អន្តរជាតិ
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ទៅចូលរួមពិធីគ្រងរាជ្យអធិរាជជប៉ុន ខណៈទំនាក់ទំនងនៅតែតានតឹង នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លី ណាក់យុន ។ រូបភាព AFP
×
ដោយ៖ ឈួន ឈីវអ៊ីង
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លី ណាក់យុន (Lee Nak-yon) បានកំណត់ថ្ងៃដើម្បីទៅចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់អធិរាជជប៉ុន ណារូហ៊ីតូនៅទីក្រុងតូក្យូ នៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្នុងការិយាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ តុលា។ ដំណើរទស្សនកិច្ចនេះ ជានេះជាការផ្លាស់ប្តូរកម្រិតខ្ពស់លើដំបូងរវាងអ្នកជិតខាងទាំងពីរ ខណៈដែលទំនាស់ពាណិជ្ជកម្មនៅតែបន្តកើតឡើងនោះ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យុន នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន អំឡុងថ្ងៃទី២២ ដល់ទី២៤ ខែតុលា។ នេះបើយោងតាមសម្តីមន្ត្រីកូរ៉េខាងត្បូង។ នៅក្នុងដំណើររបស់លោក រួមមានពិធីឡើងគ្រងរាជ្យនៅថ្ងៃទី២២ អមដោយការពិធីពិសារភោជនាហារមួយដែលរៀបចំដោយនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី២៣ ខែតុលា។
នៅសប្តាហ៍មុន មន្ត្រីកូរ៉េខាងត្បូងម្នាក់ដែលបម្រើការនៅវិមាន Cheong Wa Dae បាននិយាយថា ប្រធានាធិបតី មូន ចេអ៊ីន នឹងមិនទៅចូលរួមពិធីឡើងគ្រងរាជ្យរបស់អធិរាជជប៉ុនឡើយ ដោយលើកឡើងពីជំហររបស់ទីក្រុងតូក្យូពាក់ព័ន្ធនឹងការវាយបកផ្នែកពាណិជ្ជកម្មរបស់ខ្លួនប្រឆាំងនឹងទីក្រុងសេអ៊ូលជុំវិញបញ្ហាប្រវត្តិសាស្ត្រ។ ការសម្រេចចិត្តនេះបានធ្វើឲ្យលោក លី ក្លាយជាអ្នកអញ្ជើញទៅចូលរួមពិធីនេះជំនួសទៅវិញ។
ដំណើរទស្សនកិច្ចរបស់លោកលី ត្រូវបានគេមើលឃើញ ថាជាការផ្លាស់ប្តូរមួយដែលអាចនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធូរស្រាល បន្ទាប់ពីមានការប៉ះទង្គិចដោយសារបញ្ហាជាច្រើនមួយឆ្នាំកន្លងមក។ ទីក្រុងសេអ៊ូល បានធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបានរួមមកហើយដើម្បីពង្រឹងទំនាក់ទំនងរវាងកូរ៉េនិងជប៉ុន ហើយកូរ៉េសង្ឃឹមថា កិច្ចជំនួបលើកនេះនឹងអាចជួយពង្រឹងចំណងមិត្តភាពបាន។ នេះបើតាមមន្ត្រីកូរ៉េខាងត្បូងដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap។
គួរកត់សម្គាល់ថា ទីក្រុងសេអ៊ូល និងតូក្យូ បានជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្មមួយ បន្ទាប់ពីតុលាការកំពូលរបស់កូរ៉េបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនសងសំណងដល់ជនរងគ្រោះនៃការជិះជាន់កម្លាំងពលកម្ម ក្នុងអំឡុងស្ថិតក្រោមអាណានិគមរបស់ជប៉ុននៅឆ្នាំ ១៩១០-៤៥ នៃឧបទ្វីបកូរ៉េ។
លោក លី ដែលនិយាយភាសាជប៉ុនយ៉ាងស្ទាត់ជំនាញ ធ្លាប់បម្រើការជាអ្នកឆ្លើយឆ្លងព័ត៌មានតូក្យូពេលធ្វើការជាអ្នកកាសែត។ គាត់ត្រូវបានគេដឹងថា មានបណ្តាញទំនាក់ទំនងល្អយ៉ាងទូលំទូលាយក្នុងចំណោមមន្ត្រីជប៉ុន។ ដូចនេះ ដំណើរទស្សនកិច្ចរបស់លោក អាចនឹងធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងជាមួយជប៉ុន ប្រសិនបើទស្សនកិច្ចនេះ មានទិសដៅបញ្ជាក់ពីការមានគំនិតសុទិដ្ឋិនិយមចំពោះទំនាក់ទំនងសម្រាប់កូរ៉េខាងត្បូង និងជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com