រដ្ឋមន្ត្រី​ការពារជាតិ ៖ កុំ​ចាំបាច់​ទុក​ឲ្យ​ជ្រួលច្របល់ ទើប​ពន្លត់​! គឺ​ត្រូវដាក់​មុន​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​ការពារជាតិ ៖ កុំ​ចាំបាច់​ទុក​ឲ្យ​ជ្រួលច្របល់ ទើប​ពន្លត់​! គឺ​ត្រូវដាក់​មុន​
14, Oct 2019 , 11:19 pm        
រូបភាព
សម្តេច ទៀ បាញ់ ចូលរួមក្នុងពិធីរម្លឹកខួប២៥ឆ្នាំនៃការបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ (រូបពីក្រសួងទំព័រហ្វេសប៊ុកនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា)
សម្តេច ទៀ បាញ់ ចូលរួមក្នុងពិធីរម្លឹកខួប២៥ឆ្នាំនៃការបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ (រូបពីក្រសួងទំព័រហ្វេសប៊ុកនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាថ្មី​ម្តងទៀត ក្រោយ​មាន​បញ្ជា​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ជា​បន្តទៅ​កាន់​គ្រប់​បណ្តា​អង្គភាព​យោធា ឲ្យ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន រហូតដល់​អាជ្ញាធរ​ដែនដី​នៅ​គ្រប់​មូលដ្ឋាន ឲ្យ​ចាត់វិធានការ​លើ​លោក សម រង្ស៊ី និង បក្សពួក បើ​ពួកគេ ពិតជា​មក​កម្ពុជា​មែន ហើយក៏​ត្រូវ​ទប់ស្កាត់​ចលនា​របស់លោក នៅក្នុង​ស្រុក​ផងដែរ ដែល​កំពុង​អនុវត្ត​ដោយ​អ្នកគាំទ្រ​របស់លោក​។



​បញ្ជា​នេះ គឺធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច ទៀ បាញ់ ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​រម្លឹក​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ការបង្កើត​កងពលតូច​លេខ​៧០ នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​។ រដ្ឋមន្ត្រី​ការពារជាតិ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​អ្វីៗ​ដែល​កំពុង​កើតឡើង​នេះ គឺ​វា​ចាំបាច់​ណាស់ ត្រូវតែ​សហការ​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិភាព​នៅ​គ្រប់ទិសទី​និង​គ្រប់​មូលដ្ឋាន​ទាំងអស់​»​។

​សម្តេច​រដ្ឋមន្ត្រី បន្ថែមថា​៖«​និយាយ​ឲ្យ​ចំ កន្លែង​ណា ដែល​មានការ​ញុះញង់ ការ​បំផុសបំផុល​កើតឡើង ជា​រូបភាព​ណាក៏ដោយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ គឺ​ត្រូវតែ​ចាត់វិធានការ​តែម្តង មិនចាំបាច់​ទុក​ឲ្យ​ប្រមូលផ្តុំ​ធំ​ឬក៏​កើតឡើង​នូវ​ភាព​ជ្រួលច្របល់​រួចស្រេច​ហើយ ទើប​យើង​ពន្លត់​ក្រោយ​ទេ គឺ​ដាក់​មុន​តាំងពី​ពេល​នៅ​តូច នៅ [​កំពុង​] កើតឡើង​ហ្នឹង​តែម្តង​»​។

​លោក សម រង្ស៊ី និង បក្សពួក​៨​នាក់​ទៀត ដែល​សុទ្ធតែជា​មេដឹកនាំ​សំខាន់ៗ​របស់​ក្រុមប្រឆាំង ត្រូវ​តុលាការ​កម្ពុជា ចោទប្រកាន់​ពី​ឧបឃាត ដែល​សំដៅលើ​ការរៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​។ ទន្ទឹមនេះ មាន​សកម្មជន​និង​មន្ត្រី​របស់លោក ដែល​កំពុង​រស់នៅក្នុង​ស្រុក បាន​រង​ការចោទប្រកាន់​ជា​ហូរហែ​ពីបទ​រួមគំនិត​ក្បត់ជាតិ ដោយ​អ្នកខ្លះ​ត្រូវ​ជាប់ឃុំ និង​អ្នកខ្លះ​ត្រូវ​គេចខ្លួន​។​

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានប្រកាស​ជាថ្មី​ថា លោក នឹង​វិល​មក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​ការគ្រោងទុក ដោយ​មិន​រាថយ​ឡើយ​។ លោក រំពឹងថា ប្រជាពលរដ្ឋ​ជាច្រើន​នៅក្រៅ​ប្រទេស នឹង​មកជា​មួយ​លោក ហើយ​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស នឹង​ទៅ​ទទួល​លោក​៕ 

Tag:
 ទៀ បាញ់​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com