ជាតិ
កម្ពុជា នាំចេញស្វាយស្រស់ជិត៤ម៉ឺនតោន, វៀតណាម ថៃ និង បារាំង ជាទីផ្សារធំជាងគេ ការរៀបចំផ្លែស្វាយដាក់ក្នុងកេះឬឡាំងដើម្បីនាំចេញទៅឱ្យភ្ញៀវ។ រូបថត៖ សមាគមស្វាយកំពង់ស្ពឺ។
× ភ្នំពេញ៖ ៩ខែ ឆ្នាំ២០១៩ កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ជិត៤ម៉ឺនតោន ទៅកាន់បរទេស ដោយក្នុងនោះ វៀតណាម ថៃ និង បារាំង ជាទីផ្សារធំជាងគេ។ នេះបើយោងតាមរបាយការណ៍ ដែលសារព័ត៌មាន ThmeyThmey ទទួលបានពីលោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និង ភូតគាមអនាម័យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៤ តុលា ឆ្នាំ២០១៩។
របាយការណ៍ បញ្ជាក់ថា វៀតណាមនាំចូលស្វាយពីកម្ពុជាជាង២,៥ម៉ឺនតោន ថៃ ជាង១,៤ម៉ឺនតោន បារាំង ជាង៦២តោន ហុងកុង ជិត២៨តោន រុស្ស៊ី ជិត២៨តោន សិង្ហបុរី ជាង១៦តោន អេស្បាញ ៦តោន និង អ៊ុយក្រែន ៤តោន។
សូមជម្រាបថា ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផល ជាង៣លានតោន រួមទាំងអង្ករ នាំចេញក្រៅផ្លូវការជាង១,៦លានតោន។ ផលិតផលកសិកម្មទាំងនោះ ក្រៅពីផ្លែស្វាយ និង អង្ករ នៅមានផ្លែចេក បន្លែ ម្រេច គ្រាប់ពោត និង គ្រាប់ស្វាយចន្ទី ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com