​អំឡុង​ទស្សនកិច្ច​នេះ ចិន និង​នេ​ប៉ាល់ បាន​ចុះ​កិច្ចព្រមព្រៀង​ពង្រីក​ខ្សែ​រថភ្លើង​ត​ភ្ជាប់​ពី​ប្រជាជាតិ​ហ៊ី​ម៉ា​ឡា​យ៉ា​ទៅកាន់​តំបន់​ទី​បេ​របស់់​ចិន ដែល​ត្រូវបាន​គេ​មើលឃើញថា ជាការ​ប៉ុនប៉ង​របស់​នេ​ប៉ាល់​ក្នុង​ការទាញយក​ប្រយោជន៍​ពី​ចិន បន្ថែម​ពី​ការពឹង​ផ្អែកលើ​ឥណ្ឌា​នោះ​៕


Tag:
 ចិន​
  នេ​ប៉ាល់​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com