កីឡាជាតិ
ជាតិ
លោក Felix Dalmas៖ បើ​កម្ពុជា​បន្ត​លេង​ការពារ នឹង​បរាជ័យ​ទ្វេដង​នៅ​ថ្ងៃ​អនាគត​
14, Oct 2019 , 5:55 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រើ​ទម្រង់​លេង​បែប​ប្រយុទ្ធ ដើម្បី​តទល់​ជាមួយ​ក្រុម​អ៊ីរ៉ាក់ ទោះបី​ក្រុម​នេះ​មាន​សមត្ថភាព និង​ចំណាត់ថ្នាក់ FIFA Ranking ខ្ពស់ជាង​កម្ពុជា​ក៏ដោយ​។ ការប្រើ​ប្រព័ន្ធ​លេង​បែបនេះ គឺ​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​បាន​និយាយថា ក្រុម​អ៊ីរ៉ាក់​ត្រូវការ​ឈ្នះ​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​ឈានទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ FIFA World Cup​។ ដូច្នេះ​គោលដៅ​របស់​ពួកគេ​មក​កម្ពុជា គឺ​ជ័យជម្នះ​។



​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លើកឡើងថា ការខ្លាចរ​បួ​ត​គ្រាប់​បាល់​ច្រើន ហើយ​ប្រើ​ប្រព័ន្ធ​លេង​បែប​ការពារ​មិនបាន​រួមចំណែក​ជួយ​អភិវឌ្ឍ​កីឡាបាល់ទាត់​ឲ្យ​មាន​ភាព​រីកចម្រើន​នោះទេ​។ លើសពីនេះ វា​អាចធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​រង​បរាជ័យ​ទ្វេដង​ទៅ​ថ្ងៃ​អនាគត​។ ការ​ហ៊ាន​លេង​ប្រឈម​ជាមួយ​ក្រុម​មាន​សមត្ថភាព​ខ្លាំង​ជាង​ខ្លួន គឺជា​ការវាស់ស្ទង់​កម្រិត​សមត្ថភាព​របស់​កីឡាករ ដើម្បី​ដឹងថា​ពួកគេ​ស្ថិតនៅ​ចំណុច​ណា និង​ស្វែងរក​ចំណុចខ្សោយ​មក​កែលម្អ​ផងដែរ​។​



​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ជឿជាក់ថា ការប្រើ​ទម្រង់​លេង​បែប​ប្រយុទ្ធ​តទល់​ជាមួយ​ក្រុម​មាន​សមត្ថភាព​ខ្លាំង ដោយ​មិន​ខ្លាច​របូត​គ្រាប់​បាល់ ជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុងការ​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន នា​ថ្ងៃ​អនាគត​។ ជាក់ស្តែង​ក្នុងជំនួប​កម្ពុជា​ចាញ់​អ៊ីរ៉ង់ ១៤-០ កាលពី​ថ្ងៃទី​១០ តុលា អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda និង​គ្រូបង្វឹក Felix Dalmas បាន​បន្ត​រៀបចំ​ប្រព័ន្ធ​លេង​បែប​ប្រយុទ្ធ ទោះបី​ដឹងថា ការលេង​បែប​ការពារ​អាចរ​រាំង​មិន​ឲ្យ​របូត​គ្រាប់​បាល់​ច្រើន​ក៏ដោយ​។​

​នា​សន្និសីទ​សារព័ត៌មាន​មុន​ជំនួប​ជាមួយ​អ៊ីរ៉ាក់​លោក Felix Dalmas បានលើកឡើង​ដូច្នេះ​ថា​៖«​យើង​នឹង​ព្យាយាម​បន្តដំណើរ​ទៅមុខទៀត នេះ​ជា​ឱកាស​សម្រាប់​ពួកយើង ដើម្បី​បង្ហាញ​ពី​ការ​ក្រោក​ឡើង និង​ប្រកួតប្រជែង​បន្ត​។ បើសិន​យើង​អង្គុយចាំតែ​ការពារ យើង​នឹង​បរាជ័យ​ទ្វេដង​នៅ​ថ្ងៃ​អនាគត ព្រោះ​វា​មិនមែនជា​វិធីសាស្ត្រ​ល្អ​ក្នុងការ​អភិវឌ្ឍន៍​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នាពេល​អនាគត​»​។

​គ្រូបង្វឹក​រូបនេះ​បាន​បន្តថា ទោះបី​កម្ពស់ ល្បឿន និង​កម្លាំង​មិនមែនជា​សក្តានុពល​រប​ស់​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា តែ​ពួកគេ​មាន​សក្តានុពល និង​ទេពកោសល្យ ដែល​ក្រុម​ដទៃ​គ្មាន​។ តែ​យ៉ាងណា ក្រុម​កីឡាករ​កម្ពុជា​មិនទាន់​អាច​ប្រើ​សក្តានុពល និង​ទេពកោសល្យ​របស់ខ្លួន ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ដូច្នេះ វគ្គ​ជម្រុះ World Cup ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​បង្ហាញ​ពី​សក្តានុពល​របស់ខ្លួន​ទៅកាន់​ពិភពលោក​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​អ៊ីរ៉ាក់ សម្រាប់​ជំនួប​វគ្គ​ជម្រុះ World Cup ជុំ​ទី​២​ប្រចាំ​ពូ​ល C នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​។ កម្ពុជា នឹង​ប្រើ​ទម្រង់​លេង​ដូច​ប៉ះ​អ៊ីរ៉ង​ក្នុងការ​តទល់​ជាមួយ​អ៊ីរ៉ាក់ ដែលជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី នា​ជំនួប​ដែល​រំពឹងថា នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង និង​ជក់ចិត្ត​មួយ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Felix Dalmas​។



​លោក Srecko Katanec គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​បាន​និយាយថា បេសកកម្ម​របស់​អ៊ីរ៉ាក់​មក​កម្ពុជា គឺ​ជ័យជម្នះ ព្រោះ​ពួកគេ​ត្រូវការ​ឈ្នះ​កម្ពុជា ដើម្បី​ឈានទៅ​សម្រេច​គោលបំណង​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ FIFA World Cup ដែល​រៀបចំ​នៅ​ប្រទេស​ការ​តា នា​ឆ្នាំ​២០២២​។

​គ្រូបង្វឹក​វ័យ​៥៦​ឆ្នាំ​រូបនេះ បាន​បន្តថា​៖«​ខ្ញុំ​តែងតែ​រំលឹក​ដល់​កីឡាករ​ខ្ញុំ​រាល់​ការប្រកួត​ម្តងៗ សម្រាប់​ការប្រកួត​ជាមួយ​កម្ពុជា​ខ្ញុំ​មិន​ត្រឹមតែ​ជំរុញ​ឲ្យ​កីឡាករ​ប្រមូល​អារម្មណ៍ និង​យកចិត្តទុកដាក់​១០០​ភាគរយ​នោះទេ គឺ​ត្រៀម​រហូត​១២០​ភាគរយ​។ ព្រោះ​ក្នុង​បាល់ទាត់​អ្វីៗ​ក៏​អាច​កើតឡើង​។ ខ្ញុំ​មិនមែន​បំភ័យ​កីឡាករ​ខ្ញុំ​ទេ តែ​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់ៗ​កាន់តែ​យកចិត្តទុកដាក់​ថែមទៀត​»​។​

​បើ​មើ​លពី​ចំណាត់ថ្នាក់ FIFA Ranking ប្រទេស​ទាំងពីរ​មាន​ចន្លោះ​ខុសគ្នា​រហូត​៩០ ដោយ​កម្ពុជា​ឈរ​លេខ​រៀង​ទី​១៦៩ ខណៈ​អ៊ីរ៉ាក់​ស្ថិតនៅ​លេខ​រៀង​ទី​៧៩៕  

Tag:
 ​បាល់ទាត់​
  World Cup
  Felix Delmas
© រក្សាសិទ្ធិដោយ thmeythmey.com