អន្តរជាតិ
នាយករដ្ឋមន្ត្រីឥណ្ឌា៖ ស្ថានភាពនៅកាស្មៀរនឹងវិលមកធម្មតាវិញនៅ៤ខែទៀត នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី , រូបភាព Reuters
× នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី១៣ ខែតុលា បាននិយាយថា ឥណ្ឌាត្រូវការរយៈពេល ៤ខែទៀតសម្រាប់តំបន់ចាមូនិងកាស្មៀរ ដើម្បីវិលត្រលប់ទៅរកភាពធម្មតាវិញ។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាលឥណ្ឌាដូចនេះ គឺបន្ទាប់រដ្ឋាភិបាលទីក្រុងញូវដែលី បានដកឋានៈស្វ័យភាពពិសេសនៅក្នុងខែសីហា និងដាក់បម្រាមគោចរទៅលើដែនដីមួយនេះកាលពីខែសីហាកន្លងទៅ។
នៅក្នុងការជួបប្រជុំនៅរដ្ឋភាគខាងលិច Maharashtra នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌា បានឈានជំហានដ៏សំខាន់ក្នុងការរក្សាសន្តិសុខនៅក្នុងតំបន់ចាមូនិងកាស្មៀរ ដែលជាដែនដីជម្លោះត្រូវបានទាមទារដោយប៉ាគីស្ថាន។ ចាមូ និងកាស្មៀរជាទឹកដីរបស់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ម៉ូឌី បានលើកឡើងថា៖ «ខ្ញុំធានាថា វានឹងមិនប្រើរយៈពេលច្រើនជាង ៤ខែទេ ដើម្បីធ្វើឲ្យស្ថានភាពមកធម្មតា ដែលយើងខិតខំតស៊ូអស់រយៈពេល ៤០ឆ្នាំមកហើយ»។
បើទោះបីជាបញ្ហានៅតំបន់កាស្មៀរ មានភាពបន្ធូរបន្ថយបន្តិចក្តី ប៉ុន្តែសេវាទូរសព្ទ អ៊ីនធឺណិតនៅតែត្រូវបានគេកាត់ផ្តាច់ដដែល។ ទាក់ទិនទៅនឹងបញ្ហានេះ ទីក្រុងញូវដែលី បានឆ្លើយតបនៅថ្ងៃទី១២ ខែតុលា ថា បណ្តាញទូរសព្ទនៅតំបន់ខ្លះ នឹងត្រូវបានគេតភ្ជាប់ឡើងវិញនៅថ្ងៃទី១៤ ខែតុលានេះ។ ប៉ុន្តែបញ្ហានេះ នៅតែមិនច្បាស់នៅឡើយទេ ព្រោះកន្លងមករដ្ឋាភិបាលក៏ធ្លាប់បានសន្យាឲ្យស្វ័យភាពដល់ដែនដីនេះដែរ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការអនុវត្តអ្វីមួយនូវឡើយទេ។
ជាការពិតណាស់ ទីក្រុងញូវដែលី បានទទូចថា ការផ្លាស់ប្តូរនៅក្នុងខែសីហា គឺមានសារៈសំខាន់ណាស់ក្នុងការដាក់បញ្ជូលដែនដីកាស្មៀរជាមួយឥណ្ឌាតែម្តង ជាពិសេសគឺនាំយកការអភិវឌ្ឍទៅតំបន់មួយនេះ។ ប៉ុន្តែដូចដែលបានឃើញកន្លងមកហើយ ការដាក់ដែនដីកាស្មៀរ ឲ្យស្ថិតនៅក្រោមរដ្ឋាភិបាលឥណ្ឌាបែបនេះ គឺបង្កឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅក្នុងតំបន់។
សូមបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលនៅតំបន់ចាមូនិងកាស្មៀរ បានបោះពុម្ភផ្សាយនៅក្នុងកាសែតក្នុងស្រុក ដើម្បីជំរុញឲ្យប្រជាពលរដ្ឋវិលទៅរកជីវិតធម្មតាវិញ រួមទាំងការបើកដំណើរការជំនួញ និងបញ្ជូនកូនទៅសាលារៀនវិញផងដែរ។ ដោយក្នុងនោះ គេឃើញមានការសរសេរថា «បិទហាងទំនិញ គ្មានសេវាសាធារណៈ? នរណាទទួលបានប្រយោន៍នេះ?»។
គួររំលឹកថា កាលពីថ្ងទី០៥ ខែសីហា រដ្ឋាភិបាលឥណ្ឌាបានដកឋានៈស្វ័យភាពតំបន់កាស្មៀរ ហើយបានបន្ថែមទ័ពទៅតំបន់នេះ ជាពិសេសគឺការដាក់បម្រាមគោចរនៅក្នុងតំបន់នេះ មិនឲ្យមានការចេញចូលអ្វីទាំងអស់។ យ៉ាងណាមិញ នៅពេលបន្ទាប់ រដ្ឋាភិបាលឥណ្ឌា បានបន្ធូរការរឹតត្បិតខ្លះវិញ៕
Tag:
ឥណ្ឌា
នារិន្ទ្រា ម៉ូឌី
© រក្សាសិទ្ធិដោយ thmeythmey.com