ជាតិ
បាក់ឌុប
សិស្ស ជាប់​អាហារូបករណ៍​នៅ​សាលា​តិច​ណូ​និង​ភូមិន្ទ​ភ្នំពេញ ត្រូវ​បង្ហាញខ្លួន​ឱ្យបាន​មុន​ថ្ងៃទី​២១​តុលា
15, Oct 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ បេក្ខជន​ចំនួន​១៨៩​នាក់ ដែល​បាន​ប្រឡង​អាហារូបករណ៍​១០០​ភាគរយ​ជាប់​ជា​ស្ថាពរ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចាំបាច់​ត្រូវ​បង្ហាញខ្លួន និង​បំពេញ​សំណុំបែបបទ​ចូលរៀន នៅ​ទីកន្លែង​គ្រឹះស្ថានសិក្សា​រៀងៗ​ខ្លួន ចាប់ពី​ថ្ងៃទី​៨-២១​តុលា ឆ្នាំ​២០១៩​។ នេះ​បើតាម​យោង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្សាយ​បញ្ជី​បេក្ខជន​ជាប់​ស្ថាពរ​អាហារូបករណ៍​នៅតាម​គ្រឹះស្ថានសិក្សា​។



​ក្នុង​បញ្ជី​សិស្ស​ជាប់​ស្ថាពរ​អាហារូបករណ៍​កម្រិត​បរិ​ញ្ញ​ប​ត្រ​ក្នុង​គ្រឹះស្ថានសិក្សា​ទាំងពីរ​ខាងលើ បានអនុម័ត​ថា ប្រសិនបើ​បេក្ខជន​ប្រឡង​ជាប់​អាហារូបករណ៍​ទាំងនោះ មិនបាន​បង្ហាញខ្លួន​តា​ម​ការកំណត់​នៅត្រឹម​ថ្ងៃទី​២១​តុលា​ខាង​នេះ​ទេ គ្រឹះស្ថានសិក្សា​ទាំងនោះ នឹង​ជ្រើសរើស​បេក្ខជន​ជាប់​បម្រុង​មក​ជំនួស​វិញ​។ ការជំនួស​នេះ គឺ​ស្ថិតនៅក្រោម​មូលហេតុ​បេក្ខជន​បោះបង់​អាហារូបករណ៍​របស់ខ្លួន ទើប​មិន​មក​តាម​ការកំណត់​។



​ទន្ទឹមនឹង​ការទទួលបាន​អាហារូបករណ៍​ពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា ក្រសួង​អប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឱ្យ​បេក្ខជន​ម្នាក់ មាន​សិទ្ធិ​ទទួលបាន​បាន​អាហារូបករណ៍​ចូលរៀន​តែមួយ​កន្លែង​ទេ​។ ក្នុងករណី​ដែល​ក្រសួង​អប់រំ រកឃើញ​បេក្ខជន​ណា​ម្នាក់​ទទួលបាន​អាហារូបករណ៍​២​កន្លែង នោះ​ក្រសួង​លុបឈ្មោះ​បេក្ខជន​នោះ ចេញពី​អាហារូបករណ៍​តែម្តង​។

​សូមជម្រាបថា ចំនួន​បេក្ខជន​ដែល​ប្រឡង​ជាប់​ស្ថាពរ​អាហារូបករណ៍​ខាងលើ​មាន ១០១​នាក់ ជាប់​អាហារូបករណ៍​នៃ​ជំនាញ​ខុសៗ​គ្នា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បេក្ខជន​៨៨​នាក់​ទៀត ជាប់​អាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក្នុងនោះ មាននៅ​សាខា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ខេត្ត​ត្បូងឃ្មុំ​ចំនួន​៨​នាក់​៕




Tag:
 សិស្ស​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com